ក្មួយប្រុសសម្តេចតេជោប្តឹងលោក ថន វីរៈ ទីប្រឹក្សាសម្តេចក្រឡាហោម

0
468

​ដោយៈ បាយ៉ង់ថែមស៍
ព្រះសីហនុៈ លោក មាស វាសនា កូនប្រុសបង្កើតរបស់លោកស្រី ហ៊ុន  សេងនីនិងត្រូវជាក្មួយប្រុសសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ពាក្យប្តឹងលោក ថន វីរៈ និងប្រពន្ធក្រោយ ទៅព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ ពីបទ «ហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ពាក់ព័ន្ធការសាងសង់ផ្ទះ និងធ្វើរបងថ្មលើដីកម្មសិទ្ធិស្របច្បាប់របស់ដើមបណ្តឹង។

នៅក្នុងពាក្យបណ្តឹងនោះបានសំណូមពរឱ្យតុលាការឃាត់ខ្លួន ចោទប្រកាន់ ឃុំខ្លួន និងផ្តន្ទាទោសលោក ថន វីរៈ និងប្រពន្ធក្រោយឱ្យបានធ្ងន់ធ្ងរព្រមទាំងទាមទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារអាម៉េរិកទៀតផង។ នេះបើយោងតាមពាក្យបណ្តឹងកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅដែលសារព័ត៌មានទទួលបាន នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

លោក មាស វាសនា ជាដើមបណ្ដឹងបានរៀបរាប់ថា លោកបានទិញដីពីលោក គង់ វ៉ាន់ណូ។ ដីនេះមានទីតាំង ស្ថិតនៅលើដងផ្លូវកៅស៊ូឆ្ពោះទៅឆ្នេរមាសឆ្នេរប្រាក់ស្ថិតក្នុង ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែល មានទទឹងទំហំ៥០ម៉ែត្រ និងបណ្តោយ១.០០០ម៉ែត្រ ហើយមានផ្ទៃដីសរុបទំហំ៥ម៉ឺនម៉ែត្រការ៉េ។

ដើមបណ្តឹងបន្តទៀតថា ដីនេះមានលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ចុះ ហត្ថលេខាដោយអភិបាល ស្រុកព្រៃនប់ លោក ណុប ភាន និងមានប្លង់បង្ហាញទីតាំងដីរបស់លោក គង់ វ៉ាន់ណូ ដោយមានអ្នកគូសវាស់វែងត្រឹមត្រូវ និងមានការចុះហត្ថលេខាទទួលស្គាល់ពី មេភូមិ មេឃុំ និងអភិបាល ស្រុក ព្រៃនប់ ទៀតផង។

លោក មាស វាសនា បានបន្តទៀតថា ដីនេះគឺលោក គង់ វ៉ាន់ណូ បានទិញពីលោក ថន វីរៈ និងឈ្មោះ ថន ចាន់ថុន ដោយមានកិច្ចសន្យាលក់ផ្តាច់ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១២ មានលោកមេ ភូមិថ្មធំ ឈ្មោះ ពិន ភាង និងលោកមេឃុំឈ្មោះ អ៊ីវ ហ៊ី ចុះហត្ថលេខាទទួលស្គាល់ និងបានផ្ទេរសិទ្ធិកាន់កាប់នេះមកឱ្យលោក គង់ វ៉ាន់ណូ តាមរយៈលិខិតផ្ទេរសិទ្ធិប្រើប្រាស់ដីធ្លីកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ដោយមានមេ ឃុំរាម លោក អ៊ីវ ហ៊ី និងអភិបាល ស្រុកព្រៃនប់ ឈ្មោះ ណុប ភាន ចុះហត្ថលេខាទទួលស្គាល់។

នៅក្នុងអំឡុង ខែមិថុនា ឆ្នាំ២០១៩ លោក មាស វាសនា និងលោក គង់ វ៉ាន់ណូ បានទៅមើលដីផ្ទាល់ស្រាប់តែ ឃើញមានផ្ទះនិងរបងថ្មសាងសង់លើដីរបស់លោក មាស វាសនា ដែលបានទិញពីលោក គង់ វ៉ាន់ណូ។ បើ តាមការសាកសួរគឺលោក ថន វីរៈ និងឈ្មោះ ឈុន ម៉ីល៉ីង ជាប្រពន្ធក្រោយរបស់លោក ថន វីរៈ គឺជាម្ចាស់ផ្ទះ និងសំណង់ទាំងនោះ។

លោក ថន វីរៈ និងប្រពន្ធក្រោយបានលួចសាងសង់ផ្ទះ និងសំណង់ផ្សេងៗនៅលើដីកម្មសិទ្ធិស្របច្បាប់របស់ លោក មាស វាសនា ហើយសំណង់ទាំងនោះគឺជាសំណង់ខុសច្បាប់។ ចំពោះអំពើរបស់លោក ថន វីរៈ និង ប្រពន្ធក្រោយព្រមទាំងបក្ខពួកធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់លោក មាស វាសនា ជាម្ចាស់កម្មសិទ្ធិ ដីស្របច្បាប់ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គមសាធារណៈ ហើយជាបទល្មើសដែលមានចែងក្នុង មាត្រា ២៥៣ នៃច្បាប់ភូមិបាល។

កន្លងមកលោក ថន វីរៈ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ធ្លាប់បានបដិសេធថា «គាត់ពុំធ្លាប់មានប្រវត្តិ ទទួលការផ្តន្ទាទោស ឬជាប់ពន្ធនាគារពិសេសពាក់ព័ន្ធនឹងបទឃាតកម្ម ឬការឈូសឆាយដី ឧទ្យានជាតិរាម ហើយក៍ពុំធ្លាប់ឆបោកប្រជាពលរដ្ឋណាម្នាក់ដែរ»។ នេះបើយោងតាមលិខិតបដិសេធរបស់លោក សៅ សម្បត្តិ មេធាវីតំណាងដោយអាណត្តិឱ្យលោក ថន វីរៈ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។

ជាមួយគ្នានេះដែរ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ នាយកខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង ធ្លាប់បានថ្លែងថា «ការចុះផ្សាយនោះបាននិយាយរិះគន់ប៉ះពាល់ដល់កិត្តិយសរបស់ឯកឧត្តម ថន វីរៈ។ ខុទ្ទកាល័យសម្តេចក្រឡាហោម បានទទួលការណែនាំឱ្យធ្វើការស្រាវជ្រាវបញ្ហានេះដើម្បីស្វែងរកការពិត និងយុត្តិធម៌ជូនភាគីទាំងសងខាង»។

យោងតាមឯកសារជាច្រើនបង្ហាញថា លោក ថន វីរៈ ធ្លាប់ជាប់ពន្ធនាគារ និងកំពុងរងនូវបណ្តឹង ព្រហ្មទណ្ឌ មួយចំនួនទៀតនៅតុលាការ ខេត្តព្រះសីហនុ ផងដែរ៕