​អគារសិក្សា​មួយ​ខ្នង​៦​បន្ទប់​តម្លៃ​ដប់​ម៉ឺន​ដុល្លារ​លំដាប់​ស្តង់ដារ​ត្រូវ​បើក​ការដ្ឋាន​សាងសង់​នៅ​ស្រុក​ពារាំង​ ​

0
168

​ដោយៈ ចាន់ ថន​
​ ​ព្រៃវែងៈ ពលរដ្ឋ​ជា​មាតាបិតា​សិស្ស និង​លោកគ្រូ​អ្នកគ្រូ អាជ្ញាធរ​មូលដ្ឋាន ពិតជា​មានការ​សប្បាយ​រីករាយ​ខ្លាំង នៅពេល​ឃើញ​វត្តមាន​អគារ​​លំដាប់​ស្តង់ដារ​អន្តរជាតិ​មួយ​ខ្នង​៦​បន្ទប់​ដែលមាន​តម្លៃ​ដប់​ម៉ឺន​ដុល្លារ​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​ដែលជា​តម្រូវការ​របស់​សិស្សានុសិស្ស​កំពុងតែ​ជួប​ការ​​ខ្វះ​សាលា​អគារសិក្សា​។​
​ ​
​ពិធីបើកការដ្ឋាន​នេះ​បាន​ធ្វើឡើង​នៅត្រង់ សាលាបឋមសិក្សា​ស្នាយ​ពល ភូមិ​ស្នាយ​ពល ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង កាលពី​រសៀល​ថ្ងៃទី​១៩ ខែធ្នូ ​ឆ្នាំ​២០១៩ ក្រោម​វត្តមាន​លោក​បណ្ឌិត ភី​ត ថឺ​លី និង​លោកស្រី ឆាយ លី​ណា ព្រមទាំង​ក្រុមការងារ​ជាច្រើន​នាក់​និង​ការចូលរួម​ពី​លោក ហ៊ី ធួ​ក អភិបាល ​ស្រុក​ពារាំង លោក ផែង អូន ប្រធានការិយាល័យ​អប់រំ​ស្រុក លោកគ្រូ​អ្នកគ្រូ លោកតា លោកយាយ ពលរដ្ឋ​សរុប​ប្រមាណ​ជាង​១០០​នាក់​។ អគារ​មតេយ្យ​​នេះ​ជា​ជំនួយ​របស់លោក​បណ្ឌិត ភី​ត ថឺ​លី និង​លោកស្រី ឆាយ លី​ណា ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជា​១០​ម៉ឺន​ដុល្លារ​អាមេរិក​។​
​ ​
​ស្ថិតក្នុង​ឱកាស​នោះ​លោក ផែង អូន ប្រធានការិយាល័យ​អប់រំ យុវជន​និង​កីឡា ស្រុក​ពារាំង បាន​ថ្លែងអំណរ គុណ​ចំពោះ​លោក​បណ្ឌិត ភី​ត ថឺ​លី និង​លោក​​ស្រី ឆាយ លី​ណា ដែល​បានផ្ដល់​អគារសិក្សា​មួយ​ខ្នង​៦​បន្ទប់​លំដាប់​ស្តង់ដារ​ដល់ ស្រុក​ពារាំង​។ លោក ផែង អូន បានបញ្ជាក់​ទៀតថា តាម​ប្លង់​បន្ទប់​នីមួយៗ​​នៃ​អគារ​នេះ​ មាន​បិទ​ការ៉ូ​ទាំង​៦​បន្ទប់ ទីធ្លា​ធំ​ស្តង់ដារ​ខ្ពស់ និង​មាន​បន្ទប់​ទឹកស្អាត​សង់​នៅ​ជិត​អគារ​ទៀតផង​។ ពោលគឺ​ឃើញតែ​ប្លង់​ក៍​ដឹងថា ស្អាត​ដែរ​ហើយ​​លោក​មិន​នឹកស្មានថា មាន​ជំនួយ​ខ្នាត​ធំ​និង​ល្អ​បែបនេះ​សម្រាប់​សិស្ស​មតេយ្យ​សិក្សា​នៅ ស្រុក​ពារាំង នេះ​ទេ​។​
​ ​
លោក ផែង អូន បាន​ចាត់ទុកថា នេះ​ជា​សំណាង​ធំ​ណាស់​សម្រាប់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ជាពិសេស​សិស្សានុ សិស្សដែល​កំពុង​ត្រូវការ​អគារសិក្សា​។ លោក​​បញ្ជាក់ថា បច្ចុប្បន្ន​អគារសិក្សា​នៅ ស្រុក​ពារាំង សរុប​១៧៨​ខ្នង​ស្មើ​៧៥៤​បន្ទប់​ដោយ​មិនទាន់​គិត​ចូល​អគារ​ថ្មី​នេះ​ទេ ដែលមាន​គ្រូ​សរុប​៧៩៦​នាក់​សាលា​​រៀនមាន​ចំនួន ​៦៦​សាលា សិស្ស​សរុប​២៤,៩២៤​នាក់ ស្រី​១២៣៥០​នាក់​។​
​ ​
​លោកស្រី ឯក សុវណ្ណ​តារា នាយិកា​សាលាបឋមសិក្សា​ស្នាយ​ពល បាន​ឲ្យ​ដឹងថា សាលា​មតេយ្យ​របស់លោក​ស្រី​មាន​អគារ​មួយ​ខ្នង​បី​បន្ទប់​សិស្ស​ចំនួន​១៩៥នាក់​។ សិស្ស​មក​រៀន​បី​ភូមិ​គឺ ភូមិ​ស្នាយ​ពល ភូមិ​រកា ភូមិ​ត្រកៀត ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង​។​
​ ​
​ជាមួយគ្នា​នោះ​លោក​បណ្ឌិត ភី​ត ថឺ​លី បាន​ថ្លែងថា បានជា​លោក​សម្រេចចិត្ត​ជួយ​សាងសង់​អគារ​នេះ ក៍​ព្រោះតែ​លោក​នឹកឃើញ​អតីតកាល​ជំនាន់​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ សម័យ ប៉ុល ពត ដែល​ធ្លាប់​កំសត់កម្រ​រស់នៅ ស្រុក​ពារាំង ហើយ​ពេលនោះ​លោក​ត្រូវគេ​យកទៅ​សម្លាប់ចោល ប៉ុន្តែ​សំណាងល្អ​មាន​មនុស្សម្នា​ក់នៅ
​ស្រុក​ពារាំង ជួយ​រូបលោក​ទើប​លោក​អាច​គេច​ផុតពី​សេចក្ដីស្លាប់​។ ក្រោយ​ផុត ឆ្នាំ​១៩៧៩ លោក​បាន​ចេញមក​រស់​នៅឯ ទីក្រុង​ភ្នំពេញ រហូត​សព្វថ្ងៃ​រកស៊ី​​មានបាន​។​
​ ​
​លោក​បន្តទៀតថា ពោលគឺ​លោក​នឹក​គុណ​អ្នក​ជួយ​ជីវិត​លោក និង​ដឹងគុណ​ទឹកដី​ធ្លាប់​រស់នៅ​គួបផ្សំ និង​ឃើញ​អគារ​មតេយ្យ​នៅ​ទីនោះ​មាន​សភាព​ចាស់​​ទ្រុត​ទ្រោម ទើប​សម្រេចចិត្ត​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ខ្ទង់​១០​ម៉ឺន​ដុល្លារ​ក្នុងការ​សាងសង់​អគារ​ថ្មី​មួយ​ខ្នង​ប្រាំមួយ​បន្ទប់​ជូន​សិស្សានុសិស្ស​តែម្ដង​។​
​ ​
​លោក​បណ្ឌិត ភី​ត ថឺ​លី ន្ថែ​ម​ថា ការដ្ឋាន​សាងសង់​អគារ​មតេយ្យ​មួយ​ខ្នង​៦​បន្ទប់​នៅក្នុង សាលាបឋមសិក្សា​ស្នាយ​ពល នេះ​ត្រូវ​ចំណាយ​រយៈពេល​សាង​​សង់​អស់​រយៈពេល​បី​ខែ​។ លោ​កថា​មិន​ចប់​ត្រឹម​ប៉ុណ្ណឹង​ទេ​លោក ​នឹង​ជួយ​សាងសង់​បន្លែ​ម​ទៀត​បើ​តម្រូវការ​ចាំបាច់​មាន​ទី​ធ្លា​ទំនេរ​សម្រាប់ធ្វើ​៕