អាងស្តុកទឹកថ្មីទំហំ៦០០០ម៉ែត្រគីបត្រូវបានស្ថាបនារួចរាល់ត្រឹមតែរយៈពេល២ខែ

0
138

ឧត្តរមានជ័យៈ លោក មាន ចាន់យ៉ាដា អភិបាល ខែត្រឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ សូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះចំពោះការសាមគ្គីគ្នារបស់ មន្ទីរធនធានទឹក និងឧតុនិយម ខែត្រឧត្តរមានជ័យ និងកងកម្លាំងកងទ័ព នៃយើងបានរួមគ្នាស្ថាបនាអាងស្តុកទឹកលើខ្នងភ្នំ២០០ស្ថិតនៅក្នុង ភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង បានយ៉ាងឆាប់រហ័សគឺទាន់សភាពការណ៍។

លោកអភិបាលខែត្របញ្ជាក់ទៀតថា អាងស្តុកទឹកនេះ ត្រូវបានស្ថាបនាចាប់តាំងពីពាក់កណ្ដាល ខែសីហា ឆ្នាំ ២០២៤ ដើម្បីឆ្លើយតបតម្រូវការប្រភពទឹកចំពោះមុខរបស់បងប្អូន កងកម្លាំងកងអនុសេនាធំគាំទ្រ នៃកងការពារព្រំដែនគោកលេខ៤០៣ ដែលបានឈរជើងនៅលើ ភ្នំ២០០។ អាងស្តុកទឹកបានស្ថាបនាឡើងដោយមានទំនប់ប្រវែងជាង២០០ម៉ែត្រ មានសមត្ថភាពស្តុកទឹកប្រមាណជា៦០០០ម៉ែត្រគីប ហើយធានាបាននូវការផ្គត់ផ្គង់ទឹកដល់កងទ័ពរបស់យើងដែលបានឈរជើលើខ្នងភ្នំនេះប្រើប្រាស់ប្រចាំថ្ងៃពេញមួយរដូវប្រាំងតែម្តង៕