អភិបាលខែត្រព្រះសីហនុថ្មីវ័យក្មេងកម្លាំងខ្លាំងក្លាឯកឧត្តម ម៉ាង ស៊ីណេត

0
304

ដោយៈ បាយ៉ង់
ខែត្រព្រះសីហនុៈ ឯកឧត្តម ម៉ាង ស៊ីណេត ត្រូវបានប្រកាសតែងតាំងចូលកាន់មុខតំណែងជា អភិបាល នៃ គណៈអភិបាល ខែត្រព្រះសីហនុ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នេះយោងតាម ព្រះរាជក្រឹត្យ លេខ នស/រកត/០៦២៤/៦៩៩ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ និង បញ្ជីកម្មវិធីប្រកាសចូលកាន់មុខតំណែង ដែលរៀបចំដោយរដ្ឋបាល ខែត្រព្រះសីហនុ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

ពិធីប្រកាសចូលកាន់មុខតំណែងនេះ ប្រារព្ធធ្វើនៅសាលដ៏ធំមួយក្នុង «សណ្ឋាគារសុខា» ក្រុងព្រះសីហនុ ខែត្រព្រះសីហនុក្រោមអធិបតីភាព ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ។

ឯកឧត្តម ម៉ាង ស៊ីណេត ជាអតីតអភិបាលរង ខែត្រព្រះសីហនុ និងត្រូវចូលកាន់មុខតំណែងជា អភិបាល ខែត្រព្រះសីហនុ ចាប់ពី​ថ្ងៃប្រកាសចូលកាន់មុខតំណែងតទៅជំនួស អតីតអភិបាល ខែត្រព្រះសីហនុ ឯកឧត្តម គួច ចំរើន ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់មុខតំណែងជា អភិបាល ខែត្រកណ្ដាល ជំនួស ឯកឧត្តម គង់ សោភ័ណ្ឌ ដែលត្រូវបានតែងតាំងជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

គួររំឭកថា ពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងលើកនេះប្លែកបន្តិច គឺអ្នកសារព័ត៌មានជាច្រើននាក់នៅក្នុង ខែត្រព្រះសីហនុ ត្រូវគេអនុញ្ញាតឱ្យចូលផ្ដិតយករូបភាព និងយកព័ត៌មានចំនួន៨នាក់តែប៉ុណ្ណោះ។ ព្រោះថា កន្លែងធ្វើពិធីមានក្រឡាផ្ទៃតូចចង្អៀត។ នេះយោងតាមប្រសាសន៍អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ និងបញ្ជីរាយកនាមអ្នកសារព័ត៌មាននៅ ខែត្រព្រះសីហនុ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។ ការរឹតដ្បិតចំនួនអ្នកកាសែតឱ្យចូលយកព័ត៌មានក្នុងពិធីប្រកាសចូលកាន់មុខតំណែងខាងលើ គឺជាការកំណត់ដោយក្រុមការ ងាររបស់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ៕