មេបញ្ជាការវរសេនាតូចលេខ២៤១សុំដីរដ្ឋពីអភិបាលខែត្រសម្រាប់សាងសង់ប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកបែរជាចេញ«បឹងហ្គាឡូ»

0
299

ដោយៈ អធិបតី
ភ្នំពេញៈ សុភាសិតខ្មែរមួយពោលថា «ត្រីងៀតឆ្លៀតពង ត្រីក្នុងស៊ងឆ្លៀតបណ្ដើរកូន ឫស្សីក្នុងក្បូនឆ្លៀតដុះ ទំពាំង» វាមិនខុសអ្វីនឹងការឆក់ឪកាសនិយម ដោយមើលឃើញដីឡើងថ្លៃខ្ពស់ខ្លាំងនាតំបន់មាត់សមុទ្រលោក មេបញ្ជាការវរសេនាតូចលេខ២៤១ បានយកតួនាទីជាប្រធានទៅស្នើសុំដីពី អភិបាល ខែត្រកំពត មួយកន្លែង សម្រាប់សាងសង់ ប៉ុស្ដិ៍នគរបាលការពារព្រំដែនទឹកកំពង់ត្រៀក ដែលស្ថិតនៅ ភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុក ទឹកឈូ ខែត្រកំពត។ ប៉ុន្តែបន្ទាប់ពីបានដីចំណីឆ្នេរសមុទ្រទំហំជិត១ហិកតាគាត់បែរជាចេញ «បឹងហ្គាឡូ» បម្រើ ឱ្យផលប្រយោជន៍ផ្ទាល់ខ្លួនដោយឥតអៀនខ្មាសទៅវិញ។

ចំណីមាត់សមុទ្រដែលមានបរិស្ថានដ៏ល្អនេះត្រូវបាន លោកមេបញ្ជាការវរយកទៅធ្វើ «បឹងហ្គាឡូ» បានប្រមា ណ៦០ភាគរយហើយ។ សំណង់រឹងបម្រើផ្នែកទេសចរកម្សាន្តនៅមាត់សមុទ្រមានរចនាសម្ព័ន្ធច្បាស់លាស់ និង ដាំដើមដូងលម្អនៅចំណ្ដោយថែមទៀតផង។ សំណង់រឹងនេះគឺពុំមានច្បាប់អនុញ្ញាតនោះទេពីព្រោះដីគ្មានប្លង់ កម្មសិទ្ធិ។ ក៍ប៉ុន្តែគេចម្ងល់ថា ហេតុអ្វីបានជា លោកមេបញ្ជាការវរ យកដីរដ្ឋធ្វើជាកម្មសិទ្ធិហើយថែមទាំងលួច សាងសង់ «បឹងហ្គាឡូ» គ្មានច្បាប់អនុញ្ញាតដោយរលូនយ៉ាងដូច្នេះ ?

លោកវរសេនីយ៍ទោ សុង គន្ធបូភ័ក្ត្រ តាងនាមជា មេបញ្ជាការវរសេនាតូចលេខ២៤១ បានធ្វើលិខិតមួយច្បាប់ លេខ០៨៧/១៨.ស.ណ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ គោរពជូន អភិបាល ខែត្រកំពត ជាប្រធាន គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខែត្រ ដោយតាមរយៈលោកមេ ឃុំជុំក្រៀល និងលោកអភិបាល ស្រុក
ទឹកឈូ នៅក្នុងកម្មវត្ថុលោក សុង គន្ធបូភ័ក្ដ្រ បានបញ្ជាក់ថា« សំណើសុំដីមួយកន្លែងសម្រាប់សាងសង់ ប៉ុស្ដិ៍ នគរបាលការពារព្រំដែនទឹកកំពង់ត្រៀក ស្ថិតនៅ ភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខែត្រកំពត»។

លិខិតផ្លូវការរបស់លោក សុង គន្ធបូភ័ក្ដ្រ ក្នុងនាមជា មេបញ្ជាការវរសេនាតូចលេខ២៤១ ចំណុះឱ្យ នាយកដ្ឋាន កណ្ដាលនគរបាលព្រំដែន និងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចុះហត្ថលេខានិងត្រា ពីលោកមេ ឃុំជុំក្រៀល ដឹងឮកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ហើយ លោក ជាវ តាវ អភិបាល ខែត្រកំពត ក៍បានចារពាក្យយ៉ាងខ្លីថា «បានឃើញនិងឯកភាព» នៅថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០១៨។ ដូច្នេះគេពុំបានឃើញការស្នើសុំដីមួយកន្លែងក្បែរមាត់សមុទ្រទំហំជិតមួយហិកតាដែលមាន តម្លៃរាប់លានដុល្លារនោះសម្រាប់លក្ខណៈបុគ្គលឡើយ។

ក្នុងនាមជា ប្រធានអង្គភាពលោក សុង គន្ធបូភ័ក្ត្រ បានសរសេរលិខិតផ្លូវការរៀបរាប់ជូន អភិបាលខែត្រ ប្រធាន គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខែត្រ ជ្រាបថា « កម្លាំងនគរបាលការពារព្រំដែនទឹក បានបោះទីតាំងនៅក្នុង ខែត្រកំពត នៅ ឆ្នាំ១៩៩៥ កាលនោះនៅជា កងអនុសេនាធំ។ ក្រោយពីអនុវត្តភារកិច្ចជំនាញបានរយៈពេល ៥ឆ្នាំត្រូវបាន អគ្គស្នងការនគរបាលជាតិ ចេញសេចក្ដីសម្រេច លេខ០៤១ សសរ.អនប ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០០០ បង្កើតទៅជា វរសេនាតូចលេខ២៤១ នគរបាលការពារព្រំដែនទឹក ប្រចាំ ខែត្រកំពត ដែលមានរចនា សម្ព័ន្ធ មេបញ្ជាការ ចំនួន១រូប មេបញ្ជាការរង ចំនួន៤រូប ផ្នែកចំណុះចំនួន៥ផ្នែក និងប៉ុស្ដិ៍ចំនួន៦ប៉ុស្ដិ៍ គឺប៉ុស្ដិ៍ កោះសេះ ប៉ុស្ដិ៍ត្រពាំងរពៅ ប៉ុស្ដិ៍ក្ដាត ប៉ុស្ដិ៍កែបថ្មី ប៉ុស្ដិ៍កំពង់ត្រៀក និង ប៉ុស្ដិ៍ព្រែកចាក។ តែបច្ចុប្បន្ន ប៉ុស្ដិ៍កំពង់ ត្រៀក មានសភាពទ្រុឌទ្រោមយ៉ាងខ្លាំងនិងមានទីតាំងនៅជិត ទីបញ្ជាការ ហើយគោលការណ៍របស់ថ្នាក់លើ បានឱ្យ «វរ» រកដីមួយកន្លែងដើម្បីធ្វើការសាងសង់ជាថ្មីងាយស្រួលក្នុងការអនុវត្តភារកិច្ចជំនាញ និងការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋដែលប្រកបមុខរបរនេសាទនៅតាមបណ្ដោយឆ្នេរក្នុងភូមិ សាស្ត្ររបស់ប៉ុស្ដិ៍បានល្អប្រសើរ និងធ្វើឱ្យកងកម្លាំងមានជម្រកស្នាក់នៅបានសមរម្យ ដែលស្ថិតនៅតាមប ណ្ដោយឆ្នេរព្រែកក្បាលរមាស ភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខែត្រកំពត»។

ប្រភពពីមន្ត្រីប៉ូលិសម្នាក់សុំមិនបញ្ចេញឈ្មោះដែលធ្លាប់បានចេញចូលកន្លែង «បឹងហ្គាឡូ»ប្រាប់ឱ្យដឹងនៅព្រឹក ថ្ងៃទី៧ ខែធ្នូ នេះថា លោកវរសេនីយ៍ទោ សុង គន្ធបូភ័ក្ត្រ មេបញ្ជាការវរ ពិតជាបានរំលោភឬបន្លំយកដីអង្គភាព ពិតប្រាកដមែន។ គាត់យកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយគ្មានការអៀនខ្មាសបន្ទាប់ពីស្នើសុំដី អភិបាល ខែត្រកំពត លោក ជាវ តាយ។ ការអូសបន្លាយអស់រយៈពេលជិតបួនឆ្នាំមិនឃើញមានការសាងសង់ប៉ុស្ដិ៍ថ្មីនេះ ប្រភពបន្តថា ដីរដ្ឋនៅជាប់មាត់សមុទ្រសម្រាប់សាងសង់ «ប៉ុស្តិ៍កំពង់ត្រៀក» ដែលមានទំហំជិតមួយហិកតា នោះត្រូវបាន លោកមេបញ្ជាការវរ ចាក់ដីលុបនិងលួចធ្វើប្លង់កម្មសិទ្ធិផ្ទាល់ខ្លួនមិនបានសម្រេចទេពីព្រោះវាជាដី ចំណីឆ្នេរសមុទ្រ។ គាត់ត្រឹមតែលួចយកដីរដ្ឋធ្វើ «បឹងហ្គាឡូ» ទេគឺថែមទាំងលួចសាងសង់សំណង់រឹងក៍គ្មាន ច្បាប់អនុញ្ញាតថែមទៀតផង។

មន្ត្រីជំនាញម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាពយើងនាព្រឹកថ្ងៃទី៧ ខែធ្នូ នេះថា ដីសម្រាប់សាងសង់ «ប៉ុស្ដិ៍កំពង់ត្រៀក» គឺជាដីចំណីឆ្នេរសមុទ្រដែលនៅពីខាងមុខដីរបស់គេមានប្លង់រឹង។ រាល់ដីទាំងអស់មុននឹង សាងសង់ឬធ្វើការអភិវឌ្ឍន៍ «បឹងហ្គាឡូ» អីចឹងត្រូវតែមានប្លង់រឹងទើបអាចដំណើរការទៅបាន។ ដីនៅតំបន់នេះ ត្រូវរដ្ឋចុះបញ្ជីជាប្រព័ន្ធរួចអស់ហើយ ក៍ប៉ុន្តែសម្រាប់ដីធ្វើប៉ុស្ដិ៍គឺជាចំណីឆ្នេររដ្ឋអំណាចមិនអាចចុះបញ្ជីកម្មសិទ្ធិ ជូនគាត់បានទេ។

ចារិកតួឯកក្រអឺតក្រទមរបស់លោក សុង គន្ធបូភ័ក្ដ្រ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ពុំបានលើកទូរស័ព្ទអ្នក កាសែតដើម្បីសុំការបំភ្លឺជុំវិញករណីខាងលើនេះទេ។ ព្រោះលោក បូភ័ក្ត្រ បើសិនជាលេខទូរស័ព្ទណាមិនស្គា ល់គឺមិនទទួល…។ ដូច្នេះវាផ្ទុយពីមិត្តភក្ដ្រអ្នកស្គាល់គាត់មួយចំនួនធ្លាប់សរសើរថា ជាមនុស្សល្អ។

លោក នៃ គង់ អភិបាលរង ខែត្រកំពត បានបញ្ជាក់ខ្លីនៅល្ងាចថ្ងៃទី៧ ខែធ្នូ នេះដែរថា លោកពុំបានដឹងរឿងអ្វី ទាំងអស់។ ពីព្រោះលោកជាអនុប្រធានទទួលបន្ទុកឆ្នេរ ហើយលោកក៍បានរុញសំនួរអ្នកកាសែតឱ្យទៅសួរខាង អ្នកនាំពាក្យសាលាខែត្រវិញ។ ចំណែក លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការ ពារព្រំដែនទឹក នៃអគ្គស្នងការនគរបាលជាតិ ក៍មិនអាចសុំការបំភ្លឺបានដែរដោយទូរស័ព្ទមានអ្នកចុចឱ្យ «ជាប់រវល់»។

គួរបញ្ជាក់ថា ករណីនេះមហាជនទូទៅចង់ឃើញចំណាត់ការរបស់លោក ម៉ៅ ធនិន អភិបាល ខែត្រកំពត ដែល ទើបចូលកាន់ដំណែងថ្មី ហ៊ានវះកាត់យកសាច់ស្អុយនេះចេញដែរឬទេ? ពីព្រោះលោកអភិបាលខែត្រដែលស្រ ឡាញ់យុត្តិធម៌តែងតែមានការបែងចែកច្បាស់លាស់ «ខុសនិងត្រូវ» បានល្អប្រសើរជាពិសេសអ្នកក្រីក្ររង គ្រោះពេញចិត្តនឹងការកាត់សេចក្ដីរបស់គាត់ដោយឈរលើ «គោលការណ៍សច្ចៈធម៌ និងតម្លាភាព»៕