ការចាប់យកបរិវត្តកម្មឌីជីថលៈ បច្ចេកវិទ្យាឈានមុខថ្មីៗនវានុវត្តន៍និងបច្ចេកវិទ្យាក្លោដសម្រាប់ថ្នាក់ដឹកនាំ

0
157

សៀមរាបៈ ឯកឧត្តម នាង ម៉ៅ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាសមាជិក គណៈកម្មាធិការរដ្ឋាភិបាល ឌីជីថល (គ.រ.ឌ.) ត្រូវបានចាត់តាំងឱ្យទៅចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “ការចាប់យកបរិវត្តកម្មឌីជីថលៈ បច្ចេកវិទ្យាឈានមុខថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាក្លោដសម្រាប់ថ្នាក់ដឹកនាំ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (Embracing Digital Transformation: Navigating Emerging Technologies, Innovation, and Cloud Services for Government Leaders)” ដែលបានរៀបចំឡើងនៅ សណ្ឋាគារបុរីអង្គររីសត និងស្ប៉ា ខែត្រសៀមរាប ចាប់ពីថ្ងៃទី៩-១៣ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត
រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធាន គ.រ.ឌ. ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាអនុប្រធាននិងសមាជិក គ.រ.ឌ. ចំនួន៤០រូប។

នៅក្នុងវិធីបើក និងបិទនោះ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងអំពីភាពចាំបាច់ដែលថ្នាក់ដឹកនាំ និងសមាជិក គ.រ.ឌ ទាំងអស់ត្រូវមានការយល់ដឹងច្បាស់លាស់អំពី បរិវត្តកម្មឌីជីថល បច្ចេកវិទ្យាឈានមុខថ្មីៗ និងនវានុវត្តន៍ ដើម្បីចូលរួមដឹកនាំ និងជំរុញការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលកម្ពុជា ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបានបញ្ជាក់អំពីការយកចិត្តទុកដាក់លើ អភិបាលកិច្ចទិន្នន័យ ការកសាងពលរដ្ឋឌីជីថល ការធានាសន្តិសុខសាយប័រការរៀបចំលិខិតបទដ្ឋានគតិយុត្តចាំបាច់នានា និងការគាំទ្រហិរញ្ញវត្ថុសម្រាប់ការងារទាំងនេះ។

រដ្ឋមន្ត្រី បានជំរុញឱ្យសិក្ខាកាម ដែលជាថ្នាក់ដឹកនាំ និងសមាជិក គ.រ.ឌ ទាំងអស់សិក្សាជាមួយ អគ្គលេខាធិការដ្ឋាន គ.រ.ឌដើម្បីលើកគម្រោងអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានឌីជីថល មួយចំនួនសម្រាប់ក្រសួង ស្ថាប័នរបស់ខ្លួន ហើយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាអ្នកគិតគូរផ្តល់ថវិកាសម្រាប់ការអភិវឌ្ឍនេះ។

យោងតាមកិច្ចពិភាក្សា និងសំណើរបស់ ក្រសួង ស្ថាប័ន នៅក្នុងវគ្គបណ្តុះបណ្តាលនេះ គឺមានគម្រោងចំនួន១១ (ដប់មួយ) ដែលត្រូវបានអនុម័តឱ្យសិក្សាលម្អិតបន្តទៀត ក្នុងនោះក៍មានគម្រោងរបស់ ក្រសួងទេសចរណ៍ មួយផងដែរ។ ពាក់ព័ន្ធនឹងការអភិវឌ្ឍថ្នាលទេសចរណ៍ឆ្លាត (ថវិកាប៉ាន់ស្មានប្រមាណ ៧៨០ ០០០ ដុល្លារអាម៉េរិក) សម្រាប់ជាមូលដ្ឋានក្នុងការអភិវឌ្ឍន៍កម្មវិធីទេសចរណ៍ឌីជីថល នានាក្នុងពេលអនាគត។

នៅក្នុងវគ្គសិក្សា លោកសាស្ត្រចារ្យ មកពី ប្រទេសស៊្វីស (Prof. Guido Gianasso) និង បារាំង (Prof. Dr. Shirish C. Srivastava) ព្រមទាំងវាគ្មិនអន្តរជាតិនានា បានចែករំលែកចំណេះដឹងបទពិសោធ និងជំនាញពាក់ព័ន្ធនឹង នវានុវត្តន៍ ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងលើការផ្លាស់ប្តូរ បរិវត្តកម្មឌីជីថល និងបច្ចេកវិទ្យាឈានមុខថ្មីៗ (បញ្ញាសិប្បនិម្មិត ក្លោដ ទិន្នន័យ និងវិធីសាស្ត្រវិភាគទិន្នន័យ) ហើយសិក្ខាកាមត្រូវបានអនុញ្ញាតឱ្យធ្វើការសិក្សា និងបទបង្ហាញលើករណីឌីជីថលជាច្រើន។

ឯកឧត្តម David L. Almirol Jr អនុរដ្ឋមន្ត្រីរដ្ឋាភិបាលឌីជីថល នៃប្រទេសហ្វីលីពីន បានធ្វើបទបង្ហាញ និងពន្យល់អំពីការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល នៅហ្វីលីពីន ដែលថ្មីៗនេះ ប្រទេសហ្វីលីពីន បានអភិវឌ្ឍយ៉ាងលឿន និងមានប្រសិទ្ធភាព។

ចំណែកអ្នកជំនាញមកពី ក្រុមហ៊ុន Huawei ក្រុមហ៊ុន Alibaba ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន AWS បានពិភាក្សា និងចែករំលែកបទពិសោធរបស់ខ្លួនជូនសិក្ខាកាមផងដែរ៕