កម្លាំងគយចល័តប្រចាំតំបន់៦ភូមិភាគឦសានចាប់រថយន្តអត់ពន្ធបានចំនួនបីគ្រឿង

0
148

ដោយៈ បាយ៉ង់ថែមស៍
មណ្ឌលគិរីៈ ក្រោមការចង្អុលបង្ហាញពីលោក កើត សុទ្ធារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា និងជាប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស ហើយលោក ព្រាប គារ៉ាត ប្រធានតំបន់៦នៃ ភូមិភាគឦសាន បានដឹកនាំមមន្រ្តីក្រោមឱវាទសហការជាមួយ មន្ត្រីកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី ក្រោម ការសម្របសម្រួលពី ព្រះរាជអាជ្ញាខេត្ត ធ្វើការឡោមព័ទ្ធចាប់រថយន្តអត់ពន្ធម៉ាកតូយ៉ូតា TUNDRA ចំនួនពីរ គ្រឿង និងរថយន្តឡិចស៊ីសទំនើបមួយគ្រឿងទៀត ស្ថិតនៅ ភូមិភូជ្រៃ ឃុំភូជ្រៃ ស្រុកពេជ្រាដា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

មុនឈានទៅដល់ការទ្បោមព័ទ្ធចាប់រថយន្តនេះដោយសារតែម្ចាស់រថយន្តទាំងពីរគ្រឿងជាមុខសញ្ញាដឹកឈើនាំចេញយ៉ាងសកម្មជារៀងរាល់យប់តាមផ្លូវវាងក្រុងសំដៅទៅមាត់ច្រកព្រំដែនអូររាំង ដាក់ដាំ។ នៅពេលធ្វើសកម្ម ភាពល្មើសម្ដងៗរថយន្តទាំងពីរបើកបរក្នុងល្បឿនលឿន ហើយម្ចាស់បន្លំពាក់ស្លាកលេខក្លែងក្លាយ (ឡានពីរ លេខតែមួយ)។

ពេលរថយន្តដឹកឈើចេញម្តងៗម្ចាស់បានចាត់តាំងមនុស្សមួយក្រុមតាមដានមើលផ្លូវសមត្ថកិច្ចតាំងពីក្នុងខេត្តរហូតដល់ព្រំដែនដែលជាហេតុធ្វើឲ្យសមត្ថកិច្ចមានការលំបាកក្នុងការបង្ក្រាបល្មើសនេះ។ ក្នុងថ្ងៃដដែលនេះមន្ត្រី គយបានចាប់រថយន្តអត់ពន្ធមួយគ្រឿងផ្សេងទៀត ម៉ាកឡិចស៊ីស GS 300 នៅមុខហាង អាលីហ្សា ក្បែរស្ថានី យ៍ប្រេងឥន្ធនៈប៉ាប៉ា ខេត្តមណ្ឌលគិរី។

មន្រ្តីគយបានបង្ហើបឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នេះថា ម្ចាស់រថយន្តដែលក្លែងបន្លំស្លាក លេខខាង លើនេះ អគ្គនាយកដ្ឋានគយ នឹងប្តឹងទៅតុលាការចាត់ការតាមច្បាប់។ រីឯរថយន្តអត់ពន្ធដែលនៅបន្តប្រើប្រាស់ គឺមន្ត្រីគយនឹងនៅតែបង្ក្រាបជាបន្តទៅទៀត។

ប្រភពបន្តទៀតថានៅពេលកម្លាំងចម្រុះចុះចាប់រថយន្តខាងលើក៍មានអ្នកដែលស្គាល់ចេញមកអន្តរាគមន៍ផងដែរ។ដូច្នេះសមត្ថកិច្ចបានសុំម្ចាស់យានយន្តនានាត្រូវគោរពច្បាប់ជាធំ គឺប្រទេសមានច្បាប់។ រថយន្តធនត្រាទាំង ពីរគ្រឿងនេះបានក្លែងបន្លំខ្លួនលួចដឹកឈើជាយូរមកហើយដែលមន្ត្រីមានបុណ្យសក្ដិក្នុងខេត្តមួយចំនួននៅពីក្រោយខ្នងតែពេលនេះកម្លាំងចម្រុះយើងចាប់បានហើយ…។

គួរបញ្ជាក់ថា រថយន្តល្មើសទាំងនេះត្រូវកម្លាំងចម្រុះយកមករក្សាទុកជាបណ្តោះអាសន្ននៅទីតាំង គយចល័ត ពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយតាមនីតិវិធី។ ទោះជាយ៉ាងណាប្រជាពលរដ្ឋ និង ក្រុមអាជីវកររកស៊ីត្រឹមត្រូវ នាំគ្នាគាំទ្រ និងអបអរសាទរ នៅចំណាត់ការមួយនេះ៕