អង្គការម្លប់តាប៉ាងជាអង្គការក្រៅរាជរដ្ឋាភិបាលមួយកំពុងជួយដល់កុមារនៅកម្ពុជា

0
162

ព្រះសីហនុៈ អង្គការមនុស្សធម៌ម្លប់តាប៉ាង ជាមណ្ឌលជួយកុមារកម្ពុជា ហើយបានផ្តល់ការងារ និងបទពិសោធន៍ដល់យុវជនកម្ពុជាមួយចំនួន។ អង្គការនេះកើតឡើងដោយស្ថាបនិកឈ្មោះ Maggie Eno ភេទស្រីសញ្ជាតិដើមអង់គ្លេសដែលមានទីតាំងស្ថិតនៅ ភូមិ៤ សង្កាត់៥ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ។

អង្គការនេះកើតឡើងនៅកម្ពុជាតាំងពី ឆ្នាំ២០០៣ បើគិតមកដល់ពេលនេះមានរយៈពេល២០ឆាំ្នហើយ។ អង្គការមានបុគ្គលិកសរុបប្រមាណ២៣០នាក់ និង៥០ភាគរយជាស្ត្រី និង៩៨ភាគរយជាបុគ្គលិកជនជាតិខ្មែរ។ បុគ្គលិកបរទេសមានតួនាទីជាជំនួយដល់ ផ្នែករដ្ឋបាល និងបច្ចេកទេស។ នៅក្នុង ឆ្នាំ២០២៤ អង្គការមានគម្រោងថវិកាប្រមាណ២,០០០,០០០ដុល្លារអាម៉េរិក (ពីរលានដុល្លារ) ក្នុងមួយឆ្នាំ។

អង្គការមនុស្សធម៌ ដែលមានស្ត្រីជនជាតិបរទេសដែល ព្រះមហាក្សត្រ នៃប្រទេសកម្ពុជា បានឡាយព្រហស្ថលេខាផ្តល់សញ្ជាតិជូនកន្លងទៅនេះកំពុងតែជួយបណ្តុះបណ្តាលផ្តល់ការងារដល់យុវជនស្ម័គ្រចិត្ត គាំពារកុមារយុវជន និងមនុស្សធំចំនួន៦៥៨នាក់។ អង្គការមានបុគ្គលិកចំនួន២៣០នាក់ដោយបានផ្ដល់អាហារ សេវាថែទាំសុខភាព ផ្គត់ ផ្គង់ការរៀនសូត្រកន្លែងស្នាក់នៅ និងមានសិទ្ធិពេញលេញស្របតាមកតិកាសញ្ញាស្តីពីសិទ្ធិកុមារ ហើយក៍ជាដៃគូរដ៏សំខាន់របស់ រាជរដ្ឋាភិបាល ជាពិសេសក្រោមការគ្រប់គ្រងផ្ទាល់របស់ អភិបាល នៃគណៈអភិបាល ខែត្រព្រះសីហនុ ក្នុងការជួយអភិវឌ្ឍន៍ប្រជាជន នៃប្រទេសកម្ពុជា។

អភិបាល នៃគណៈអភិបាល ខែត្រព្រះសីហនុ ឯកឧត្ដម ម៉ាង ស៊ីណេត បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមការងារអង្គការ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពុះពារគ្រប់ឧបសគ្គដើម្បីជួយដល់កុមារកម្ពុជាដែលកំពុងជួបនូវការលំបាកគ្រប់រូបភាពតាមរយៈការផ្តល់កន្លែងស្នាក់នៅ ការផ្តល់អាហារ និងការសិក្សាអប់រំ ជាដើម។ សកម្មភាពដ៏ប្រសើរនេះ គឺជាគំរូដ៏វិសេសវិសាលក្នុងការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រដ្ឋបាលខែត្រ ក៍ដូចជា រដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យសិទ្ធិមនុស្ស ជាពិសេសសិទ្ធិកុមារ ព្រមទាំងការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋស្របតាមគោលដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធ ភាព និងចីរភាពកសាងមូលដ្ឋានគ្រឹះឆ្តោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ឯកឧត្ដម ម៉ាង ស៊ីណេង បន្ដទៀតថា រាជរដ្ឋាភិបាល បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍន៍មូលធនមនុស្ស ជាពិសេសកុមារដែលជាធនធានមនុស្សមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។ សូមអំពាវនាវនិងស្នើដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព គ្រឹះស្ថានឯកជន សង្គមស៊ីវិល អង្គការអន្តរជាតិ ពាក់ព័ន្ធនានាជាពិសេសសប្បុរសជនក្នុងខែត្រសូមបន្តជួយជ្រំជ្រែងឧបត្ថម្ភគាំទ្រដល់ អង្គការម្លប់តាប៉ាង តាមរយៈការបរិច្ចាគថវិកា គ្រឿងឧបភោគ បរិភោគ សំលៀលបំពាក់ សម្ភារសិក្សា សម្ភារប្រើប្រាស់ជាដើម ដើម្បីជួយដល់កុមារឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្លាយជាទំពាំងស្នងឫស្សីដ៏ល្អក្នុងពេលអនាគត។ ​រួមចំណែកកសាងសង្គមកម្ពុជាឱ្យឆ្ពោះទៅរកភាពរុងរឿងបន្ថែមទៀតស្រមតាម បរិបទសង្គម និងសម័យកាលប្រព័ន្ធឌីជី ថល។

លោកស្រី រ័ត្ន ច័ន្ទផល្គុណ នាយិកា បានផ្តល់ឯកសារតាមប្រព័ន្ធតេឡេក្រាមថា អង្គការម្លប់តាប៉ាង ជាអង្គការមិនមែន រដ្ឋាភិបាល ចុះបញ្ជីនៅ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។ អង្គការ បានចាប់ផ្តើមដំណើរការសកម្មភាពមនុស្សធម៌ចាប់តាំងពី ឆ្នាំ២០០៣ ដោយផ្តល់សេវាកម្មជួយគាំទ្រដល់ កុមារ យុវជនងាយរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។ អង្គការ បានចាប់ផ្តើមដំបូងជាអង្គការតូច ហើយក៍បានបន្តរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះកំពុងធ្វើការជាមួយកុមារ និងយុវជនងាយរងគ្រោះជាង៦,០០០នាក់ និងជាង៣,០០០គ្រួសារនៅក្នុង ខែត្រព្រះសីហនុ។

អង្គការម្លប់តាប៉ាង ចង់ឃើញកុមារទាំងអស់រស់ជាមួយ នឹងក្រុមគ្រួសាររបស់ពួកគេប្រកបដោយសុវត្ថិភាព សុខភាព និងភាពសប្បាយរីករាយ រស់នៅក្នុង សហគមន៍ មួយដែលកុមារទាំងអស់ទទួលបាននូវការគោរពស្រឡាញ់ស្មើៗគ្នា និងអនាគតរបស់ពួកគេមានជម្រើសវិជ្ជមាន។

ភាពខ្លាំងចម្បងមួយក្នុងចំណោមភាពខ្លាំងជាច្រើនរបស់ អង្គការ គឺសម្មភាពដែលអាចផ្តល់នូវសេវាកម្មរួមគ្នាមួយជួយដល់កុមារ យុវជន និងគ្រួសាររបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាច្រើនដែលពួកគាត់ជួបប្រទះ។ អង្គ ការបានផ្តល់សេវាទូលំទូលាយដើម្បីធានាថា បានបំពេញទៅតាមតម្រូវការចាំបាច់របស់កុមារ និងគ្រួសារ។

ការផ្តល់សេវាកម្មដោយមិនគិតថ្លៃដល់កុមារ និងគ្រួសារ ដែលអង្គការធ្វើការជាមួយរូមមានដូចជាៈ ការពារសិទ្ធិកុមារ។ការចុះតាមមូលដ្ឋាន និងជួយគាំទ្រដល់គ្រួសារ។ ការធ្វើសមាហរណកម្មទៅកាន់គ្រួសារវិញ។ ការថែទាំជំនួស។ ការអប់រំនិងសមាហរណកម្មទៅកាន់សាលារដ្ឋវិញ។ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការជួយរកការងារ និងមុខរបរ។ គ្រឿងញៀន និងការកាត់បន្ថយគ្រោះថ្នាក់។ ការថែទាំសុខភាព។ កីឡា និងសកម្មភាពកម្សាន្ត។ ការអប់រំនៅ សហគមន៍។ សិល្បៈនិងតន្ត្រី។ ការពិគ្រោះយោបល់ និងការគំាទ្រផ្លូវចិត្ត និងការចូលរួមរបស់កុមារ/យុវជន។

បុគ្គលិក ប្រជាពលរដ្ឋ និងកុមារ ដែលរស់នៅជាមួយអង្គការសម្តែងការរីករាយចំពោះ អង្គការមនុស្សធម៌ មួយនេះជាខ្លាំងនិងសូមគោរពថ្លែងអំណរគុណព្រមទាំងជូនពរ ឯកឧត្តម ម៉ាង ស៊ីណេត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ លោកលោកស្រី សូមមានសុខភាពល្អបរិបូរ កម្លាំងមាំមួន និងទទួលជោគជ័យគ្រប់ភារកិច្ចដឹកនាំ និងអភិវឌ្ឍន៍ ខែត្រព្រះសីហនុឱ្យកាន់តែរីកចម្រើន និងជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ថា អង្គការក្រៅរដ្ឋាភិបាល មួយចំនួននៅកម្ពុជាកំពុងតែជួយជ្រោមជ្រែងអភិវឌ្ឍប្រជាជន និងកុមារកម្ពុជា ជាមួយ រាជរដ្ឋាភិបាល យ៉ាងសកម្មផងដែរ៕