លោកបណ្ឌិត ភីតថឺ លី បានឧបត្ថម្ភអង្ករចំនួន១២តោនដល់ក្រសួងព័ត៌មាន

0
47

ភ្នំពេញៈ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានទទួលនូវអង្ករចំនួន១២តោនពី លោកបណ្ឌិត ភីតថឺ លី ប្រធានក្រុមហ៊ុន អូប៊ីអូអ រ៉ូយ៉ាល់ ខនស្រ្តាក់សិនគ្រុប ឯ.ក និងលោកស្រី ឆាយ លីណា អគ្គនាយិការងវិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ដើម្បីយកទៅគាំទ្រដល់ កិច្ចការមនុស្សធម៌ និងកិច្ចគាំពារ មន្ត្រីសម្រាប់សម្រាលបន្ទុកដែលអ្នកមានការខ្វះខាត និងជួបការលំបាកក្នុងជីវភាពរស់នៅ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ក្នុងនាមថ្នាក់ជាដឹកនាំ មន្ត្រីរាជការ ក្រសួងសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកបណ្ឌិត ភីតថឺ លី និងលោកស្រី ឆាយ លីណា ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុន អូប៊ីអូអ រ៉ូយ៉ាល់ ខនស្រ្តាក់សិនគ្រុប ឯ.ក ដែលបានជួយឧបត្តម្ភអង្ករចំនួន១២តោនមក ក្រសួងព័ត៌មាន។

ចំពោះទឹកចិត្តដ៏ថ្លៃថ្លានេះ ឯកឧត្តម រដ្ឋមន្ត្រី បានចាត់ទុកជា មនោសញ្ចេតនា សេចក្តីរាប់អាន និងការយកចិត្តទុកដាក់ដល់ជីវភាពរបស់ មន្ត្រីរាជការ ក្រសួងព័ត៌មាន ក្នុងការបំពេញការងារ ជាពិសេសក្នុងសកម្មភាពរួមចំណែកដ៏សំខាន់លើកិច្ចគាំពារនិងការងារមនុស្សធម៌នៃ ក្រសួងព័ត៌មាន។

ឯកឧត្តម បានបញ្ជាក់ទៀតថា នៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន បានផ្តល់ការគាំពារដល់ មន្ត្រីជាប្រចាំប្រមាណ៣០០នាក់ក្នុងមួយខែដោយបានផ្តល់នូវ គ្រឿងឧបភោគបរិភោគរួមមាន អង្ករ និងត្រីខ ដើម្បីជួយសម្រាលជីវភាពប្រចាំថ្ងៃ។ ជាមួយគ្នានេះ ក្រសួងក៏បានគិតគូរខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ មន្រ្តីរាជការ និងបងប្អូន អ្នកសារព័ត៌មាន ដោយក្រសួង បានសហការជាមួយ មជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក ដើម្បីទទួលបានការបញ្ចុះតម្លៃ៣០ភាគរយលើ សេវាពិនិត្យសុខភាពសម្រាប់ មន្ត្រីរាជការ ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន រួមទាំងក្រុមគ្រួសារ ថែមទៀតផង៕