សាលាខែត្រព្រះសីហនុ បច្ចុប្បន្នុពុំបានបង្ហាញពីចេតនាបន្តអភិវឌ្ឍស្រះទឹកមុខរោងចក្រស្រាបៀរអង្គរជារមណីដ្ឋាននោះទេខណៈពលរដ្ឋក្រុងព្រះសីហនុនៅតែទទូចចង់ដឹងថាតើវាជាសម្បត្តិសាធារណៈរបស់រដ្ឋឬជាកម្មសិទ្ធិឯកជន ?

0
474

ដោយៈ អធិបតី                                                                                                    ព្រះសីហនុៈ ប្រជាពលរដ្ឋក្នុង ក្រុងព្រះសីហនុ អ្នកណាៗក៍គិតថា ស្រះទឹកដ៏ធំធេងមាន ឈូក ព្រលឹត ស្ថិតនៅ មុខស្រាបៀរអង្គរក្នុង សង្កាត់លេខ១ ក្រុងខែត្រព្រះសីហនុ ជាសម្បត្តិសាធារណៈរបស់រដ្ឋដែរ។ ប៉ុន្តែផ្ទុយទៅ វិញមួយផ្នែក នៃស្រះទឹកនេះមានម្ចាស់កម្មសិទ្ធិ (ប្លង់ស្លាបមាន់) តាំងពីទសវត្សរ៍៩០ប្លាយមកម្ល៉េះហើយលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ បច្ចុប្បន្នបានបន្តចរន្តការចេញប្លង់ រឹងក្នុង ឆ្នាំ២០១៩ ស្របច្បាប់ជាប្រព័ន្ធអស់ទៅហើយ។

កាលពីអាណត្តិលោក យន្ត មីន ដឹកនាំមានទស្សនវិស័យអភិរក្សស្រះទឹកនេះទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ និងទុកឱ្យប្រជាពលរដ្ឋចេញចូលប្រើប្រាស់ អាស្រ័យផលរួមដោយគ្រោងអភិវឌ្ឃស្រះទឹកនេះជា រមណីយដ្ឋាន ធ្វើសួនច្បារព័ទ្ធជុំវិញ ជាហេតុធ្វើឱ្យលោកមិនព្រមចុះហត្ថលេខាយល់ព្រមឱ្យម្ចាស់មានបណ្ណកម្មសិទ្ធិនៅនឹង ស្រះឈូក ចាក់ដីលុបស្រះនោះឡើយ។ នេះបើយោងតាមរូបភាពលើកគម្រោងរបស់ សាលាខែត្រព្រះសីហនុ នាពេលកន្លងមក។

អ្វីដែលជាអកុសលបន្ទាប់ពីលោក គួច ចំរើន អភិបាល ខែត្រព្រះសីហនុ ឡើងកាន់ដំណែងជាអភិបាលខែត្រ មិនទាន់បានមួយខែស្រួលបួលផង លោកក៍បានចុះហត្ថលេខាយល់ព្រមឱ្យម្ចាស់បណ្ណកម្មសិទ្ធិទៅឱ្យលោក ឡាយ ប៊ុនប៉ា ចាក់ដីលុបស្រះទឹកដ៏កំសត់នោះអស់ទំហំ៦,៧៦៩ម៉ែត្រការ៉េគឺជាងកន្លះហិកតាបាត់ទៅហើយ។ លោក គួច ចំរើន ឡើងកាន់ដំណែងជាអភិបាល ខែត្រព្រះសីហនុ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ហើយ លោកបានចុះហត្ថលេខាឱ្យគេចាក់ដីលុបស្រះទឹកនោះនៅថ្ងៃទី៣០ ខែកក្កដា ២០១៩។ លើសពីនេះទៅទៀត លោក ចេង ស្រុង ប្រធាមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ បច្ចុប្បន្នបានបន្តចរន្តការ ចេញប្លង់រឹងទាក់ទងនឹងស្រះទឹកខាងលើឱ្យឧត្តមសេនីយ៍ ជា សឿន នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩។

តើវាជាការពិតទេដែលក្នុងបណ្ណកម្មសិទ្ធិរបស់លោក ឡាយ ប៊ុនប៉ា នៅនឹងស្រះទឹកខាងលើគេសរសេរថា ស្រះ ឈូកនោះជា «ដីចម្ការ» ចេញនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៩៧ ចុះហត្ថលេខាដោយលោក លឹម វ៉ាន់ ប្រធាន នាយកដ្ឋានសុរិយាដីស្តីទីនាពេលនោះហើយលោក គួច ចំរើន សំអាងលើបណ្ណកម្មសិទ្ធិនេះបន្ទាប់ពីលោកឡើង កាន់ដំណែងជាអភិបាល ខែត្រព្រះសីហនុភ្លាមក៍បានចុះហត្ថលេខាអនុញ្ញាតឱ្យ ភាគីម្ខាស់បណ្ណចាក់ដីលុបស្រះ ទឹកនោះមួយជ្រុងភ្លេតដែលមានទំហំ៦,៧៦៩ (ប្រាំមួយពាន់ប្រាំពីររយហុកប្រាំបួន) ម៉ែត្រការ៉េ។

អតីតមន្រ្តី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ ខែត្រព្រះសីហនុ សុំមិនបញ្ចេញអត្តស ញ្ញាណរៀបរាប់ប្រាប់ពីដំណើរការចេញបណ្ណកម្មសិទ្ធិ (ស្លាបមាន់) នៅនឹងស្រះទឹកខាងលើថា មានឧត្តមសេនី យ៍ម្នាក់បញ្ជាឱ្យប្រធាន មន្ទីររៀបចំដែនដី ធ្វើប្លង់កាន់កាប់ស្រះទឹកនេះទាំងកម្រោលយ៉ាងដូច្នេះថា «ធ្វើឬមិនធ្វើ ? បើមិនធ្វើចេញទុកឱ្យគេអាចធ្វើបានមកធ្វើ»។ ហេតុការណ៍នេះបានកើតឡើងកាលពីអាណត្តិដឹកនាំរបស់ លោក ស្បោង សារ៉ាត់ លោកបានបញ្ជាក់។

ប្រភពខាងលើបានសង្កត់ធ្ងន់ទៀតថា «តែបើអាណត្តិដឹកនាំចៅហ្វាយខែត្រ និងប្រធានមន្ទីររៀបចំដែនដីក្រោ យៗមានឆន្ទៈគឺអាចនិរាករណ៍បណ្ណកម្មសិទ្ធិទាក់ទងនឹងស្រះឈូកទាំងអស់បានរួចដកហូតស្រះទឹកហ្នឹងមកដាក់ជាសម្បត្តិសាធារណៈរដ្ឋវិញគឺប្រាកដជាអាចធ្វើបាន»។

ទាក់ទងនឹងស្រះទឹកខាងលើបុរសម្នាក់អាយុ៦០ប្លាយរស់នៅ ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ ជាអតីតទាហាន ប៉ុល ពត ដែលបានឈរជើងនៅតំបន់ឃ្លាំងលើស្ថិតក្នុង សង្កាត់លេខ១ ក្រុងព្រះសីហនុ សព្វថ្ងៃបានឱ្យ បាយ៉ង់ ថាមស៍ ដឹងថា «ការពិតស្រះទឹកមុខរោងចក្រស្រាបៀរអង្គរនោះកាលពីសម័យ ប៉ុល ពត វាជាថ្លុកទឹកដក់តូច ល្មមទេ តែនាសម័យលោក ប៉ុល ពត នោះគេឱ្យជីកថ្លុកនោះយកអាចម៌ដីទៅលើកទំនប់ក៍បានក្លាយទៅជាស្រះ ទឹក យ៉ាងធំល្វឹងល្វើយតាំងពីពេលនោះរហូតមកដល់សព្វថ្ងៃ។

លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ហៅកាត់ថា «ស៊ីអិនរ៉ូ (CNRO)» ប្រចាំ ខែត្រព្រះសី ហនុ មានប្រសាសន៍ថា លោកមិនដឹងថា ស្រះទឹកខាងលើពីមុនជាអ្វីនោះទេដោយគ្រាន់តែដឹងថា វាជាស្រះ ទឹកដ៏ធំធេង មានឈូក ព្រលឹត និងមានត្រីដែលប្រជាពលរដ្ឋនាំគ្នាអាស្រ័យផលរួម ហើយវាក៍ជាស្រះទឹកមួយ ដែលអាចស្តុកទឹកភ្លៀងបានច្រើនផងដែរ។ ដូច្នេះថ្នាក់ដឹកនាំខែត្រ និងមន្ទីរជំនាញគួរតែនិរាករណ៍បណ្ណកម្ម សិទ្ធិទាក់ទងនឹងស្រះទឹកខាងលើនេះចោលរួចដកហូតស្រះទឹកនោះយកមកទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ វិញនិងគួរបន្តចរន្តការនៃគម្រោងអភិវឌ្ឍស្រះទឹកដ៏ធំនោះជារមណីយដ្ឋានសម្រាប់ប្រជាពលរដ្ឋទូទៅចេញចូលប្រើប្រាស់កម្សាន្តតាមតម្រូវការដើម្បីឱ្យវាស័ក្ដសមនឹងក្រុងទេសចរណ៍ ដែលមានការអភិវឌ្ឍន៍ស្ដង់ដារទំនើប កំពុងតែរីកចម្រើនទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិពិសេសវាជាទីក្រុងផ្ដល់ចំណាប់អារម្មណ៍ដល់ អ្នកវិ និយោកទន់ផងដែរ។

កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំ ណង់ ខែត្រព្រះសីហនុ មិនបានឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានយើងទេពេលទាក់ទងសុំការបញ្ជាក់តាម ប្រព័ន្ធតេឡេក្រាមយ៉ាងដូច្នេះថា «តើខ្ញុំអាចសុំការបញ្ជាក់ពីស្រះទឹកមុខរោងចក្រស្រាបៀរអង្គរបន្តិចបានទេថា តើស្រះទឹកមួយនេះមន្ទីរជំនាញរបស់លោកបានចេញបណ្ណកម្មសិទ្ធិស្របច្បាប់ជាប្រព័ន្ធអស់ហើយមែនឬ ? និង ការចេញប្លង់កម្មសិទ្ធិកន្លងមកមួយចំនួននៅនឹងស្រះទឹកនេះខាងមន្ទីរជំនាញផ្អែកលើអ្វីខ្លះដែរបាទ ? សូមអរ គុណ»។

ចំណែកលោក ឃាង ភីរម្យ អ្នកនាំពាក្យ ខែត្រព្រះសីហនុ ក៍ពុំបានអធិប្បាយពីមូលហេតុដែលរដ្ឋបាល ខែត្រ ព្រះសីហនុ មិនបន្តគម្រោងអភិវឌ្ឍស្រះទឹកខាងលើទៅជារមណីយដ្ឋានផងដែរពេលអ្នកសារព័ត៌មានចោទសួរ តាមប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ថា «តើរដ្ឋបាល ខែត្រព្រះសីហនុ បច្ចុប្បន្ននៅតែ បន្តគម្រោងអភិវឌ្ឍស្រះទឹកមុខស្រាបៀរអង្គរទៅជា រមណីយដ្ឋានសម្រាប់សាធារណៈ និងធ្វើសួនច្បារព័ទ្ធជុំ វិញស្រះទឹកនោះដែរទេ ? » ។ លោក ឃាង ភីរម្យ គ្រាន់តែផ្ដល់ចម្លើយយ៉ាងខ្លីថា «ក្រុមជំនាញកំពុងសិក្សា» ។

ប្រជាពលរដ្ឋរស់នៅក្រុងនិង ខែត្រព្រះសីហនុ មានក្ដីសោមនស្សរីករាយក្រៃងលែងពេលឃើញអភិបាលខែត្រថ្មី សព្វថ្ងៃត្រូវបានតែងតាំងឱ្យមកស្ដារស្ថានភាពនៅ ក្រុងព្រះសីហនុ ដែលគេមើលឃើញថា មានសភាពដុនដាប ។ ប៉ុន្តែផ្ទុយទៅវិញមិនទាន់បានមួយខែផងលោក គួច ចំរើន អភិបាល ខែត្រព្រះសីហនុ បានធ្វើឱ្យពលរដ្ឋខក ចិត្តអស់សង្ឃឹមឥតឧបមា ដែលលោកបានចុះហត្ថលេខាលើលិខិតអនុញ្ញាតឱ្យម្ចាស់បណ្ណកម្មសិទ្ធិទាក់ទងនឹង ស្រះទឹក ចាក់ដីលុប ដែលត្រូវគេកាឡៃស្រះទឹកថាជាដីចម្ការ។ តើហេតុអ្វីមុននឹងលោកអភិបាលខែត្រចុះហត្ថ លេខាលើលិខិតអនុញ្ញាតឱ្យគេចាក់ដីលុបស្រះឈូកនោះ ម្ដេចលោកមិនបង្កើត គណៈកម្មការ ចុះអង្កេតពិនិត្យ ស្រាវជ្រាវជាមុនសិន ថាតើទីតាំងនោះជាដីចម្ការមែនឬជាស្រះទឹកធម្មជាតិ ឬមួយលោកមានអ្វីបិទបាំង ?

គួររំឭកថា រដ្ឋបាលខែត្រព្រះសីហនុ នាពេលបច្ចុប្បន្នមិនត្រឹមតែមិននិរាករណ៍បណ្ណកម្មសិទ្ធិទាក់ទង នឹងស្រះ ទឹកខាងលើប៉ុណ្ណោះទេ សូម្បីតែគម្រោងអភិវឌ្ឍរមណីយដ្ឋាន និងកន្លែងកម្សាន្តនានាក្នុង ក្រុងព្រះសីហនុ ដែលរដ្ឋបាលខែត្រព្រះសីហនុ ក្នុងអាណត្តិដឹកនាំដោយលោក យន្ត មីន បានគ្រោងទុកទាំងអម្បាលមានក៍ ពុំឃើញមានសកម្មភាពបន្តឡើយ។ ក្នុងនោះដូចជា គម្រោងស្ថាបនាស្ពានអាកាសមុខរោងចក្រញូស្ដារឃ្លាំង លើ សួនច្បារនៅបេនឡាន ជិតអតីតមហោស្រព សួនកុមារមុខភូមិគ្រឹះសម្ដេចតេជោ ជាដើម។ល។ ៕