អាជ្ញាធរមូលដ្ឋានលើកឡើងថាប្រជាពលរដ្ឋបានរស់នៅលើដីគេមានបណ្ណកាន់កាប់ តែប្រជាពលរដ្ឋអះអាងជាមួយនឹងឯកសារបោះត្រាក្រហមប៉ុនៗចានគោមថាដីនោះជាដែនដីសហគមន៍នេសាទទេទើបពួកគាត់ទៅរស់នៅ

0
79

ដោយ បាយ៉ង់ថាមស៍

ខែត្រព្រះសីហនុ៖ ប្រជាពលរដ្ឋដែលភាគច្រើនជាអ្នកនេសាទរស់នៅលើដែនដីសហគមន៍នេសាទ «ទំនប់រលក» ចំណុចព្រែកពីរ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានការភ័យជ្រួលច្របល់យ៉ាងខ្លាំង ខណៈពេលដែលស្ត្រីពីរនាក់ក្នុងចំណោមពួកគាត់ជាង១០០គ្រួសារត្រូវគេចាប់ខ្លួនដោយមិនដឹងពីមូលហេតុ គ្មានដីការ គ្មានការជូនដំណឹងអ្វីទាំងអស់ កាលពីរសៀលថ្ងៃអាទិត្យទី២១ ខែសីហា ឆ្នាំ២០២២ ។

ពួកគាត់បានលើកឡើងដូច្នេះកាលពីព្រឹកថ្ងៃទី២៤ សីហា ២០២២ ព្រមទាំងសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ដល់ពួកគាត់ ព្រោះការចាប់ខ្លួនខាងលើទាក់ទងរឿងទំនាស់ដីធ្លី ដែលពួកគាត់អះអាងថា ពួកគាត់រស់នៅលើដែនដីសហគមន៍នេសាទ ប៉ុន្តែអាជ្ញាធរមូលដ្ឋានថាពួកគាត់រស់នៅលើដីគេមានប័ណ្ណទៅវិញ ។ តើការពិតដីដែលប្រជាពលរដ្ឋរស់នៅនោះ ជាដីរដ្ឋ ឬ ដីកម្មសិទ្ធិឯកជន ? តើកិរិយានៃការកាន់កាប់ដីរបស់ក្រុមហ៊ុនឯកជនរាប់ហិកតានោះ បានធ្វើអ្វីខ្លះ ? បានបង់ពន្ធជូនរដ្ឋទេ ?

ដោយដឹងថាដែលពួកគាត់រស់នៅអាស្រ័យផលខាងលើ ជាភូមិសាស្រ្តដែនដីសហគមន៍នេសាទ ទំនប់រលក មានទំហំជាង២០ហិកតា ទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន ចាប់ពីភូមិ សង្កាត់ ខណ្ឌ រហូតដល់សាលាក្រុងព្រះសីហនុ តាំងពីឆ្នាំ២០០៧ ជាពិសេសស្ថាប័នជំនាញ ដូចជាការិយាល័យជលផលក្រុងព្រះសីហនុ និងមន្ទីរកសិកម្មក្រុងព្រះសីហនុ នាសម័យកាលនោះទទួលស្គាល់ផងដែរ ទើបប្រជាពលរដ្ឋដែលភាគច្រើនជាអ្នកនេសាទទាំងនោះបាននាំគ្នាទៅតាំងទីលំនៅរស់នៅ ធ្វើកសិកម្មបង្កបង្កើនផលដាំដំណាំអាស្រ័យផល ដូចជាដំឡូងចេក ននោង ដូងស្វាយ ខ្នុរ និងប្រកបរបរជាអ្នកនេសាទ ដើម្បីចិញ្ចឹមជីវិតដោយសុខក្សេមក្សាន្តតាំងពីឆ្នាំ២០១៤មក ។ ស្រាប់តែប៉ុន្មានឆ្នាំចុងក្រោយនេះ តែងមានមនុស្សប្លែកៗចុះទៅបំភ័យ សំឡុតថាពួកគាត់ថារស់នៅលើដីឯកជនគេមានប័ណ្ណ និង ចុងក្រោយបង្អស់ មានជនស្លៀកពាក់ស៊ីវិល ប្រើល្បិចកលអោយពួកគាត់យកត្រី និង មាន់ទៅលក់អោយពួកគេ រួចហើយពួកគេក៏ឃាត់ខ្លួនពួកគាត់ទាំងមិនមានលិខិតស្នាមអ្វីទាំងអស់ កាលពីរសៀលថ្ងៃអាទិត្យទី២១ សីហា ២០២២ រួចបញ្ជូនពួកគាត់ទៅស្នងការដ្ឋាននគរបាលខែត្រព្រះសីហនុ ឃុំខ្លួន៤៨ម៉ោង ។

អភិបាលស្រុកស្ទឹងហាវ លោក ឆាយ សុគន្ធដា មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កន្លងទៅថា ដីស្ថិតនៅទីតាំងនោះគឺជាដីរបស់គេមានលិខិត បណ្ណកាន់កាប់ ។ ហើយប្រជាពលរដ្ឋទាំងនោះបានទៅរស់នៅលើដីកម្មសិទ្ធិរបស់គេ ដំបូងឡើយមានចំនួនតិចទេ តែក្រោយមកបន្ទាប់ពីបោះឆ្នោតឃុំសង្កាត់អាណ្ណត្តិទី៥រួច ពួកគាត់កេណ្ឌគ្នាមករស់នៅកាន់តែច្រើន ។ និងកន្លងមកសាលាស្រុកបានអោយគណៈកម្មការចុះទៅអប់រំណែនាំពួកគាត់ជាច្រើនដងផងដែរ តែពួកគាត់មិនស្ដាប់ លោកអភិបាលស្រុកបញ្ជាក់ ។

 

លោក គីម ហាក់ ប្រធានភូមិ១ ឃុំទំនប់រលកសព្វថ្ងៃ ដែលកាលពីឆ្នាំ២០០៦ ពេលចាប់ផ្ដើមបង្កើតជាសហគមន៍នេសាទ«ទំនប់រលក» ពេលនោះលោកជាប្រធានសហគមន៍ ពុំអាចស្វែងរកទំនាក់ទំនងសុំការបំភ្លឺបញ្ជាក់បានទេ និង តាមទូរស័ព្ទក៏ពុំអាចសុំការបញ្ជាក់បានដែរកាលពីព្រឹកថ្ងៃទី២៥ សីហា ២០២២ ព្រោះទូរស័ព្ទរបស់លោកហៅចូលហើយពុំមានអ្នកទទួល ។

ប៉ុន្តែលោក សេង គង់ អនុប្រធានភូមិ១ ឃុំទំនប់រលក បានអោយអ្នកសារព័ត៌មានដឹងទាំងស្រពិចស្រពិលថា លោកមិនដឹងថាដីសហគមន៍នៅចំណុចណាទេ តែប្រជាពលរដ្ឋទាំងនោះបានទៅរស់នៅលើដីគេមានបណ្ណកាន់កាប់(ប៉េវ៉េ) ។ ហើយថ្ងៃនេះ លោកកំពុងស្រង់ឈ្មោះប្រជាពលរដ្ឋ ដែលទៅតាំងទីនៅលើដីគេនោះ ដើម្បីធ្វើការដោះស្រាយជាមួយក្រុមហ៊ុន(ម្ចាស់ដី) អនុប្រធានភូមិ១បន្ថែម ។

 

ប្រជាពលរដ្ឋដែលភាគច្រើនជាប្រជានេសាទនិងជាកម្មកររោងចក្រធ្យូងថ្ម រស់នៅទីនោះបានប្រាប់អ្នកសារព័ត៌មានថា ប្រជាពលរដ្ឋដែលមានដីលំនៅដ្ឋានលើទីតាំងកំពុងមានវិវាទនោះ គឺជាង១០០គ្រួសាររស់នៅលើផ្ទៃដីជាង២០ហិកតានិងមានផ្ទះជាង៦០ខ្នង ព្រមទាំងរស់នៅជាក់ស្ដែងជាង៦០គ្រួសារ ។

 

ពួកគាត់លើកឡើងបន្តថា ពួកគាត់រស់នៅទីនេះអាស្រ័យផលមានដាំដំណាំវិលល្ងាច ដូចជាដំឡូងមីដំឡូងជ្វា ននោង ត្រឡាច ចេក ជាដើម ដើម្បីដោះដូរជីវភាពប្រចាំថ្ងៃ និងដាំដំណាំយុទ្ធសាស្ត្រមួយចំនួនទៀត មានដូចជាស្វាយ ដូង ខ្នុរ ស្វាយចន្ទី ។ ក្រៅពីដាំដំណាំអាស្រ័យផលលើដីនេះពួកគាត់បានប្រកបរបរនេសាទគ្រឿងសមុទ្រខ្នាតតូចយកទៅដោះដូរនៅទីផ្សារយកប្រាក់ទិញអង្ករផ្គត់ផ្គង់ជីវភាពនិងអ្នកខ្លះទៀតបានទៅធ្វើជាកម្មកររោងចក្រធ្យូងថ្មយកប្រាក់ខែផ្គត់ផ្គង់ក្នុងគ្រួសារ រស់នៅសុខសាន្ត ។

 

ពួកគាត់សង្កត់ធ្ងន់ថា ទើបតែមួយរយៈចុងក្រោយនេះស្រាប់តែមានបុគ្គលមិនស្គាល់អត្តសញ្ញាណបានមកបំផិតបំភ័យពួកគាត់ដោយចោទថាពួកគាត់មករស់នៅលើដីរបស់គេទៅវិញ។

 

ទាក់ទងនឹងការឃាត់ខ្លួនមនុស្សដោយមិនដឹងមូលហេតុ ដែលអាចបណ្ដាលមកពីការដណ្ដើមដីគ្នាខាងលើ ស្ត្រីវ័យចំណាស់ម្នាក់បានរៀបរាប់ទាំងអួលដើមករថា កាលពីរសៀលថ្ងៃអាទិត្យទី២១ ខែសីហា ឆ្នាំ២០២២កន្លងមកនេះ កូនស្រីបង្កើតរបស់គាត់ឈ្មោះ សំ អោយ អាយុ៥១ឆ្នាំ និង ឈ្មោះ ផែង ចន្ទ្រា អាយុ ៣៦ឆ្នាំ ភេទស្រី.ប្រកបរបនេសាទ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណបញ្ឆោតឲ្យដឹកត្រីយកទៅឲ្យបុរស០៤នាក់នៅរង់ចាំឯឆ្នេរកំសាន្តថ្មយក្យក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ពេលកូនគាត់ដឹកត្រីនិងមាន់មកដល់ចំណុចរង្វង់មូលក្នុងឃុំអូរត្រេះ ត្រូវបានបុរសមិនស្គាល់អត្តសញ្ញាណទាំង០៤នាក់នោះឃាត់ខ្លួនដាក់ក្នុងរថយន្តដឹកមកឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុតែម្តង។ ក្រោយមកពេលឃុំខ្លួនកូនស្រីរបស់គាត់អស៉រយៈពេលពីរយប់និងបីថ្ងៃបង្ខិតបង្ខំឲ្យកូនស្រីរបស់គាត់ព្រមព្រៀងផ្តិតមេដៃលើឯសារដើម្បីរុះរើផ្ទះចេញពីទីតាំងដីដែលធ្លាប់រស់នៅនោះទៅ ទើបគេដោះលែងកូន។

 

ស្ត្រីវ័យចំណាស់រូបនោះ បានបន្តឲ្យដឹងទៀតថា ដោយឮថាគេចាប់ខ្លួនកូនស្រីហើយបង្ខំឲ្យរុះរើផ្ទះចេញទើបគេដោះលែងកូនគាត់ រូបគាត់ភិតភ័យយ៉ាងខ្លាំង រួចហើយក៍ធ្វើការរុះរើផ្ទះដែលធ្លាប់រស់នៅរាល់ថ្ងៃ ជាថ្នូរនឹងការដោះលែងកូនស្រីគាត់តែម្តង។ ស្ត្រីរូបនេះបានបញ្ជាក់ថាក្រោយរុះរើផ្ទះរួចរាល់គេឱ្យថតផ្ទះនោះផ្ញើទៅគេទើបគេដោះលែងកូនស្រីឲ្យមានសេរីភាពឡើងវិញ បើមិនធ្វើតាមគេនោះទេ គេមិនដោះលែងកូនស្រីគាត់ឡើយ។

 

ស្ត្រីរូបនោះបានបន្តទៀតថាដោយមានការភ័យខ្លាំងពេកក៏សម្រេចចិត្តធ្វើតាមគេរុះរើផ្ទះនោះដើម្បីឱ្យកូនបានវិលត្រឡប់មកជួបជុំគ្រួសារវិញ ហើយក្រោយគាត់បានរុះរើផ្ទះសម្បែងនិងថតរូបភាពផ្ញើឲ្យជនមិនស្គាល់អត្តសញ្ញាណកូនស្រីគាត់ក៍ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ។

 

ជុំវិញវិវាទដីធ្លី និង ការចាប់ខ្លួនស្រ្តីពីរនាក់ខាងលើ លោកស្រី ធិន ចន្ថា និង លោកស្រី តូច សុខសាវឿន ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅទីនោះដែរ បានរៀបរាប់ស្រដៀងគ្នាថា ពួកគាត់បានមករស់នៅទីនេះជាយូរឆ្នាំកន្លងមកហើយពុំដែលមានពាក់ព័ន្ធបញ្ហាដីធ្លីនេះជាមួយបុគ្គលណានោះឡើយ ។ ហើយភូមិសាស្រ្តដែលពួកគាត់រស់នៅអាស្រ័យផលនេះ វាជាដីសហគមន៍មានផែនទីគ្រប់គ្រងដោយសហគមន៍នេសាទ«ទំនប់រលក»ការពារព្រៃលិចទឹក ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការទទួលស្គាល់ យល់ព្រមចុះហត្ថលេខា ពីសំណាក់ប្រធានសហគមន៍ លោក គីម ហាក់ ដែលសព្វថ្ងៃជាប្រធានភូមិ១តែម្ដង ឯកភាពចុះហត្ថលេខាបោះត្រាដោយចៅសង្កាត់ទំនប់រលកលោក ហ៊ីង សុវណ្ណ បានឯកភាពនិងចុះហត្ថលេខាបោះត្រាដោយលោក ម៉ី គាំង អភិបាលស្រុកស្ទឹងហាវ បានឯកភាពចុះហត្ថលេខាពីប្រធានការិយាល័យជលផលក្រុងព្រះសីហនុលោក ដួង សំអាត នៅថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០០៦ បានឯកភាពចុះហត្ថលេខាបោះត្រាដោយលោកប្រធានមន្ទីរកសិកម្មក្រុងព្រះសីហនុ ដោយលោក កែ ផា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០០៦ និងចុងក្រោយឯកភាពចុះហត្ថលេខាដោយអភិបាលក្រុងព្រះសីហនុនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៧ ។

 

ការចុះហត្ថលេខាយល់ខាងលើរបស់អាជ្ញាធរមូលដ្ឋានតាំងពីភូមិដល់ក្រុងនាពេលនោះ ជាពិសេសស្ថា​ប័នជំនាញពាក់ព័ន្ធក៏យល់ព្រមទទួលស្គាល់ផងដែរនោះ វាជាជាតឹកតាងបង្ហាញថាដីដែលពួកគាត់កំពុងតែរស់នៅកាន់កាប់អាស្រ័យផល គឺជាដីសហគមន៍ពិតប្រាកដមែន គឺពួកគាត់ពុំបានរស់នៅលើដីបុគ្គលណានោះឡើយ។

 

ជាចុងក្រោយប្រជាពលរដ្ឋ ដែលភាគច្រើនជាប្រជានេសាទ តាំងទីលំនៅលើភូមិសាស្រ្តដែនដីសហគមន៍ខាងលើ ស្នើសុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន មេត្តាជួយអន្តរាគមន៍ រកយុត្តិធម៌ផ្ដល់ដល់ពួកគាត់ដែលជាប្រជាពលរដ្ឋក្រីក្រប្រកបមុខរបរនេសាទសមុទ្រខ្នាតតូចនិងអ្នកខ្លះទៀតជាកម្មកររោងចក្រដូចបានរៀបរាប់ខាងលើដោយក្តីគោរពពីកូនចៅផង ។

 

ម្យ៉ាងទៀត ប្រជាពលរដ្ឋរងគ្រោះដីធ្លីទាំងអស់ខាងលើ ស្នើសុំឲ្យបុគ្គលដែលអះអាងថាដីសហគមន៍នេះជាដីរបស់ខ្លួនហើយមានលិខិតកាន់កាប់នោះ សូមចេញមុខមកតតាំងគ្នានៅសាលាស្រុកជាមួយប្រជាពលរដ្ឋដោយយកលិខិតកាន់កាប់មកបង្ហាញទល់មុខគ្នានៅមុខអាជ្ញាធរស្រុក ទើបពួកគាត់អស់ចិត្តនិងដោះស្រាយគ្នាដោយសន្តិវិធី ជៀសវាកុំប្រើល្បិចចាប់បង្ខំប្រជាពលរដ្ឋឲ្យផ្តិតមេដៃរុះរើផ្ទះចេញពីទីតាំងដីដែលពួកគាត់បានកាន់កាប់អាស្រ័យផលកន្លងមកជាយូរឆ្នាំឲ្យចាកចេញដោយគ្មានមូលហេតុច្បាស់លាស់ដូច្នេះ។

 

និងនៅរសៀលថ្ងៃខែឆ្នាំដដែល ប្រជាពលរដ្ឋរងគ្រោះដីធ្លី ជាច្រើននាក់បានប្រមូលផ្តុំគ្នា មកជួបជុំនៅសាលាស្រុកស្ទឹងហាវតាមការណាត់របស់អ្នកដែលអះអាងថាជាតំណាងម្ចាស់ដី តែគួរឱ្យសោកស្ដាយ ខណៈពេលដែលប្រជាពលរដ្ឋមកដល់សាលាស្រុកស្ទឹងហាវបែរជាតំណាងម្ចាស់ដីមិនបានចេញមុខមកជួបជាមួយប្រជាពលរដ្ឋតាមការណាត់ទៅវិញ ។

 

ដោយឡែកលោកស្រី ហៀង គឹមហួយ មានទីលំនៅឯរាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋដឹងតៗគ្នាថា គាត់តាំងខ្លួនជាម្ចាស់ដីទំនាស់ជាមួយប្រជាពលរដ្ឋខាងលើ អ្នកសារព័ត៌មាន ពុំអាចទំនាក់ទំនងសុំការបំភ្លឺជុំវិញបញ្ហាខាងលើនេះបានទេ នៅព្រឹកថ្ងៃទី២៥ ខែសីហា ២០២២ ។

 

គួររំលឹកថា ការស្រង់ឈ្មោះប្រជាពលរដ្ឋនៅសាលាស្រុកស្ទឹងហាវតាំងពីរសៀលថ្ងៃទី២៤ ដល់ព្រឹកថ្ងៃទី២៥ សីហា ២០២២ មានចំនួនប្រជាពលរដ្ឋកើនឡើងដល់ជិតពីររយនាក់ ខណៈដែលចំនួនពិតនៃប្រជាពលរដ្ឋរស់នៅលើដីសហគមន៍នោះ មានតែ១០០គ្រួសារជាងប៉ុណ្ណោះ ។ ចំនួនប្រជាពលរដ្ឋកើនឡើងនេះអាចបង្កជាបញ្ហាអ្វើមួយកើតឡើងជាយថាហេតុ ។ កំណើននេះ ធ្វើអោយប្រជាពលរដ្ឋរស់នៅលើទីតាំងនោះជាក់ស្ដែង ព្រួយបារម្ភខ្លាចមានក្រុមឱកាសនិយមចូលមកបន្លំ ។ ម្យ៉ាងវិញទៀត អ្នកដែលអះអាងថាខ្លួនជាម្ចាស់ដីលើទីតាំងទំនាស់ គេពុំបានឃើញបង្ហាញពីសកម្មភាពអ្វី នៃកិរិយាកាន់កាប់ដីខ្លួនឡើយ ជាពិសេសឯកសារកាន់កាប់ និង​ ឯកសារបង់ពន្ធដីជូនរដ្ឋ គឺគ្មាន ៕