សម្ដេចធិបតី មានការសប្បាយរីករាយ ដែលបានឃើញនូវការសហការគ្នាយ៉ាងល្អរវាងរដ្ឋបាល ខែត្រសៀមរាប វិស័យឯកជន និងប្រជាពលរដ្ឋនៅក្នុង ក្រុងសៀមរាប ផ្ទាល់ដែលបានរួមគ្នារៀបចំតុបតែងលម្អបានយ៉ាងស្អាត ក៏ដូចជាបង្កលក្ខណៈឲ្យមានការលក់ដូរ និងសកម្មភាពកម្សាន្តនៅតាមបណ្ដោយ ស្ទឹងសៀមរាប និងនៅតាមកន្លែងផ្សេងៗទៀតនៅក្នុងក្រុង។
ទោះជាម៉ោងយប់ជ្រៅបន្តិច ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តយ៉ាងច្រើនកុះករ និងមានការបង្គំតន្ត្រីកម្សាន្តផង។ សម្ដេច មានការរំភើបណាស់ដែលការសម្រេចចិត្តក្នុងការរៀបចំ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំនេះនៅ ខែត្រសៀមរាប បន្ថែមលើ សង្ក្រាន្ត នៅតាមបណ្ដារាជធានី-ខែត្រទូទាំងប្រទេស ដែលព្រឹត្តិការណ៍នេះ បានបង្កលក្ខណៈឲ្យសកម្មភាពសេដ្ឋកិច្ចនៅក្នុង ខែត្រសៀមរាប ជាពិសេសនៅក្នុង ក្រុងសៀមរាប មានភាពរស់រវើក និងជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកលក់ដូរ និងអ្នកប្រកបរបរនានានៅក្នុងវិស័យទេសចរណ៍នៅក្នុង ក្រុងសៀមរាប និងនៅតំបន់ជុំវិញផងដែរ។
ដំបូង សម្ដេចធិបតី ក្លែងបន្លំខ្លួនដោយពាក់មួក និងពាក់ម៉ាស់ កុំឱ្យគេស្គាល់ ក៏ប៉ុន្តែនៅតែគេចមិនរួចពីក្រសែភ្នែករបស់បងប្អូនប្រជាពលរដ្ឋ អីចឹងបានទទួលទាំងទឹក ទាំងម្ស៉ៅផងដែរ។ សម្ដេច សូមកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយសប្បាយរីករាយប្រកប ដោយការគោរពគ្នាទៅវិញទៅមក។
សម្ដេចនាយករដ្ឋមន្ត្រី ក៏សូមអរគុណចំពោះ សមត្ថកិច្ចទាំងអស់ដែលបានការពារសន្តិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អដែលបង្កលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានដើរកម្សាន្តដោយសប្បាយរីករាយ និងប្រកបដោយភាពកក់ក្តៅ៕