អាជ្ញាធរឃុំជ្រោយប្រស់និងស្រុកកោះកុងមិនរកដំណោះស្រាយជម្លោះដីធ្លីជូនអតីតគ្រួសារយោធិនពិការ!

0
118

ដោយៈ អធិបតី
កោះកុងៈ វិបត្តិដីធ្លីដ៏រ៉ាំរ៉ៃដែលបានកើតឡើងទៅលើអតីតយោធិនពិការមួយគ្រួសារជាមួយនឹងបុរសម្នាក់ដែល ស្ថិតក្នុង ភូមិថ្មពាង ហៅថា ភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខែត្រកោះកុង បានអូសបន្លាយអស់រយៈ ពេលជាងមួយឆ្នាំទៅហើយដោយអាជ្ញាធរឃុំ និងស្រុកពុំបានយកចិត្តទុកដាក់សុខទុក្ខរកដំណោះស្រាយជូន ជនរងគ្រោះនោះទេ។

លោក សៃ សៀន យោធិនពិការជើងស្ដាំម្ខាងដែលមានបញ្ហាទំនាស់ដីធ្លីជាមួយលោក អ៊ិន សម្បត្តិ ត្រូវគេឃើញ លោក ឈាង ធី ដែលត្រូវជាកូនប្រសាររបស់លោក អ៊ិន សម្បត្តិ ដែលជាអ្នកទៅរំលោភយកដីរបស់លោក សៃ សៀន បានចេញមុខមកស្រាយបំភ្លឺ។ លោក ឈាង ធី បានលើកឡើងថា ជាការពិតណាស់ដីដែលកំពុងមាន ជម្លោះរ៉ាំរ៉ៃរវាងលោក សៃ សៀន និងលោក អ៊ិន សម្បត្តិ ដែលត្រូវជាឪពុកក្មេករបស់ខ្លួននោះគឺជាដីរបស់លោក សៃ សៀន យ៉ាងពិតប្រាកដមែន។ ព្រោះលោក សៃ សៀន ធ្លាប់បានទៅឈូកឆាយកាប់អាស្រ័យផលជាមួយ នឹងខ្លួនអស់រយៈពេលជាច្រើនឆ្នាំយ៉ាងពិតប្រាកដមែន។

លោក ឈាង ធី បន្តទៀតថា ព្រំដីរបស់ឪក្មេងខ្លួនគឺនៅត្រង់ចំណុចខាងកើតដីរបស់លោក សៃ សៀន ហើយ មួយផ្នែកខាងលិចគឺជាដីរបស់ សៃ សៀន ពិតមែន។ ដោយឪក្មេករបស់ខ្លួនបានលួចយកដីលោក សៃ សៀន ទៅលក់ឲ្យគេយកប្រាក់ចាយអស់ហើយ ក៍បានទៅទន្ទ្រានយកដីលោក សៃ សៀន បន្ថែមទៀត ដើម្បីរកដីឲ្យ គ្រប់ចំនួនសម្រាប់អ្នកទិញដីពីលោក អ៊ិន សម្បត្តិ នោះតែម្ដង។

កូនប្រសារលោក អ៊ិន សម្បត្តិ ក៍បានបញ្ជាក់ប្រាប់អាជ្ញាធរភូមិឃុំ និងស្រុកថា សូមមេត្តាជួយដល់គ្រួសារយោ ធិនពិការមួយគ្រួសារនេះផងដោយភាពយុត្តិធម៌ ព្រោះវាជាដីរបស់លោក សៃ សៀន ពិតមែន។ គាត់ក៍មាន លិខិតកាន់កាប់ដីដែលទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំមុនៗមកដែរ។

លោក សៃ សៀន បានបញ្ជាក់ថា ឈ្មោះ អ៊ិន សម្បត្តិ គឺគ្មានឯកសារជាក់លាក់ណាមួយយកមកបង្ហាញជូន អាជ្ញាធរឃុំស្រុកនោះឡើយ។ តើហេតុអ្វីបានជាអាជ្ញាធរ ឃុំជ្រោយប្រស់ មិនព្រមដោះស្រាយដីធ្លីនេះឲ្យចប់ សព្វគ្រប់ទៅ ? ដោយទុកឱ្យលោក អ៊ិន សម្បត្តិ ដើរធ្វើព្យុះភ្លៀងតាមតែអំពើចិត្តហើយមេ ឃុំជ្រោយប្រស់ ក៍ ហាក់បីដូចជាខ្លាចអំណាចលោក អ៊ិន សម្បត្តិ ខ្លាំងម្ល៉េះ ?

យោធិនពិការក៍បានបញ្ជាក់ទៀតថា មិនដឹងជាលោក ពុំ ធឿន មេឃុំជ្រោយប្រស់ និងលោក ជា សាវី អភិបាល ស្រុកកោះកុង មានអាថ៌កំបាំងអ្វីនោះទេ ? បានជាធ្វើព្រងើយៗមិនព្រមដោះស្រាយជូនពួកគាត់ ដោយបានរុញ រឿងនេះដាក់គ្នាទៅវិញទៅមក ដូចជាអសមត្ថភាពក្នុងការរកដំណោះស្រាយជូនពលរដ្ឋរងគ្រោះដែលមានទំ នាស់ដីធ្លីក្នុងមូលដ្ឋាន ឬដែនដីរបស់ខ្លួន។

លោក ជា សាវី អភិបាល ស្រុកកោះកុង បានឱ្យដឹងថា ចំពោះរឿងវិវាទដីធ្លីនេះលោកបានដឹងអស់ហើយ។ លោកក៍បានដាក់បទបញ្ជាឲ្យមេ ឃុំជ្រោយប្រស់ ដោះស្រាយជូនពួកគាត់ហើយដែរ។បើសិនជាឃុំដោះស្រាយ រឿងនេះមិនបានទេ សូមឱ្យភាគីដើមចោទដាក់ពាក្យបណ្ដឹងជាមួយនឹងអាជ្ញាធម៌ឃុំម្ដងទៀត។ បើអាជ្ញាធរឃុំនៅ តែពុំព្រមរកដំណោះស្រាយជូនពួកគាត់នោះទេ សូមឱ្យក្រុមគ្រួសារជនរងគ្រោះចូលមកកាន់សាលា ស្រុកកោះ កុង លោកនឹងទទួលពាក្យបណ្ដឹងពីជនរងគ្រោះដោយផ្ទាល់ដៃដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា រឿងវិវាទដីធ្លីខាងលើនេះ គឺបានអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំមកហើយ គឺនៅតែដោះ ស្រាយមិនបាន។ គ្រួសារអតីតយោធិនពិការក៍ពុំអាចទៅអាស្រ័យផលនៅលើដីខ្លួនបានដែររហូតមកទល់នឹង ពេលបច្ចុប្បន្ននេះដោយមានការរារាំងពីឈ្មោះ អ៊ិន សម្បត្តិ នោះផ្ទាល់តែម្ដង៕