ក្ររកអង្ករច្រកឆ្នាំងស្ទើរពុំបានត្រូវចោរប្លន់យកលុយ១៥,០០០(មួយម៉ឺនប្រាំពាន់)រៀលនិងទូរស័ព្ទដៃមួយគ្រឿងរួចបាញ់ប្ដីបាក់ជើងទៀត

0
223

ដោយៈ អធិបតី
ព្រះសីហនុៈ ស្រ្តីក្រក្រីវ័យហាសិបឆ្នាំប្លាយរៀបរាប់ទាំងទឹកភ្នែកប្រាប់អង្គភាពយើងនៅរសៀលថ្ងៃទី១៦ ខែ កក្កដា នេះថា ពួកគាត់នាំគ្នាទៅធ្វើការឱ្យគេគ្រាន់បានដូរបាយហូបត្រូវចោរប្រដាប់អាវុធបិទមុខជិតប្លន់យក លុយអស់ចំនួន១៥,០០០រៀល និងទូរស័ព្ទដៃម៉ាកវីវ៉ូ (Vivo) មួយគ្រឿងបន្ទាប់មកក្រុមចោរអប្រិយនោះបាន បាញ់ប្ដីគាត់មួយគ្រាប់ចំចុងភ្លៅលើជង្គង់ខាងឆ្វេងបណ្ដាលឱ្យបាក់ជើងម្ខាងកំពុងសម្រាកព្យាបាលនៅក្នុង មន្ទីរពេទ្យមិត្តភាពកម្ពុជា រុស្ស៊ី រាជធានីភ្នំពេញ។

ហេតុការណ៍ប្លន់ដ៏កម្រដែលមិនគួរជឿខាងលើកើតឡើងកាលពីវេលាម៉ោងជិត១២យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងបរិវេណផ្ទះសំណាក់ និងបានីយដ្ឋាន «ដាយវើ» (Divers) ភូមិ៣ សង្កាត់លេខ៣ ក្រុង ព្រះសីហនុ ខែត្រព្រះសីហនុ។

ស្រ្តីទីទ័លក្ររូបនេះឈ្មោះ មាស សុខា អាយុ៥៣ឆ្នាំរស់នៅផ្ទះជួលក្នុង ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ រៀបរាប់ទៀតថា រូបគាត់ធ្វើការជាអ្នកបោសសម្អាតនៅផ្ទះសំណាក់ និងបានីយដ្ឋាន «ដាយវើ» ខាងលើ។ រីឯប្ដីគាត់ជាអ្នកយាមយប់ជួយមើលម៉ូតូឱ្យភ្ញៀវ។ នៅយប់កើតហេតុគាត់កំពុងតែរៀប ចំបិទកន្លែងក៍ស្រាប់តែចោរប្លន់នោះយកកាំភ្លើងចេញពីជិតធុងទឹកភ្ជុងគាត់ ហើយគាត់លើកដៃសំពះអង្វរថា «ខ្ញុំគ្មានលុយទេមានតែទូរស័ព្ទដៃមួយគ្រឿង»។ លោកចោរដាច់យ៉ៃតបថា «មិនជឿ» រួចក៍ដណ្ដើមយកកាបូប ស្ពាយគាត់ និងទូរស័ព្ទដោយក្នុងកាបូបនោះមានលុយ១៥,០០០រៀល អត្តសញ្ញាណបណ្ណ១ និងកាតចាក់វ៉ាក់ សាំងកូវីដ-១៩ មួយ។ បន្ទាប់ពីលោកចោរបានកាបូប និងទូរស័ព្ទរួចក៍បាញ់ប្ដីគាត់ដែលឈរជិតនោះមួយគ្រាប់ ហើយរត់គេចខ្លួនបាត់។ ភ្លាមៗនោះបុគ្គលិកម្នាក់ដែលជាអ្នកទទួលភ្ញៀវរបស់ផ្ទះសំណាក់បានចេញមកហៅ ឡានពេទ្យដឹកប្ដីគាត់យកទៅមន្ទីរពេទ្យ។ មួយសន្ទុះក្រោយមកសមត្ថកិច្ចប៉ូលិសក៍មកដល់ផងដែរ។

លោកស្រី មាស សុខា បានត្អូញត្អែរជាមួយសំឡេងយំខ្សឹបខ្សួលថា ធ្វើការនៅទីនេះទាំងពីរនាក់ប្ដីប្រពន្ធទទួល បានប្រាក់ខែប្រមាណជាង២០០ដុល្លារក្នុងមួយខែ។ គ្រាន់តែថ្លៃឈ្នួលផ្ទះ និងទឹកភ្លើងចំណាយអស់ជាង១០០ ដុល្លារទៅហើយ។ នៅពេលប្ដីមានបញ្ហារបួសពិការជើងអីចឹងត្រូវសម្រាកពេទ្យដូច្នេះគឺគ្មានអ្វីជាទីពឹងឡើយ…។

ពាក់ព័ន្ធនិងបញ្ហានេះលោកស្រីសូមថ្លែងអំណរគុណចំពោះបងប្អូនទាំងអស់ដែលបានជួយជ្រោមជ្រែង សូមអរ គុណដល់សមត្ថកិច្ចដែលបានខិតខំយកចិត្តទុកដាក់ស្វែងរកខ្មាន់កាំភ្លើង និងជាពិសេសគាត់សូមអរគុណដល់ ម្ចាស់ផ្ទះសំណាក់ដែលបានជួយថ្លៃឈ្នួលវះកាត់ជើងប្ដីគាត់ចំនួន៥០០ដុល្លារ។

ព័ត៌មានខាងលើចាត់ទុកជាការអំពាវនាវដល់សប្បុរសជនទាំងឡាយដែលមានចិត្តមេត្តាជួយដល់គ្រួសារទីទ័លក្រមួយនេះផង។ បើសិនជាលោក លោកស្រី មានបំណងជួយពួកគាត់សូមទាក់ទងតាមលេខទូរស័ព្ទ ០៨៧ ៨៧ ៣០ ៨៧/០៨៥ ៨៧ ៣៣ ៨៧ (អ្នកព័ត៌មាន) ០៩៦ ៤១៨ ៤៨៨១ (ស្រ្តីក្រក្រី) ឬតាមកុងធនាគារ ABA : 000 14 92 17 (Samuth Tel) ACLEDA : 085 87 33 87 (Tel Samuth)៕