ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ យោងតាមផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះសម្ដេចមានប្រសាសន៍ដ៏ខ្លីហើយខ្លឹមថា ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅ កាន់ ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជនប្រមាណពីរម៉ឺនគ្រួសារ ដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង។ ខ្ញុំនឹងបំពេញការងារពីរថ្ងៃនៅ ខេត្តបន្ទាយមានជ័យ គឺថ្ងៃទី២១ និងថ្ងៃទី២២ ខែ តុលា ឆ្នាំ២០២០ មុននឹងត្រឡប់មកភ្នំពេញវិញ ដើម្បីដឹកនាំការប្រជុំ គណៈរដ្ឋមន្ត្រី នៅថ្ងៃ២៣ ខែតុលា ឆ្នាំ២០២០។
សម្តេចតេជោគូសបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេ ដែលចាំ បាច់ត្រូវផ្តល់អាទិភាពសង្រ្គោះផង និងស្តារឡើងវិញក្រោយទឹកជំនន់ផង។ សូមអរគុណសប្បុរសជនដែល បានជួយផ្តល់ជា ថវិកា សម្ភារ និងស្បៀងអាហារ។ល។
សម្តេចនាយករដ្ឋមន្ត្រីបានសង្កាត់ធ្ងន់ថា តាមរយៈ រាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិ ឬចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះ។ សូមកោតសរសើរចំពោះស្ថាប័នថ្នាក់ជាតិ និងអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ក្រុមយុវជនទាំងអស់ ដែលបានចូលរួមជួយសង្រ្គោះប្រជា ជននៅតំបន់រងគ្រោះដែលនេះបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំ និងទូលំទូលាយនៃជាតិយើង។ សូម ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ។
គួរបញ្ជាក់ថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចុះជួបប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ទាំងយប់កាលពីពេលថ្មីៗកន្លងទៅនេះ៕