សម្ដេចតេជោនៃកម្ពុជាជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសចិន

0
79

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ យោងតាមផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិននៅ វិមានសន្តិភាពនា ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២០ នេះសម្ដេចតេជោ ទទួលស្វាគមន៍និងជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃប្រទេសចិន។

នៅក្នុងជំនួបនោះ ឯកឧត្តម វ៉ាង យី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន និងឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីចិន ជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៍បានពាំនាំនូវការផ្ដាំសួរសុខទុក្ខពីសំណាក់ ប្រជាជនចិន ជូនចំពោះសម្ដេចតេជោ ថែមទាំងបានជូនពរ សម្ដេចតេជោ ឲ្យទទួលបាននូវសុខភាពល្អបរិបូណ៍ ដើម្បីដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅមុខបន្តទៀត។

ឯកឧត្តម វ៉ាង យី មានប្រសាសន៍បន្តទៀតថា ដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ទៅកាន់ប្រទេសចិន កាល ពីអំឡុង ខែកុម្ភៈ កន្លងទៅនេះ គឺឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ដ៏ល្អរបស់ សម្ដេចតេជោ ចំពោះប្រជាជនចិន និងរដ្ឋាភិបាលចិន។ លើសពីនោះទៅទៀតបានបង្ហាញនូវភាពស្និទ្ធស្នាលមិត្តភាពដ៏រឹងមាំ នៃទំនាក់ទំនង និងការយកចិត្តទុកដាក់រវាងកម្ពុជានិងចិនផងដែរ។

លើសពីនេះទៅទៀត ឯកឧត្តមបញ្ជាក់ថា នេះគឺជាសណ្តានទឹកចិត្តមួយរបស់ សម្ដេចតេជោ មិនត្រឹមតែចំពោះ ប្រជាជនចិនប៉ុណ្ណោះទេ គឺចំពោះប្រជាជនទូទាំងពិភពលោកតែម្ដង ជាក់ស្តែងកន្លងមកដូចជាការទទួលប្រជា ជនជាប់នៅនាវា Westerdam ដែលឆ្លុះបញ្ចាំងសន្ដានចិត្តមនុស្សធម៌របស់ សម្ដេចតេជោ ដែលនៅពេល នោះអន្តរជាតិទាំងមូលបានទទួលស្គាល់ថា ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដ៏តូចមួយ តែមានបេះដូងធំ។
ឯកឧត្តមក៍បានគោរពរាយការណ៍ជូន សម្ដេចតេជោ អំពីកិច្ចពិភាក្សារវាង ឯកឧត្តមផ្ទាល់ជាមួយ នឹងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស កម្ពុជា អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លើគ្រប់វិស័យ និងមានភាពទូលំទូលាយ។

ឯកឧត្តមបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ បានឈានទៅដល់ការយល់ព្រមពីភាគីទាំងពីរថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ចិននៅតែបន្តគាំទ្រកម្ពុជាយ៉ាងរឹងមាំធ្វើ យ៉ាងណាឲ្យកម្ពុជារក្សាបាននូវ អធិបតេយ្យភាពថ្លៃថ្នូររបស់កម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីនិង ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រី និងប្រជាជនចិន ដែលសួរ សុខទុក្ខចំពោះសម្ដេចផ្ទាល់។ សម្ដេចតេជោ ក៍បានថ្លែងអំណរគុណផងដែរ ចំពោះការវាយតម្លៃខ្ពស់ នៃទំ នាក់ទំនងរវាងកម្ពុជានិងចិន។

សម្ដេចតេជោក៍បានអបអរសាទរ ចំពោះមិត្តចិន ដែលទទួលបាននូវភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺ covid-១៩។ សម្ដេចតេជោ មានប្រសាសន៍ថា ប្រទេសចិនមានប្រជាជនជាង១០០០លាននាក់។ ប៉ុន្តែអ្នកដែល ទទួលរងនូវជំងឺនេះមានភាគរយតិចបំផុតបើប្រៀបធៀបទៅនឹងប្រទេសដទៃ ក្នុងន័យនេះប្រទេសចិន គឺមាន សមត្ថភាពគ្រប់គ្រាន់និងបានទប់ស្កាត់ ជំងឺកូវី-១៩ បានជោគជ័យ។ សម្ដេចតេ ជោនាយករដ្ឋមន្ត្រីក៍បានសំដែង នូវការគាំទ្រ និងអបអរសាទរ ចំពោះកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការវាង ឯកឧត្តម វ៉ាង យី ជាមួយ និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស កម្ពុជា។

សម្ដេចតេជោ ក៍បានជម្រាបជូន ឯកឧត្តម វ៉ាង យី អំពីដំណើរការ នៃការទប់ស្កាត់ ជំងឺកូវីដ-១៩ របស់ប្រទេស កម្ពុជា ក៍ដូចជាដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា។ ការទប់ស្កាត់ ជំងឺកូវីដ-១៩ គឺទទួលបានជោគជ័យ ប្រជាជន កម្ពុជា បានអនុវត្តតាមគោលការណ៍របស់ រាជរដ្ឋាភិបាល គោលការណ៍របស់ ក្រសួងសុខាភិបាលហើយ រដ្ឋាភិ បាលកម្ពុជា ក៍មានយន្តការច្បាស់លាស់ក្នុងការទប់ស្កាត់ ជំងឺកូវីដ-១៩ ផងដែរ។

សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានផ្ដល់ជំនួយដល់កម្ពុជាការចុះហត្ថលេខានៅកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីថ្ងៃនេះពិតជាមានសារសំខាន់ណាស់។​ សម្ដេចតេជោ ក៍បានបញ្ជាក់ថា EBA គង់មានថ្ងៃ ណាមួយនឹងបាត់បង់ តែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន គឺនៅជារៀងរហូត៕