អតិតសិស្សវិទ្យាល័យក្រុងព្រសិហនុ ផ្ដួចផ្ដ៊មជួយអភិវឌ្ឍសាលាផ្នែកវិស័យកីឡា

    0
    300

    ដោយ តិល សាមុត

    ខែត្រព្រះសីហនុ៖ អតិតសិស្សវិទ្យាល័យក្រុងព្រសិហនុ លោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ និងជាអនុប្រធាន ស.ស.យ.ក កាលពីព្រឹកថ្ងៃទី២៩ កក្កដា​​ ២០២០ បានដឹកនាំក្រុមការងារ នៃស.ស.យ.ក ចុះពិនិត្យ តារាងបាល់ទាត់ ក្នុងវិទ្យាល័យក្រុងព្រះសីហនុផ្ទាល់ ដែលប្រើប្រាស់ពុំបានជាយូរមកហើយ និងលោកគ្រោងជួយឈួសឆាយ អភិវឌ្ឍវា អោយដំណើរការនាពេលឆាប់ៗខាងមុខ ។

    អ្វីៗក្នុ​ងវិទ្យាល័យក្រុងព្រះសីហនុ​​នេះ មានដូចជា ទីចាត់ការ​​ បណ្ណាល័យ អគារសិក្សា អគារដែលជាអន្តេវាសិកដ្ឋានសម្រាប់សិស្ស និង អន្តេវាសិកដ្ឋានសម្រាប់គ្រូ តារាងបាល់ទះ តារាងបាល់បោះ ត្រូវបានអភិវឌ្ឍអស់ហើយ ផ្លូវក្នុងបរិវេណសាលា ត្រូវបានចាក់បេតុងខ្វែងខ្វាត់ហើយ នៅឡើយតារាងបាល់ទាត់លក្ខណៈបច្ចេកទេសទំហំ៥,៤០០ ម៉ែត្រការ៉េ ទទឹង៦០ម៉ែត្រ បណ្ដោយ៩០ម៉ែត្រ ពុំទាន់អាចប្រើប្រាស់បានទេ ។ មើលឃើញដូច្នេះ លោក គង់ សោភា អនុប្រធាន ស.ស.យ.ក បានផ្ដួចផ្ដើម អភិវឌ្ឍ ដោយប្រើប្រាស់ថវិកា ស.ស.យ.ក និង កៀរគរ​សប្បុរសជននានា​ ដើម្បីចូលរួមសហការផង ។

    លោក គង់ សោភា មានប្រសាសន៍ថា វិស័យកីឡាសំខាន់ណាស់ ព្រោះវាមិនត្រឹមតែនាំនូវសុខភាពល្អប៉ុណ្ណោះទេ តែវាបង្កើតអោយមានមិត្តភាព សន្តិភាពផងជាពិសេស ។ ដូច្នេះលោកកំណត់គោលដៅថា ត្រូវតែអភិវឌ្ឍម្ដងបន្តិចៗ រហូតដល់បានសម្រេច១០០ភាគរយ ។

    លោកបញ្ជាក់ថា យ៉ាងហោចណាស់មួយការ៉េក៏ត្រូវចំណាយអស់មួយដុល្លារដែរ ហើយដំណើរការអភិវឌ្ឍ នឹងចាប់ផ្ដើមនៅក្នុងសប្ដាហ៍ទី៤ នៃខែកក្កដា ២០២០ ។

    លោកស្រី ស៊ុន ចិន្តា នាយិកា វិទ្យាល័យក្រុងព្រះសីហនុ មានប្រសាសន៍ទាំងទឹកចិត្តត្រេកអរថា បើពុំមានក្រុមការងារ ជួយទេ តារាងបាល់ទាត់នេះ នឹងមិនអាចប្រើប្រាស់ដំណើរការទៅបានឡើយ ព្រោះកន្លងមកសាលាបានគិតរកមធ្យោបាយហើយ គិតទៀត តែពុំមានលទ្ធភាពអភិវឌ្ឍសោះ ។

    គួរបញ្ជាក់ថា វិទ្យាល័យក្រុងព្រះសីហនុ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ មានផ្ទៃដីជាង៤ហិកតា មានបរិស្ថានល្អ មានការជួយជ្រោមជ្រែង ឧបត្ថម្ភពីសំណាក់អតីតសិស្ស និង សប្បុរសនានាជាច្រើន ៕