អភិបាលខេត្តកណ្តាលបន្តនីតិវិធីដើម្បីបានផ្លូវជូនពលរដ្ឋវិញទោះបីមន្ត្រីប៉ូលិសឈ្មោះ ចាន់ វិទូ ប្តឹងមន្ត្រីស្រុកកៀនស្វាយទៅតុលាការ

0
138

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ ពិតជាខ្លាំងមែន មន្ត្រីនគរបាលឈ្មោះ ចាន់ វិទូ មិនធ្វើតាមបញ្ជារបស់អភិបាល ខេត្តកណ្តាល ដែល បានបញ្ជាឲ្យបុគ្គលរូបនេះធ្វើផ្លូវបានយកគ្រឿងចក្រមកកាយ និងឈូសឆាយផ្ដាច់ផ្លូវសាធារណៈមួយកន្លែង ស្ថិតចំណុចផ្លូវកំពង់រទេះ ភូមិឈើទាលពីរ ឃុំឈើទាល ស្រុកកៀនស្វាយ ខែត្រកណ្ដាល ជូនពួកគាត់ប្រើ ប្រាស់វិញ។ មិនតែប៉ុណ្ណោះបុគ្គលរូបនេះថែមទាំងប្តឹងមន្ត្រីស្រុកទៅតុលាការថែមទៀត។

ទាក់ទងករណីនេះលោក គង់ សុភ័ណ្ឌ អភិបាល ខេត្តកណ្តាល បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា “ ខ្ញុំកំពុងតែ ពិនិត្យ និងអនុវត្តបន្តតាមនីតិវិធីជូនប្រជាជនទោះបីគាត់ (ចាន់ វិទូ) កំពុងប្តឹងមន្ត្រី ស្រុកកៀនស្វាយ ទៅតុ លាការ”។

រដ្ឋបាល ខេត្តកណ្តាល បានដាក់ឱសានវាទរយៈពេល១០ថ្ងៃគិតចាប់ពីថ្ងៃទី១៥ ខែកញ្ញា រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ឲ្យមន្ត្រីនគរបាលឈ្មោះ ចាន់ វិទូ ធ្វើផ្លូវសាធារណៈដែលគាត់បានយកគ្រឿងចក្រកាយ និងឈូសឆាយផ្ដាច់ស្ថិតភូមិឃុំខាងលើជូនពលរដ្ឋប្រើប្រាស់វិញ។ ប៉ុន្តែរហូតមកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ
២០២១ នេះឈ្មោះ ចាន់ វិទូ មិនទាន់បានធ្វើសងនោះទេ។

ប្រជាពលរដ្ឋប្រមាណជាង១០០គ្រួសារមកពី ភូមិឈើទាលពីរ ឃុំឈើទាល ស្រុកកៀនស្វាយ បាននាំគ្នាមក តវ៉ាមុខសាលា ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅដើម្បីសុំបទអន្តរាគមន៍ពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តដើម្បីជួយដោះស្រាយពាក់ព័ន្ធទៅនឹងករណីមន្ត្រីនគរបាលឈ្មោះ ចាន់ វិទូ មានតួ នាទីជា ជំនួយការ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ យកគ្រឿងចក្រមក កាយ និងឈូសឆាយផ្ដាច់ផ្លូវសាធារណៈ។

ការតវ៉ារបស់ពលរដ្ឋនៅមុខសាលាខេត្តគឺមានលើកបដាកាន់រូប សម្តេចតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមជួយអន្តរាគមន៍ដល់ពួកគាត់។ បន្ទាប់ពីមានការប្រមូលផ្តុំមក អភិបាលខេត្តបាន អនុញ្ញាតឲ្យប្រជាពលរដ្ឋចូលជួបពិភាក្សាដើម្បីស្តាប់អំពីដំណើររឿង។

ជុំវិញរឿងនេះលោក គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្ដាល បានប្រគល់ភារកិច្ចជូនរដ្ឋបាល ស្រុកកៀនស្វាយ ត្រូវជូនដំណឹងដល់អ្នកដែលបានប្រព្រឹត្តនោះទុក ពេលឲ្យជួសជុលធ្វើផ្លូវដែលបានកាយនោះឡើងវិញក្នុងរយៈ ពេល១០ថ្ងៃ។ ក្នុងករណីមិនអនុវត្តតាមរដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

ប្រជាពលរដ្ឋជាង១០០គ្រួសារបានសំដែងនូវការអបអសាទរនិងថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ និងគិតគូរជួយដោះស្រាយជូនពួកគាត់ដែលនេះសបញ្ជាក់ឲ្យឃើញថា អាជ្ញាធរ ខេត្តកណ្ដាល គឺជាអ្នកបម្រើប្រជាពលរដ្ឋ និងគិតគូរពីសុខទុក្ខរបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន។

ចំណែកលោក សុខ ពិសិដ្ឋ អភិបាលរង ស្រុកកៀនស្វាយ បានឲ្យដឹងថា រដ្ឋបាលស្រុកបានចាត់ក្រុមការងារចុះ ពិនិត្យអង្កេតឃើញថាផ្លូវមួយខ្សែដែលពលរដ្ឋបានស្នើសុំបទអន្តរាគមន៍គឺពិតជា ផ្លូវសាធារណៈ ដែលពួកគាត់ បានប្រើប្រាស់តាំងពីបុរាណមក។ រដ្ឋបាលស្រុកធ្លាប់បានកោះហៅអ្នកដែលបានប្រព្រឹត្តនោះមកដោះស្រាយចំ នួនពីរលើកមកហើយតែគាត់ពុំដែលបានមកចូលរួមដោះស្រាយនោះទេ។

លោក កូវ ផាន់នី ប្រជាពលរដ្ឋ ដែលមកចូលរួមតវ៉ាបានប្រាប់ថា លោក ចាន់ វិទូ ថៅកែរណ្តៅដី និងការដ្ឋាន ខ្សាច់ បានយកគ្រឿងចក្រមកជីកផ្តាច់ផ្លូវពលរដ្ឋដែលមានទំហំទទឹង៧ម៉ែត្រ និងបណ្តោយ៦៥០ម៉ែត្រ យក អាចម៌ដីលក់ដោយសម្អាងថាពលរដ្ឋធ្វើផ្លូវលើដីរបស់ខ្លួនទៅវិញ។

លោក ផាន់នី បានបញ្ជាក់ទៀតថា “ខ្ញុំឮសូរថាឈ្មោះ ចាន់ វិទូ យកឈ្មោះអ្នកធំមកកាង។ ប៉ុន្តែខ្ញុំជឿថាប្រ ហែលជាគាត់ប្រឌិតពាក្យសម្ដីខ្លួនគាត់ទេមើលទៅ ពីព្រោះលោកធំទាំងនោះយកតួនាទីបម្រើរាស្ត្រមិនមែន មកជាន់ករាស្ត្រដូចជា ពាក្យសម្ដីគាត់និយាយទេ។ ខ្ញុំជឿថាពាក្យនេះគាត់យកមកគំរាមកំហែងពលរដ្ឋទេ។ ឈ្មោះ ចាន់ វិទូ ជាមន្ត្រីប៉ូលិស ក្រសួងមហាផ្ទៃ ហើយយកតួនាទីខ្លួនមិនមែនមកបម្រើរាស្ត្រទេគឺធ្វើបាបរាស្ត្រ។ ពួកខ្ញុំឮសូរតែឈ្មោះអ្នកធំមានលុយមានអំណាច។ ពួកខ្ញុំមានការភ័យខ្លាំងបំផុតបានរត់មករកលោកអភិបាល ខេត្ត”។

តាមតំណាងពលរដ្ឋរូបនេះបានប្រាប់ថា ផ្លូវដែលលោក ចាន់ វិទូ ជីកផ្តាច់ និងកាយយកអាចម៌ដីលក់នោះជាផ្លូវ ចាស់ ដែលពលរដ្ឋមានដីនៅអមសងខាងផ្លូវបានបរិច្ចាគដីរបស់ខ្លួនដើម្បីពង្រីកផ្លូវទំហំទទឹង៧ម៉ែត្រ និងបណ្តោ យ៦៥០ម៉ែត្រ បានធ្វើតំណើរស្រួលខ្ពស់ផុតទឹក ទៅរកត្រី បេះបន្លែ សម្រាប់អាស្រ័យផលនិងការចូលទៅទីគោ រពបូជាលោកតាម្ចាស់ស្រុកជាដើម។ល។

លោក កូវ ផាន់នី លើកឡើងទៀតថា ក្រោយពីឈ្មោះ ចាន់ វិទូ កាយផ្លូវផ្តាច់ហើយមិនអនុញ្ញតឱ្យពលរដ្ឋធ្វើតំ ណើរចេញចូលបានឡើយទើបពួកគាត់កើតទុក្ខមិនសុខចិត្តលើកគ្នាមកតវ៉ាជាបន្តបន្ទាប់នៅទីតាំងដីជាក់ស្តែង នៅសាលាឃុំ នៅសាលាស្រុក និងមានការតវ៉ាមុខសាលាខេត្តទៀតដើម្បីស្នើសុំជួយពលរដ្ឋបានផ្លូវរួមភូមិយក មកប្រើប្រាស់ជាប្រយោជន៍រួមវិញ៕