ព្រះវិហារៈ កិច្ចសន្យាដែលជាផ្នែកសិកម្មជួយកសិករដាំស្រូវសរីរាង្គក្នុង ខេត្តព្រះវិហារ ធ្វើឱ្យកសិករសប្បាយរីករាយនឹងតម្លៃស្រូវគួរជាទីគាប់ចិត្ត។ សហគមន៍កសិករ ផលិតស្រូវសរីរាង្គ នៅក្នុងខេត្តនេះ បានសម្ដែងការត្រេកអរ ដែលបានសហការជាមួយក្រុមហ៊ុននាំចេញអង្ករចេញទៅលក់បរទេស។ ព្រោះ
តែឆ្នាំនេះការប្រមូលផលស្រូវទទួលបានទិន្នផលល្អប្រសើរ ចំណែកឯតម្លៃវិញក៍ទទួលបានជាទីគាប់ចិត្ត។
លោក សំបូរ ប្រធានសហគមន៍កសិកម្មរក្សាស្ទឹងសែនមានជ័យ ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ បាននិយាយថា ឆ្នាំ២០១៩ នេះសហគមន៍មានកសិករចំនួន២២៧នាក់មានផ្ទៃដី៧៧៤ហិកតា។ ពួកគាត់បានចុះកិច្ចសន្យាផលិតស្រូវសរីរាង្គលក់ឱ្យក្រុមហ៊ុន Amru Rice លើបរិមាណស្រូវចំនួន១.៣១៥តោនក្នុង ឆ្នាំ២០១៩។ គិតមកត្រឹមដើមសប្ដាហ៍ទី៤នៃ ខែវិច្ឆិកា ឆ្នាំ២០១៩ សហគមន៍លក់ស្រូវសិរីរាង្គជូនក្រុមហ៊ុនបាន ជិត៥០ភាគរយហើយ។
ប្រធានសហគមន៍បានសង្គត់ធ្ងន់ថា «កន្លងមកសហគមន៍យើងខ្ញុំបានបញ្ចេញស្រូវសើមបាន៣០០តោន ហើយថ្មីៗនេះបានបញ្ចេញស្រូវស្ងួតបាន៤០០តោនក្នុងតម្លៃទិន្នផលគម្រោង Amru Rice ដាក់តម្លៃឱ្យនេះ បានធ្វើឱ្យទាំងខ្ញុំនិងកសិករ អាចទទួលយកបាន»។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម ខេត្តព្រះវិហារ បានឱ្យដឹងថា ឆ្នាំ២០១៩ នេះទូទាំង ខេត្តព្រះវិហារ មានសហគមន៍កសិកម្មចំនួន៣៤បានចុះកិច្ចសន្យាស្រូវសិរីរាង្គជូនក្រុមហ៊ុនចំនួន៣គឺមាន ក្រុមហ៊ុនស៊ីកនេតឈ័រអហ្វអេស៊ា, ក្រុមហ៊ុន Amru Rice និងក្រុមហ៊ុន Golden Rice ដែលប្រជាសហគមន៍ទាំង៣៤មានប្រមាណ ៥៣១៤គ្រួសារដែលបានចុះកិច្ចសន្យាលក់ស្រូវជូនក្រុមហ៊ុនទាំងបីនេះ។ ពួកគាត់លក់កម្រិតបរិមាណស្រូវប្រមាណ២ម៉ឺនតោន ហើយរហូតមកដល់ពេលនេះសហគមន៍បានលក់ស្រូវជូនក្រុមហ៊ុនប្រមាណ៦០ភាគរយហើយ»។
ប្រធានមន្ទីរបានបញ្ជាក់ទៀតថា «បើធៀបតម្លៃជាមួយឈ្មួញកណ្ដាលឃើញថា ការលក់ស្រូវឲ្យក្រុមហ៊ុនទាំង៣នេះ លើសតម្លៃចន្លោះពី២០០ទៅ២៥០រៀលក្នុងមួយគីឡូក្រាម ដោយក្រុមហ៊ុនឱ្យតម្លៃថ្លៃជាងសម្រាប់ស្រូវសរីរាង្គដែលបានចុះកិច្ចសន្យា»។
លោកបន្ថែមថា ប្រជាពលរដ្ឋរីករាយជាខ្លាំងដោយលក់ស្រូវជូន ក្រុមហ៊ុនសម្រាប់ស្រូវសើមលេខ១តម្លៃ ១.៣១០រៀលក្នុងមួយគីឡូក្រាម,ស្រូវសើមលេខ២តម្លៃ១.២៦០រៀលក្នុងមួយគីឡូក្រាម,ស្រូវស្រពាប់ លេខ១តម្លៃ ១.៤៤០រៀលក្នុងមួយគីឡូក្រាម,ស្រូវស្រពាប់លេខ២តម្លៃ១.៤១០រៀលក្នុងមួយគីឡូក្រាម, ស្រូវស្ងួតលេខ១តម្លៃ១.៥៩០រៀលក្នុងមួយគីឡូក្រាម និងស្រូវស្ងួតលេខ២តម្លៃ១.៤៩០រៀលក្នុងមួយគីឡូ ក្រាម៕