រាជរដ្ឋាភិបាលដកតំណែង កន សុខកាយ ពីអភិបាលស្រុកល្វាឯមរឿងសំណូក៣០ម៉ឺនដុល្លារ

0
192

ភ្នំពេញៈ បន្ទាប់ពីផ្ទុះរឿងអាស្រូវចាញ់បោកលោក លី សាម៉េត ហៅ គ្រូមា អស់ចំនួន៣០ម៉ឺនដុល្លារអាម៉េរិកដើម្បីរត់ការយកតំណែងជា អភិបាល ក្រុងអរិយក្សត្រ មិនបានសម្រេច រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ លេខ១០០៩ អនក្រ.តត ស្ដីពីការបញ្ចប់មុខតំណែងមន្ត្រីរាជការ គឺដកហូតតួនាទីលោក កន សុខកាយ ពីអភិ បាល ស្រុកល្វាឯម ខែត្រកណ្ដាល នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ដោយសារ «ប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ»។

នៅក្នុងសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា នៃប្រការ១ បានបញ្ជាក់ថា « ត្រូវបានបញ្ចប់មុខតំណែង លោក កន សុខកាយ ឋានន្ដរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាល ស្រុកល្វាឯម នៃខែត្រកណ្ដាល ដោយសារសាម៉ីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្ដីពីសហលក្ខន្ដិកៈមន្ត្រីរាជការស៊ីវិលនៃ ព្រះរាជាណាចក្រកម្ពុជា»។

ពិតជាមិនធម្មតាលោក កន សុខកាយ មានតួនាទីត្រឹមជា អភិបាល ស្រុកល្វាឯម សោះមានលុយ៣០ម៉ឺនដុល្លារ ដើម្បីយកសូកប៉ាន់ដើម្បីបានតំណែងជា អភិបាល ក្រុងអរិយក្សត្រ។ សេចក្ដីលោភរបស់គាត់នៅពេលនេះត្រូវបានគេចាត់ទុកថាប្រាក់ក៍បង់ថង់ក៍ដាច គឺមានអ្វីទៀតចាញ់បោកគេហើយ ត្រូវអស់តំណែង កិត្តិយសក៍ស្រុតចុះយ៉ាងត្រដាបថែមទៀត។

យោងតាម ផេកហ្វេសប៊ុក ផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៤ ថា « ថ្ងៃនេះខ្ញុំទទួលវីដេអូពីលោក កន សុខកាយ អភិបាល ស្រុកល្វាឯម ថា លី សាម៉េត បានយកប្រាក់ពីគាត់៣០ម៉ឺនដុល្លារដើម្បីរត់ការឲ្យបានតំណែងជា អភិបាល ក្រុងអរិយក្សត្រ»។

គួរបញ្ជាក់ថា បើយោងតាម ច្បាប់ប្រឆាំងអំពើពុករលួយ អ្នកទទួលសំណូក និងអ្នកសូក គឺមានទោសស្មើគ្នា។ ដូច្នេះរឿងនេះវាស្ថិតនៅលើការពិចារណារបស់ថ្នាក់ដឹកនាំជាតិ ដែលលោកជាអ្នកសម្រេចដើម្បីអារកាត់សាច់ស្អុយនេះ៕