មេប៉េអឹមស្រុកស្រែអំបិលបុកជនបរទេសស្លាប់រួចបង់លុយឱ្យសាច់ញាតិរងគ្រោះប៉ុន្តែនៅជាប់បណ្ដឹងអាជ្ញាតុលាការ

0
263

ដោយៈ បាយ៉ង់ថាមស៍
ខែត្រកោះកុងៈ យោងតាមទិដ្ឋភាពច្បាប់ ការបើកបរដោយធ្វេសប្រហែស រួចជ្រុលទៅបុកអ្នកដទៃ បណ្ដាលឱ្យ ស្លាប់រួចយកលុយទៅបង់ឱ្យគ្រួសារជនរងគ្រោះបន្ដិចបន្តួច ប៉ុន្តែគេមិនអាចរំលត់បណ្ដឹងអាជ្ញា ឬគេចផុតពីភាព ទទួលខុសត្រូវចំពោះមុខច្បាប់បានទេ។ នេះបើយោងតាមច្បាប់មាត្រា៨៥ និងអ្នកជំនាញខាងច្បាប់បានឱ្យ អង្គ ភាពសារព័ត៌មាន «បាយ៉ង់ថាមស៍» ដឹងកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។

កាលពីវេលាម៉ោងប្រមាណ៧ និង៣០នាទីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ រថយន្តម៉ាកឡិចស៊ីស៤៧០ បើកបរ ដោយលោក ហន រស្មី មេប៉េអឹម ស្រុកស្រែអំបិល ខែត្រកោះកុង បានរ៉េចង្កូតជ្រុលទៅបុកជនជាតិឥណ្ឌាខណៈ ដែលកំពុងបើកម៉ូតូនៅចំណែកផ្លូវខ្លួនឯម្ខាងទៀតទិសដៅផ្ទុយគ្នាបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុត្រង់ចំណុចផ្លូវកោងទល់មុខ ផ្ទះលក់គ្រឿងសំណង់យីហោ លី យី ស្ថិតក្នុង ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែ អំបិល ខែត្រកោះកុង។

បើយោងតាមប្រភពសាក្សីរស់នៅក្បែរកន្លែងកើតហេតុលើកឡើងថា រថយន្តម៉ាក ឡិចស៊ីស Lx៤៧០ ពណ៌ទឹក ប្រាក់ពាក់ស្លាកលេខ កោះកុង 2C ១៧៧៧ បើកបរក្នុងល្បឿនលឿននៅពេលមកដល់ចំណុចផ្លូវកោងក៍រ៉េចង្កូត ជ្រុលទៅបុក ម៉ូតូម៉ាកហុងដា សេ១២៥ គ្មានពាក់ស្លាកលេខពេញទំហឹងអូសប្រមាណជាង៣០ម៉ែត្រ។ ម៉ូតូនោះ បើកបរដោយជនជាតិឥណ្ឌាបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។ នៅពេលនោះរថយន្តក៍រ៉េចង្កូតទៅបុករបងមុខផ្ទះ ពលរដ្ឋបណ្ដាលឲ្យធ្លាក់សាកសពជនរងគ្រោះនៅនឹងមុខផ្ទះពលរដ្ឋឈ្មោះ យី ទី។

ចំណែកសមត្ថកិច្ចប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ាហែល គូម៉ា ភេទប្រុសអាយុ៤៧ឆ្នាំ ជនជាតិ ឥណ្ឌា កាន់លិខិតឆ្លងដែនលេខ: S 7679824 ទីកន្លែងកំណើត ស្រុកហ្គូរ៉ាក់ពួ ខែត្រអ៊ុតតឺប្រាដែស ដែល បច្ចុប្បន្នស្នាក់នៅ ភូមិឃុំស្រុកកន្លែងកើតហេតុខាងលើ។ បន្ទាប់ពីហេតុការណ៍នេះកើតឡើង សពជនរងគ្រោះ ត្រូវបានគេយកទៅតម្កល់ទុកនៅ វត្តស្រែអំបិល។ រីឯម៉ូតូ និងរថយន្ត ត្រូវប៉ូលិសចរាចរយកទៅរក្សាទុកនៅ អធិ ការដ្ឋាននគរបាល ស្រុកស្រែអំបិល។

នៅក្នុងរឿងដដែលនេះ អធិការប៉ូលិស ស្រុកស្រែអំបិល លោក ហួន នុន មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ក្នុងតំបន់ថា ករណីនេះ លោកនឹងធ្វើតាមនីតិវិធីច្បាប់បង្កសំណុំរឿងបញ្ជូនទៅតុលាការ។ ប៉ុន្តែលោកអធិការ  ស្រុកមានប្រសាសន៍បន្តក្នុងន័យអាថ៌កំបាំងថា ជនបង្ក គឺជាលោក មេប៉េអឹម ហន រស្មី បានរត់គេចខ្លួនបាត់ទៅ ហើយ។ ដូច្នេះរឿងនេះទុកឲ្យតុលាការចាត់ការតាមផ្លូវច្បាប់ចុះ…។

នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៨ព្រឹកជាង លោកអធិការ ស្រុកស្រែអំបិល បានទទួលទូរស័ព្ទ អ្នកសារព័ត៌មាន រួចនិយាយថា «អ្នកណាហ្នឹង ? សួរអីមិនទាន់ក្រោកពីដេកផង» និងនៅម៉ោង៩ និង២០នាទី ជាង អ្នកសារព័ត៌មាន ក៍ទូរស័ព្ទទៅម្ដងទៀតដើម្បីសុំការបញ្ជាក់បន្ថែមតែលោកពុំបានទទួលទូរស័ព្ទឡើយ…។

ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូង ខែត្រកោះកុង លោក វ៉ៃ ភិរម្យ មានប្រសាសន៍ តាមប្រព័ន្ធទូរស័ព្ទកាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នេះថា ស្ថាប័នអយ្យការអមសាលាដំបូង ខែត្រកោះ កុង បានទទួលសេចក្ដីរាយការណ៍បឋមរួចហើយ ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរបុកជនជាតិបរទេសស្លាប់ខាង លើ។ ប៉ុន្តែពុំទាន់ទទួលបានឯកសារជារបាយការណ៍ លាយលាក់អក្សរពី អធិការដ្ឋាននគរបាលស្រុកស្រែអំ បិល នៅឡើយទេ។

លោកព្រះរាជអាជ្ញារង បានបន្ថែមទៀតថា ការដែលគូភាគីទាំងពីរនាំគ្នាទូរទាត់សងសំណងក្រៅប្រព័ន្ធតុលាការ ជាដំណោះស្រាយមួយល្អប្រសើរ។ ប៉ុន្តែខាង អយ្យការ ពុំទាន់អាចបញ្ជាក់បានថា នឹងមានចំណាត់ការបែបណា នោះទេពីព្រោះកំពុងតែរង់ចាំការកសាងនីតិវិធីពី អធិការដ្ឋាននគរបាល ស្រុកស្រែអំបិល។

ដោយឡែកលោក ហន រស្មី មេប៉េអឹម ស្រុកស្រែអំបិល ដែលជាអ្នកបើកបររថយន្ត ឡិចស៊ីស ៤៧០ ជ្រុលទៅ បុកជនជាតិឥណ្ឌាទំនងជាពុលស្រានោះមានប្រសាសន៍តាមទូរស័ព្ទ បន្ទាប់ពីការកើតហេតុករណីខាងនេះថា «លោកមិនបានដឹងទេ ហើយក៍បិទទូរស័ព្ទតែម្តង»។ តែនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ លោកបានសារភាព ប្រាប់ អ្នកសារព័ត៌មាន តាមប្រព័ន្ធទូរស័ព្ទ ថា លោកបើកបររថយន្តនោះតែម្នាក់ឯងក្នុងល្បឿនយឺតទេខណៈ ម៉ូតូ ជនជាតិឥណ្ឌា ពុំមានភ្លើងបំភ្លឺផ្លូវ។

លោកមេប៉េអឹមបន្តថា លោកពុំមានបំណងឱ្យប៉ះពារឡើយ និងលោកបានសំដែងនូវការសោកស្ដាយ អាណិត ជនជាតិឥណ្ឌាជាខ្លាំង និងបានឱ្យប្រពន្ធគាត់យកលុយចំនួន៤.០០០ (បួនពាន់ដុល្លារ) ជូនគ្រួសាររងគ្រោះដើម្បី ចាត់ចែងពិធីបុណ្យសព និងការចំណាយផ្សេងៗ…។

ក្រៅពីសំណងខាងលើមិនផ្លូវការតាមប្រព័ន្ធតុលាការទៅគ្រួសាររងគ្រោះ លោកមេប៉េអឹម ស្រុកស្រែអំបិល ពុំ បានលើកទូរស័ព្ទឆ្លើយតបពីកាតព្វកិច្ចផ្សេងទៀតដែលលោកត្រូវចេញមុខទទួលខុសត្រូវតាមផ្លូវច្បាប់នោះទេ កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ តាមប្រព័ន្ធទូរស័ព្ទ និងតេឡេក្រាម។

ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរបុកមនុស្សស្លាប់ខាងលើ លោក ហួរ អ៊ីន អ្នកសម្របសម្រួល អង្គការសិទ្ធិ មនុស្សប្រចាំ ខែត្រកោះកុង កាលពីរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ លើកឡើងដោយផ្អែកលើទិដ្ឋភាព ច្បាប់ថា ជនណាបើកបរដោយធ្វេសប្រហែសបណ្ដាលឱ្យអ្នកដទៃស្លាប់ ក្រៅពីសំណង រដ្ឋប្បវេណី ដល់ជន រងគ្រោះ។ ជនបើកបរនោះត្រូវតែមានកាតព្វកិច្ចទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន គឺមិនអាចសងសំ
ណងត្រឹម «រដ្ឋប្បវេណី» មិនអាចរំលត់បណ្ដឹងអាជ្ញា ហើយរួចខ្លួននោះទេ។

រីឯមេធាវីម្នាក់សុំមិនបញ្ចេញឈ្មោះបានឱ្យ អង្គភាពសារព័ត៌មាន «បាយ៉ង់ថាមស៍» ដឹងតាមទូរស័ព្ទ កាលពី ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ថា ពេលមានគ្រោះថ្នាក់ចរាចរ បង្កឱ្យមនុស្សស្លាប់តាមផ្លូវច្បាប់ អ្នកបើកបរ ត្រូវតែបានឃាត់ខ្លួនដើម្បីរង់ចាំធ្វើការដោះស្រាយសិន ទោះអ្នកបើកបររូបនោះ មិនមែនជនបង្ក ឬជាជនបង្ក ក៍ដោយ។ លោកមេធាវីបានបន្ថែមទៀតថា «ភាគីជនរងគ្រោះមានសិទ្ធិទទួលសំណង រដ្ឋប្បវេណី។ ប៉ុន្តែអ្នក បើកបរបង្កឱ្យអ្នកដទៃស្លាប់នៅតែមានទោសជាប់ទណ្ឌកម្មដដែល…!។

ប្អូនប្រុសជនរងគ្រោះជា ជនជាតិឥណ្ឌា បានឱ្យដឹងថា លោកបានទទួលលុយ ៤.០០០(បួនពាន់ដុល្លារ) ពីប្រ ពន្ធលោក ហន រស្មី ដែលសំណងនេះ លោកបានព្រមព្រៀងគ្នាក្រៅ ប្រព័ន្ធតុលាការ កាលពីល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។ តែសំណងនេះ មិនបានតាមការទាមទាររបស់លោកទេ។ លោកបានទាររហូត៧.០០០ (ប្រាំពីរពាន់) ដុល្លារឯណោះ។

ទោះជាយ៉ាងណា អង្គភាពសារព័ត៌មានយើង ពុំទាន់អាចទំនាក់ទំនងសុំសេចក្ដី អធិប្បាយពី ស្ថានទូតឥណ្ឌា ប្រចាំប្រទេសកម្ពុជា បានឡើយនៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នេះ។

គួររំឭកថា មាត្រា៨៥ ចែងថា ជនណាបើកបរ ដោយធ្វេស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទ ប្បញ្ញត្តិស្ដីពី ចរាចរផ្លូវគោកតម្រូវ បណ្ដាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ៣ឆ្នាំ និង ពិន័យជាប្រាក់ចាប់ពី ៤.០០០.០០០ (បួនលាន) រៀលទៅ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល និងអាចត្រូវ ផ្ដន្ទាទោស ដោយទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទ នៃទោសបន្ថែម) នៃក្រម
ព្រហ្មទណ្ឌ។ កន្លងមកទាក់ទងនឹងករណីដូចខាងលើនេះ ជនបើកបរដែលជាអ្នកមានទ្រព្យ ឬមានអំណាចបុក អ្នកដទៃស្លាប់ហើយតែងតែរួចខ្លួន គេកម្រឃើញត្រូវបានផ្ដន្ទាទោសតាមច្បាប់ដែលមានចែងណាស់។ សូមរង់ ចាំមើលថា តើករណី មេប៉េអឹម ស្រុកស្រែអំបិល លោក ហន រស្មី បុកមនុស្សស្លាប់ខាងលើ តើសមត្ថកិច្ច និង តុលាការ ខែត្រកោះកុង មានចំណាត់ការបែបណា ? ៕