លោក លី សាម៉េត.ដួង តារា.មួង ឃីម អាចមានទោសពី៥ទៅ១០ឆ្នាំនិងឧកញ៉ា អ៊ុត ធី អាចមានទោស២ទៅ៥ឆ្នាំ

0
227

ដោយៈ អធិបតី
ភ្នំពេញៈ បាបកម្មមិនចាំជាតិក្រោយ ! នៅទីបំផុត តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានសម្រេ ចចោទប្រកាន់ជាផ្លូវការនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ទៅលើមនុស្សចំនួន៤នាក់រួមមានលោក លី សាម៉េត ហៅ គ្រូមា. លោក មួង ឃីម បុរសព្រេចខ្ញាំ. លោក ដួង តារា និងលោកឧកញ៉ា អ៊ុត ធី គឺចោទពី បទជំនួញឥទ្ធិពលសកម្ម ជំនួញឥទ្ធិពលអកម្ម និងសមគំនិតក្នុង បទជំនួញឥទ្ធិពលអកម្ម នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

លោក ប្លង់ សុផល អ្នកនាំពាក្យ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា តំណាងអយ្យការ បានសម្រេចបើកការស៊ើបសួរទៅលើជនសង្ស័យដូចខាងក្រោមឈ្មោះ អ៊ុត ធី ភេទប្រុសពី បទជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្ត មាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

អ្នកនាំពាក្យបន្តទៀតថា ចំណែកឈ្មោះ មួង ឃីម ភេទប្រុស និងឈ្មោះ ដួង តារា ភេទប្រុស ចោទពី បទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្ត មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ រីឯឈ្មោះ លី សាម៉េត ភេទប្រុស ចោទពី បទសមគំនិតក្នុង បទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្ត មាត្រា ២៩ នៃមាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និង មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

បើយោងតាម អ្នកច្បាប់ម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ បាយ៉ង់ថាមស៍ ថា មាត្រា ៣២ បទល្មើសពុករលួយ ដែលមានបញ្ញត្តនៅក្នុង ក្រមព្រហ្មទណ្ឌ មាត្រា ៥៩៥ និយមន័យ នៃជំនួញឥទ្ធិពលអកម្ម។ ជំនួញឥទ្ធិពលអកម្ម គឺជាអំពើប្រព្រឹត្តដោយអ្នករាជការសាធារៈ ឬដោយពលរដ្ឋទទួលអាណត្តិសាធារណៈ ដោយការបោះឆ្នោត ដែលទទួលសុំ ឬយល់ព្រមទទួលដោយគ្មានសិទ្ធិ ដោយផ្ទាល់ ឬដោយប្រយោល នូវអំណោយ ជំនួយ ការសន្យា ឬអត្ថប្រយោជន៍ណាមួយ ដើម្បីទទួលបានពីស្ថាប័នរដ្ឋ ដោយសារឥទ្ធិពលពិតប្រាកដ ឬដោយសន្មតនូវការងារ លទ្ធកម្មសាធារណៈ គ្រឿងសម្គាល់កិត្តិយស ឬសេចក្ដីសម្រេចអនុគ្រោះផ្សេងៗដទៃទៀត។ មាត្រា ៥៩៦ ទោសដែលត្រូវអនុវត្ត ជំនួញឥទ្ធិពលអកម្ម ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ទៅ ១០ (ដល់) ឆ្នាំ។

ដូច្នេះការចោទប្រកាន់របស់ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ទៅលើបុគ្គល លី សាម៉េត ហៅ គ្រូមា. ដួង តារា .មួង ឃីម នៅក្នុង មាត្រា ៥៩៥ និង មាត្រា ៥៩៦ ពួកគាត់ត្រូវជាប់ទោសក្នុងម្នាក់ៗ ពី៥ឆ្នាំ ទៅ១០ឆ្នាំ។​

អ្នកច្បាប់បានបន្តទៀតថា នៅក្នុង មាត្រា ៦០៦ បទជំនួញឥទ្ធិពលសកម្ម ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល បុគ្គលណាដោយគ្មានសិទ្ធិ ដោយផ្ទាល់ ឬដោយប្រយោល ប្រគល់អំណោយ ឬជំនូន ធ្វើការសន្យាជាមួយ ឬផ្ដល់អត្ថប្រយោជន៍អ្វីមួយ ដល់អ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដើម្បីទទួលបានពីស្ថាប័នរដ្ឋដោយសារឥទ្ធិពលពិតប្រាកដ ឬដោយសន្មតរបស់អ្នករាជការ ឬពលរដ្ឋនោះ នូវការងារលទ្ធកម្មសាធារណៈ គ្រឿងសម្គាល់កិត្តិយស ឬសេចក្ដីសម្រេចអនុគ្រោះផ្សេងទៀត។

គួរបញ្ជាក់ថា លោក មួង ឃីម ធ្លាប់បានភូតកុហកសម្ដេចតេជោ ហ៊ុន សែន ថា គាត់ជាអ្នករងគ្រោះចាញ់បោកលោក លី សាម៉េត នូវទឹកប្រាក់ចំនួន២៣ម៉ឺនដុល្លារ។ ចំណែកលោកឧកញ៉ា អ៊ុត ធី វិញក៍បានមកដាក់ ពាក្យបណ្ដឹងថា គាត់ជាជនរងគ្រោះចាញ់បោកលោក មួង ឃីម .លី សាម៉េត ហៅ គ្រូមា និង ដួង តារា ពីរឿងទិញលក់ដីធ្លី និងការខ្ចីប្រាក់ជាង៣លានដុល្លារអាម៉េរិក។តាមការពិតទៅពួកគេគឺជាបក្ខពួកនៃក្រុមតែមួយ « ពាលស៊ីពាល » តែប៉ុណ្ណោះ។ ទោះជាយ៉ាងណាមហាជនចង់ឃើញសមត្ថកិច្ចនាំខ្លួនលោក ឡាច សំរោង និងបក្ខពួកឬគូកនឡើងតុលាការ។ ឥឡូវនេះពួកគេអស់លក្ខណ៍ជាប់អន្ទាក់សំណាញ់ច្បាប់រដ្ឋ។គេថា «បាបកម្មមិនចាំជាតិក្រោយ»៕