លោកឧកញ៉ា ទៀវ វិចិត្រ ផ្ដល់ថវិកាផ្ទាល់ខ្លួន ២,០០០ដុល្លារ ជូនដល់ក្រុមយុវជនរត់ម៉ារ៉ាតុងដើម្បីមនុស្សធម៌ និងសាលាខែត្រព្រះសីហនុឧបត្ថម្ភ១០លានរៀល

0
232

ដោយ តិល សាមុត

ខែត្រព្រះសីហនុ៖ លោកឧកញ៉ា ទៀវ វិចិត្រ ដែលមហាជនកត់សម្កាល់ឃើញថាជាអ្នកមានទ្រព្យាមួយរូប ហើយមានចិត្តធម៌ និង សប្បុរស បានឧបត្ថម្ភ ២,០០០ដុល្លារ ជូនដល់ក្រុមយុវជនរត់ម៉ារ៉ាតុងដើម្បីមនុស្សធម៌ និង សាលាខែត្រព្រះសីហនុបរិចាគ១០លានរៀល ខណៈសប្បុរសជននានា ជាមួយសមាជិក ស.ស.យ.ក បានឧបត្ថម្ភ ទឹកប្រាក់២លានរៀល និង ៨០០ដុល្លារផងដែរ ។

នេះយោងតាមការបញ្ជាក់របស់យុវជនឈ្មោះ សាយ ដែលជាអ្នករត់ម៉ារ៉ាតុង ប្រាប់បាយ៉ង់ថែមស៍ តាមប្រព័ន្ធតេឡេក្រាមកាលពីរសៀលថ្ងៃទី២០ តុលា ២០២០ ។

ក្រុមយុវជនរត់ម៉ារ៉ាតុងឆ្លងកាត់២៣ខែត្រក្រុងក្នុងប្រទេសកម្ពុជា ចម្ងាយ២,៦៨៥គីឡូម៉ែត្រដើម្បីមនុស្សសធម៌ ក្នុងគោលបំណងរៃអង្គាសប្រាក់ជួយដល់ មន្ទីរពេទ្យកុមារអង្គរ ខែត្រសៀមរាម បានមកដល់ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៨ តុលា និងនៅរសៀលថ្ងៃទី១៩ តុលា ២០២០ បានបង្ហាញវត្តមានពួកគេនៅសាលាខែត្រព្រះសីហនុ និងចូលជួបអភិបាលខែត្រព្រះសីហនុ ដើម្បីសម្បីសម្ដែងការគួរសមជាមួយអាជ្ញាធរមូលដ្ឋាន ។

ក្រុមយុវជនរត់ម៉ារ៉ាតុងនេះ មានគ្នា៩នាក់ អ្នករត់មួយនាក់ អ្នកទំនាក់ទំនងបើកផ្លូវពីរនាក់ អ្នកពត៌មានពីរនាក់ អ្នករៀបចំម្ហូបអាហារ និងកន្លែងស្នាក់ពីរនាក់ គ្រូពេទ្យម្នាក់ និង អ្នកបើកបរមួយនាក់ ។ ការរត់ក្នុងមួយថ្ងៃមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ពួកគេដល់កន្លែងណាមានភូមិ ពួកគេអាចនឹងស្នាក់ជាមួយប្រជាពលរដ្ឋ តែបើពួកគេដល់តំបន់ណាដែលមិនមានភូមិដ្ឋានទេ ពួកគេនឹងបោះតង់ស្នាក់ ។ នេះបើតាមការស្រង់ពត៌មានពីក្នុងសៀវភៅតូចស្ដើង ដែលកំណត់ត្រាការរត់របស់ សាយ ។

គួរបញ្ជាក់ថា ក្រុមយុវជនរត់ម៉ារ៉ាតុងនេះ នឹងរត់ចាកចេញពីរង្វង់មូលតោពីរក្រុងព្រះសីហនុនៅម៉ោង៥ព្រឹកថ្ងៃទី២១ តុលា ២០២០ ឆ្ពោះទៅក្រុងខេមរភូមិន្ទខែត្រកោះកុង ជាមួយប្រាក់រៃអង្គាសទទួលបានពីការឧបត្ថម្ភចំនួន១២លានរៀល និង ២,៨០០​ដុល្លារ ពីខែត្រព្រះសីហនុ ។

 

យុវជនឈ្មោះ សាយ ដែលជាតារាចម្រៀង និងជាតារាសម្ដែងផងនោះ គឺជាអ្នករត់ម៉ារ៉ាតុងផ្ទាល់ដើម្បីសកម្មភាពមនុស្សធម៌នេះ បានរៀបរាប់ថា លោកបានចាប់ផ្ដើមរត់ចេញវត្តភ្នំ រាជធានីភ្នំពេញនៅថ្ងៃទី០៦ តុលា ២០២០ ព្រោះថ្ងៃនេះជាខួបកំណើតរបស់លោក ។ហើយបើតាមពត៌មានក្នុងសៀវភៅតូចស្ដើង(Brochure)កំណត់ត្រាការរត់របស់ សាយ សរសេរថា យុវជនរូបនេះចូលចិត្តកីឡាបាល់បោះ និងការរត់ ព្រមជាមួយគ្នានេះលោកមានបទពិសោធន៍ក្នុងការរត់ម៉ារ៉ាតុង ជាង១០លើកមកហើយ គឺតាំងពីឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២០ ៕