ឧកញ៉ាតែម្នាក់មានសិទ្ធិកាន់កាប់ដីរដ្ឋ៨៦ហិកតា តែប្រជាពលរដ្ឋម្នាក់ៗកាន់កាប់ដី១ហិកតាមិនបាន តើយុត្តិធម៌ទេ ?

0
86

ដោយ បាយ៉ង់ថាមស៍

 

ខែត្រព្រះសីហនុ៖ លោកស្រី អ៊ុក ចិន្ដា មេធាវីស្ម័គចិត្តការពារក្តីឲ្យប្រជាពលរដ្ឋរងគ្រោះដីធ្លី ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខែត្រព្រះសីហនុ បានមានប្រសាសន៍លើកឡើងចាក់ចំក្រអៅបេះដូងប្រជាពលរដ្ឋថា «ឧកញ៉ាម្នាក់ គាត់មានសិទ្ធិកាន់កាប់ដីរដ្ឋរហូតដល់៨៦ហិកតានៅមិនទាន់គ្រប់គ្រាន់ទៀត ហើយចុះប្រជាពលរដ្ឋម្នាក់ៗមិនអាចមានសិទ្ធិកាន់កាប់ដីរដ្ឋមួយហិកតាបានផងទេឬ?» ។

លោកស្រីបានលើកឡើងដូច្នេះនៅមុខសាលាឃុំរាម នាព្រឹកថ្ងៃទី១៤ កញ្ញា ២០២២ ខណៈប្រជាពលរដ្ឋ១៥គ្រួសាររស់ភូមិឃុំស្រុកខាងលើ បានមកផ្ដុំគ្នានៅសាលាឃុំ ប្តឹងជំទាស់ការគេលួចចេញប្លង់កម្មសិទ្ធិឱ្យទៅក្រុមហ៊ុន របស់ឧកញ៉ា ហាន់ ឃៀង គ្របលើដីប្រជាពលរដ្ឋ ដែលបានកំពុងតែរស់នៅតាំងពីឆ្នាំ២០០៧មកសព្វថ្ងៃ ។

ដីភូមិចាស់ មានដើមខ្នុរធំៗ ដើមស្វាយទំហំជាងពីរឱបមនុស្សចាស់ទៅហើយ និង មានប្រជាពលរដ្ឋចំនួន១៥គ្រួសារបានរស់នៅអាស្រ័យផលតាំងពីឆ្នាំ២០០៧ លើទំហំផ្ទៃដី២៧ហិកតា ដោយសុខក្សេមក្សាន្ត ។ ក្រោយមកត្រូវបានក្រុមហ៊ុន ម៉ូហ៊ីបា អ៊ិនយិននៀរិង ខែមបូឌា ខូអិលធីឌី (Mohibah Engineering Cambodia Co,Ltd) របស់លោកឧកញ៉ា ហាន់ ឃៀង យកគ្រឿងចក្រមកវាយផ្ដួលរំលំ ឈួសឆាយកាយត្រឡប់កប់ចោលបំបិទតឹកតាង ។ បន្ទាប់មកទីតាំងនោះក៏ក្លាយជាទំនាស់រហូតមកដល់ឆ្នាំ២០១៨ ភាគីខាងក្រុមហ៊ុនរបស់ឧកញ៉ា ហាន់ ឃៀង ទទួលបានប្លង់កម្មសិទ្ធិស្ងាត់ៗគ្របលើដីប្រជាពលរដ្ឋកំពុងរស់នៅអាស្រ័យផល ដែលប្លង់កម្មសិទ្ធិនេះចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និង សំណង់ ខែត្រព្រសីហនុ ជាហេតុធ្វើអោយប្រជាពលរដ្ឋទាំង១៥គ្រួសារ កើតទុក្ខមិនសុខចិត្ត ផ្ដុំជួបជុំគ្នាតវ៉ាសុំកិច្ចអន្តរាគមន៍ពីលោកមេឃុំរាម ឱ្យជួយដល់ពួកគាត់ ។ ទាំងនេះជាការរៀបរាប់របស់ប្រជាពលរដ្ឋ និង មេធាវីការពារក្ដីឱ្យប្រជាពលរដ្ឋ ។

លោកស្រីមេធាវីការពារក្ដីអោយប្រជាពលរដ្ឋ និង លោក ប្រាជ្ញា ហង្ស​ ប្រជាពលរដ្ឋរងគ្រោះដីធ្លី មានប្រសាសន៍ដូចគ្នាថា ប្រជាពលរដ្ឋបានប្ដឹងជំទាស់នូវការចេញប្លង់តាំងពីយូរមក មុនពេលប្លង់ចេញ ចុះហេតុអ្វីប្លង់នេះនៅតែលួចចេញអោយក្រុមហ៊ុន ទាំងទីតាំងដីកំពុងស្ថិតក្នុងវិវាទយ៉ាងដូច្នេះ ?

 

ប្រជាពលរដ្ឋបានប្ដឹងទាស់ជាមួយក្រុមហ៊ុនរួចហើយមុននឹងចេញប្លង់កម្មសិទ្ធិឲ្យទៅឧកញ៉ានៅលើទីតាំងនេះ។ ប៉ុន្តែប្លង់នៅតែចេញទៀត មិនដឹងថាប្លង់ហ្នឹងចេញដោយបែបដូចម្ដេចទេ យើងអត់បានដឹងទាល់តែសោះ  លោកស្រីមេធាវីបន្ថែម ។

 

លោកស្រីមេធាវី សង្កត់ធ្ងន់ថា យោងតាមច្បាប់ភូមិបាល បើដីនេះស្ថិតក្នុងវិវាទ ប្លង់មិនអាចចេញបាននោះទេ។ តែផ្ទុយទៅវិញប្លង់នេះត្រូវបានចេញទាំងបំពានលើដីវិវាទទៅវិញ។

 

ចំណែកប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនោះក៏បានរៀបរាប់ដូចលោក ប្រាជ្ញ ហង្ស ផងដែរថាពួកគាត់បានរស់នៅអាស្រ័យផលជាក់ស្ដែងនៅលើទីតាំងដីភូមិចាស់នោះតាំងពីឆ្នាំ ២០០៧មកម៉្លេះ ពុំដែលមានបញ្ហាអ្វីនោះឡើយ។ ទើបតែឆ្នាំបន្តបន្ទាប់លេចមុខក្រុមហ៊ុន ម៉ូបា របស់លោកឧកញ៉ា ហាន់ ឃៀង បានមកវាស់វែងនិងធ្វើប្លង់ជាន់លើកដីពួកគាត់ ដែលពួកគាត់បានអាស្រ័យផលមុនក្រុមហ៊ុនមកកាន់កាប់នៅទីនេះទៅទៀត។ និងអ្វីដែលចម្លែកត្រង់ថាប្រជាពលរដ្ឋ១៥គ្រួសារ បានដាក់ពាក្យប្ដឹងទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់ជំទាស់ជាមួយក្រុមហ៊ុន ម៉ូបា ដែលមកដណ្ដើមយកដីពួកគាត់ស្រស់ៗ ដែលជាដីភូមិចាស់មានដំណាំឈើហូបផ្លែដូចជាខ្នុរ ស្វាយ មានអាយុកាលមិនក្រោម៤០ឆ្នាំនោះទេ ។ ហើយជាងនេះទៀត មន្ត្រីជំនាញសុរិយោដីខេត្តបានចេញបណ្ណកម្មសិទ្ធស្របច្បាប់ឲ្យក្រុមហ៊ុនយ៉ាងរលូនមិនខ្វល់ពីពាក្យបណ្ដឹងជំទាស់របស់ប្រជាពលរដ្ឋនោះឡើយ ។

 

ទាក់ទិននឹងទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនរបស់ឧកញ៉ា ហាន់ ឃៀងខាងលើនេះ អាជ្ញាធរមូលដ្ឋាន និង មន្រ្តីជំនាញទម្លាក់ភាពទទួលខុសត្រូវ មានប្រសាសន៍យករួចខ្លួនដូចៗគ្នា ។

 

លោក ចាន់ រ៉ា មេឃុំរាម បានអោយអ្នកសារព័ត៌មានដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ថា រឿងនេះលោកមិនអាចដោះស្រាយសម្របសម្រួលអ្វីបាននោះទេ ។ព្រោះបញ្ហាទំនាស់ដីធ្លីពាក់ព័ន្ធនឹងពលរដ្ឋជាមួយក្រុមហ៊ុន ម៉ូបា បច្ចុប្បន្នកំពុងស្ថិតក្នុងប្រព័ន្ធតុលាការ ។ ដូច្នេះបើចង់ដឹងសាច់រឿងច្បាស់លាស់អ្នកសារព័ត៌មាន សូមទំនាក់ទំនងទៅខាងមេធាវីរបស់ប្រជាពលរដ្ឋទៅ។

 

ចំណែកលោក ហួត បូរ៉ា មន្ត្រីសុរិយោដីស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានឲ្យអ្នកសារព័ត៌មានដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ផងដែរ ថាលោកអត់បានដឹងរឿងនេះទេ ទើបតែគេចុះអនុវត្តសាលដីការសាលាដំបូងខេត្តព្រះសីហនុ ទើបលោកដឹងរឿងនេះ ។

 

លោក ហួត បូរ៉ា បន្ថែមថា កាលនោះលោកចុះធ្វើប្លង់លក្ខណៈប្រព័ន្ធនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដូច្នេះលោកអត់បានដឹងរឿងនេះនោះទេ។ លោកបញ្ជាក់បន្ថែមទៀតថាជំនាន់នោះ គឺលោក យី សៅរ៉េត ជាអ្នកគ្រប់គ្រង លោកពុំទាន់ចូលមកកន្លែងនេះនៅឡើយ ទេ ។

 

រីឯភាគីខាងក្រុមហ៊ុន លោកឧកញ៉ា ហាន់ ឃៀង យើងពុំទាន់អាចស្វែងរកការទំនាក់ទំនងសុំការអធិប្បាយអះអាងបញ្ជាក់បានទេ ថាតើដីទំហំ៨៦ហិកតាខាងលើ ក្រុមហ៊ុនបានមកដោយរបៀបណា ។

 

គួររំលឹកថា ឧកញ៉ា ហាន់ ឃៀង មិនមែនមានដីត្រឹមតែ៨៦ហិកតាប៉ុណ្ណឹងទេនៅខែត្រព្រះសីហនុ នៅមានលើសនេះរាប់ដងទៀត ។ រីឯ ឧកញ៉ាខាងដីធ្លីមួយចំនួនទៀត និងមន្រ្តីមានអំណាចខ្លះ អាហារបីពេលមានហូបគ្រប់គ្រាន់ លុយមាន ឡានមាន ដីធ្លីលំនៅដ្ឋានមាន ប៉ុន្តែនៅតែប្រើល្បិចកលកខ្វក់ ទន្ទ្រានកាន់កាប់ដីរដ្ឋបានរាប់សិបហិកតា ចំំណែកឯ ប្រជាពលរដ្ឋទន់ខ្សោយធម្មតាខ្លះ ចាប់យកដីរដ្ឋ ដើម្បីធ្វើជាលំនៅដ្ឋាន ទំហំត្រឹមតែ៥ម៉ែត្រគុណនឹង២០ម៉ែត្រ ឬ១០ម៉ែត្រគុណនឹង២០ម៉ែត្រ ត្រូវគេធ្វើទុក្ខបុកម្និញបំភ្លៃកាឡៃចាប់ដាក់គុកច្រវ៉ាក់ តើភាពយុត្តិធម៌មានដែរឬទេ ? ៕