អាជីវករលក់ដូរនៅផ្សារធំតាកែវប្រមាណជាង១០០០នាក់បាននាំគ្នាធ្វើការតវ៉ានៅមុខសាលាខែត្រតាកែវ

0
76

ដោយៈ បាយ៉ង់ថាមស៍
តាកែវៈ អាជីវករប្រមាណជាង១០០០នាក់ដែល​លក់ដូរនៅក្នុង ផ្សារធំតាកែវ ផ្ទុះការតវ៉ាទ្រង់ទ្រាយធំ​​​ជាថ្មីដោយ បាននាំគ្នាដើរហែក្បួន​ទៅ​ប្រមូលផ្ដុំនៅខាងមុខសាលា ខែត្រតាកែវ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយ មានការទាមទារសុំឱ្យ​អាជ្ញាធរ​លុប​ចោល​នូវគម្រោង​សាង​សង់​ផ្សារ​ថ្មីដោយសារពួកគាត់ពុំមានលទ្ធភាពទិញតូប ថ្មី។

អាជីវករម្នាក់ឈ្មោះ ផូ ស៊ីណាត ភេទស្រីប្រាប់ឱ្យដឹងនៅវេលាខាងលើថាក្រុមអាជីវករប្រមាណជាង១០០០នាក់ នាំគ្នាកាន់​បដា​រូប​ថតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដើរហែក្បួនចេញពី ផ្សារធំតាកែវ ឆ្ពោះទៅកាន់សាលា ខែត្រតាកែវ ដើម្បីស្នើសុំដល់អភិបាលខែត្រលោក អ៊ូច ភា ឱ្យជួយរកដោះ ស្រាយដោយលុបចោលនូវគម្រោងសាងសង់ផ្សារថ្មី។

អាជីវកររូបនេះបន្តទៀតថា នាពេលកន្លងមក​មានឈ្មួញកណ្ដាលស្នើសុំរុះរើ ផ្សារធំតាកែវ ដើម្បីសាងសង់ថ្មី សម្រាប់លក់ជូនពួកគាត់ក្នុងតម្លៃខ្ពស់ និងអាជីវករផ្សេងទៀត ក៍ប៉ុន្តែត្រូវបានជំទាស់ដោយក្រុមអាជីវករលក់ ដូរនៅទីនោះ។ ការដែលអាជីវករ​ស្នើឱ្យ​លុប​ចោលគម្រោង​នោះដោយសារ​​ផ្សារនេះ​នៅថ្មី ហើយ​អាជីវករ​ភាគ ច្រើន​ពុំមានលទ្ធភាពទិញតូប​មកវិញក្រោយពីផ្សារនេះសាងសង់ថ្មីរួចរាល់។

អ្នកស្រីបន្ថែមទៀតថា គេចង់រុះរើផ្សារហ្នឹង​ ហើយធ្វើថ្មីលក់ឱ្យពួកខ្ញុំវិញ និងអាជីវករផ្សេងទៀត។ ពួកខ្ញុំ​យល់ ទាំង​អស់​គ្នាយល់​ថា ការធ្វើបែបនេះមិនល្អសម្រាប់ពួកខ្ញុំទេ។ ពីព្រោះពួកខ្ញុំលក់ដូរនៅទីនេះ៩៩ភាគរយគឺជំ ពាក់​លុយធនាគារម្នាក់ៗច្រើនណាស់។ បើគាត់ធ្វើអឹចឹង ដូចសម្លាប់ពួកខ្ញុំទាំងរស់តែម្ដង។

ចំណែកអាជីវករម្នាក់ទៀតបានលើកឡើងថា នៅក្នុង ឆ្នាំ២០២១ នេះក្រុមអាជីវករដែលលក់ដូរនៅក្នុង ផ្សារធំ ខែត្រតាកែវ បានផ្ទុះការ​តវ៉ា​ជា​បន្ត​បន្ទាប់ក្រោយពីទទួលបា​ន​ព័ត៌មានថា ផ្សារ​មួយនេះនឹងត្រូវអភិវឌ្ឍថ្មី។ ក៍ប៉ុន្តែ ការតវ៉ារហូតមកដល់ពេលនេះពុំទាន់មានដំណោះស្រាយជូនក្រុមជីវករនៅឡើយទេ។

នៅពេលដែលប្រជាពលរដ្ឋ​កំពុងតែប្រមូល​ផ្ដុំតវ៉ានោះលោក អ៊ូច ភា អភិបាល ខែត្រតាកែវ បានចេញមកជួប ប្រជាពលរដ្ឋរបស់ខ្លួនដោយ​បាន​សន្យាថា នឹងពាំនាំយកសំណើរបស់​ប្រជាពលរដ្ឋ​ទៅកាន់ ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បី​ពិនិត្យនិង​​សម្រេច ជូន។

ចំពោះ នាយករដ្ឋបាលសាលាខែត្រវិញលោក មាស អ៊ុយ ធ្លាប់បានលើកឡើងកាលពី ខែតុលា ឆ្នាំ២០២១ នោះថា អាជ្ញាធរខែត្រចង់អភិវឌ្ឍ ផ្សារធំតាកែវ ដោយសារតែផ្សារ​មួយនេះចាស់​ធ្លុះ​ធ្លាយ និង​លិច​ទឹ​កជាដើម ដែលអាជ្ញាធរខែត្រត្រូវតែធ្វើការអភិវឌ្ឍន៍ថ្មី៕​