តើហេតុអ្វីមានការអះអាងផ្ទុយគ្នាយ៉ាងដូច្នេះ ? តើប្រជាពលរដ្ឋរាយការណ៍មកពិត ឬលោកមេប៉ុស្ដិ៍លើកឡើងការពារ ?
រាល់ការបំពងសម្លេងត្រូវបានគេហាមឃាត់ចាប់ពីម៉ោង១០យប់ និងពេលថ្ងៃត្រង់ និងដំណាក់កាលនេះរាជរដ្ឋាភិបាលកំពុងប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយក្រសួងសុខាភិបាលបានដាក់បំរាមមិនអនុញ្ញាតឱ្យ ខារ៉ាអូខេ(KTV) ក្លឹមកម្សាន្ត រោងភាពយន្ត និង សារមន្ទីរ នៅទូទាំងប្រទេសដំណើរការឡើយ ។ ប៉ុន្តែហាងខារ៉ាអូខេខាងលើនៅតែដំណើរការបានរលូន នាំមកនូវការរំខានដល់ពលរដ្ឋជិតខាងផង ដោយមិនញញើតនឹងអាជ្ញាធរមូលដ្ឋានសោះ តើហេតុអ្វី ?
លោក ប្រាក់ ពុទ្ធា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់លេខ១ មានប្រសាសន៍អះអាងតាមប្រព័ន្ធទូរស័ព្ទប្រាប់ បាយ៉ង់ថែមស៍ ថា«នៅតំបន់ដែនសមត្ថកិច្ចរបស់ខ្ញុំគ្រប់គ្រង ខ្ញុំដឹងទាំងអស់ថាកន្លែងណាបិទកន្លែងណានៅបើក ព្រោះកូនចៅរបស់ខ្ញុំបានចុះទៅបិទ១៦កន្លែងអស់ហើយ បើទីតាំងណានៅហ៊ានភ្លើដំណើរការទៀត ខ្ញុំនឹងចុះទៅធ្វើផ្ទាល់ដៃនៅយប់ថ្ងៃទី១៦ វិច្ឆិកា ២០២០ ហ្នឹង» ។
ផ្ទុយទៅវិញប្រជាពលរដ្ឋដែលផ្ដល់ពត៌មានមកបាយ៉ង់ថែមស៍ ត្អូញត្អែរពីការរំខាន និង បញ្ជាក់យ៉ាងច្បាស់ថា ទីតាំងហាងខារ៉ាអូខេ ម៉ី ឡៃណា នៅតែដំណើររាល់យប់រហូតដល់ម៉ោង១ទៅម៉ោង២រំលងអាធ្រាត្រ ។ ពួកគាត់បន្តថា ពួកគាត់ធ្លាប់បានប្ដឹងទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១រាប់ដងភ្លេច មានទាំងតាមទូរស័ព្ទដៃ មានទាំងពាក្យបណ្ដឹងលាយលក្ខណ៍អក្សរទៀតផង ។
លោក ញ៉ែម ទឿន ប្រធានក្រុមទី២២ ភូមិ៣ សង្កាត់លេខ១ មានប្រសាសន៍ស្រដៀងគ្នានឹងប្រជាពលរដ្ឋដែរថា ហាងខារ៉ាអូខេ ខាងលើនៅតែបើក បើទោះជាលោកទៅប្រាប់ ឬមេភូមិ និង ប៉ូលីសប៉ុស្ដិ៍ទៅប្រាប់យ៉ាងណាក៏ដោយ ក៏ហាងមួយនេះនៅតែបើកដំណើរការដដែល ។
ប៉ាយ៉ង់ថែមស៍ ពុំបានសុំការបញ្ជាក់ពីម្ចាស់ហាងខារ៉ាអូខេខាងលើនោះទេ ទាក់ទងនឹងការលើកឡើងរបស់ប្រជាពលរដ្ឋជិតៗហាងនោះ ៕ សាមុត