មេតុងទីនប្ដឹងប្រធានតុលាការនិងព្រះរាជអាជ្ញារងខែត្រឧត្តរមានជ័យទៅACUនិងប្ដឹងទៅថ្នាក់ដឹកនាំបីស្ថាប័នទៀត

0
235

ដោយៈ អធិបតី
ភ្នំពេញៈ ស្ត្រីមេតុងទីន មានវ័យអាយុ៣៣ឆ្នាំ និងស្វាមីរស់នៅ ភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខែត្រឧត្តរមានជ័យ បានដាក់ពាក្យប្ដឹងលោក អ៊ុំ ចាន់ថុល ប្រធានសាលាដំបូង ខែត្រឧត្តរមានជ័យ និងលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង ទៅកាន់ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ពាក់ព័ន្ធនឹងករណីចាប់គាត់ ឃុំឃាំងដោយបំពាន ហើយបានទាមទារប្រាក់ជាថ្នូរនឹងការដោះលែងឱ្យនៅក្រៅឃុំ។ នេះបើយោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។

អ្នកស្រី ដុង ស្រីមុំ ហៅ ស្រីកា ដែលមានវ័យ៣៣ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើបានដាក់ពាក្យបណ្តឹងមួយច្បាប់ដាច់ដោយឡែកទៀតគឺប្ដឹងលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃសាលាដំបូង ខែត្រឧត្តរមានជ័យ ទៅប្រធានក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ មេតុងទីនដដែលនេះក៍បានដាក់លិខិតសុំបទអន្តរាគមន៍ទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានិងឯកឧត្តម កើត រិទ្ធិ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ដោយគិតថាខ្លួនទទួលរងនូវភាពអយុត្តិធម៌បំផុតនោះអ្នកស្រី ដុង ស្រីមុំ បានជម្រាបជូនថ្នាក់ដឹកនាំទាំងបួន ស្ថាប័នថា « ឯកឧត្តម អ៊ុំ ចាន់ថុល ប្រធានសាលាដំបូង ខែត្រឧត្តរមានជ័យ និងលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង បានគប់គិតគ្នាជាប្រព័ន្ធក្នុងអង្គភាពតុលាការ ខែត្រឧត្តរមានជ័យ។ ចំពោះលោកមេធាវី អ៊ុំ ប៉ែនពិសិដ្ឋ (ប្អូនប្រុស ប្រធានតុលាការ) ជាមេធាវីការពារក្ដីឱ្យនាងខ្ញុំ គាត់គ្រាន់តែជាអ្នកឈរឈ្មោះការពារក្ដីឱ្យនាងខ្ញុំតែប៉ុណ្ណោះ តែការដោះស្រាយសំណុំរឿងក្ដីនេះជំនួសដោយលោកមេធាវី វណ្ណា កាណាន់ ទៅវិញធ្វើឱ្យរឿងក្ដីនេះមានការជ្រួលច្របល់ពេញអង្គភាពដោះស្រាយមិនចេញ »។

បន្ថែមពីនេះអ្នកស្រីក៍បានដាក់ពាក្យបណ្ដឹងតបទៅលើកូនតុងទីនវិញ។ ប៉ុន្តែអយ្យការពុំបានចាក់ការលើនីតិវិធីសំណុំរឿងព្រហ្មទ័ណ្ឌ លេខ១១៩ ចុះថ្ងៃទី២ ខែឧសភា នោះទេខណៈដែលកូនតុងទីនបានទទួលស្គាល់ថា ពួកគេពុំទាន់បានបង់ប្រាក់តុងទីនជូនដល់អ្នកស្រី ដុង ស្រីមុំ វិញឡើយ។ អ្នកស្រីបានសំណូមពរទៅថ្នាក់ដឹកនាំទាំងបួន ស្ថាប័នថា មេត្តាពិនិត្យ និងជួយតាមការស្នើសុំរបស់នាងខ្ញុំហើយដើម្បីឱ្យនាងខ្ញុំទទួលបានប្រាក់សរុបចំនួន ១៥.៩០០ (មួយម៉ឺនប្រាំពាន់ប្រាំបួនរយ) ដុល្លារអាម៉េរិក មកវិញ និងសំណងជំងឺចិត្តចំនួន៥០.០០០ (ប្រាំម៉ឺន) ដុល្លារអាម៉េរិក។

កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ អ្នកស្រី ដុង ស្រីមុំ បានធ្វើជាមេតុងទីនចំនួន៣ខ្សែ។ ក្នុងនោះមានខ្សែទី១. ក្បាល៥ម៉ឺនរៀលមានសមាជិកចំនួន១១៥នាក់។ ខ្សែទី២.ក្បាល១០ម៉ឺនរៀល មានសមាជិក៧១នាក់ និងខ្សែទី៣. ក្បាល៤០ម៉ឺនរៀលមានសមាជិកចំនួន ៤៣នាក់។ នៅក្នុងនោះមានកូនតុងទីនមួយចំនួនបានដេញតុង ទីនយកប្រាក់ហើយមិនព្រមបង់មកវិញទេ។ មិនត្រឹមតែប៉ុណ្ណោះទេ ពួកកូនតុងទីនទាំងនោះនាំគ្នារត់ទៅប្តឹងអ្នកស្រីរហូតមកដល់ថ្ងៃ៧ ខែតុលា ឆ្នាំ២០២២ ក៍ទទួលដីកាកោះឱ្យចូលឆ្លើយបំភ្លឺ ពីបទឆបោក និងរំលោភលើទំនុកចិត្ត។

ករណីនេះនៅក្នុងពាក្យបណ្តឹងគឺប្តឹងតែឈ្មោះអ្នកស្រីម្នាក់ទេ ក៍ប៉ុន្តែនៅពេលចេញដីកាគឺលោក ប៉េង ម៉េងគ័រ តំណាងអយ្យការអមសាលាដំបូងខែត្រគឺមានឈ្មោះប្ដីរបស់អ្នកស្រីនៅក្នុងដីកាកោះនោះដែរដោយចោទពី បទឆបោកនិងរំលោភលើទំនុកចិត្ត ដូចគ្នា។

កូនតុងទីនដែលបានប្តឹងនោះគឺសុទ្ធតែជាកូនតុងទីនដែលជំពាក់លុយអ្នកស្រី ដុង ស្រីមុំ។ មិនត្រឹមតែប៉ុណ្ណោះពួកគេនាំគ្នារត់ទៅប្តឹងនៅតុលាការថែមទៀត។ នៅពេលចូលឆ្លើយបំភ្លឺតាមដីកាកោះ ព្រះរាជអាជ្ញារង បានឱ្យតែប្តីអ្នកស្រីចូលទៅតែម្នាក់ឯងលុះស្អែកឡើងទើបឱ្យអ្នកស្រីចូលខ្លួនឆ្លើយបំភ្លឺតាមក្រោយ។ លុះចូលទៅដល់ដៃ ព្រះរាជអាជ្ញារង គឺពុំបានស្ដាប់ការឆ្លើយបំភ្លឺរបស់អ្នកស្រីទេដោយចុចទូរស័ព្ទហៅប៉ូលិសឱ្យមកចាប់ឃុំខ្លួនគាត់យកទៅស្នងការខែត្រអស់រយៈពេល៤៨ម៉ោងដូចរៀបចំគម្រោងការគិតទុកជាមុនតែម្តង។

ចំណែកលោក អ៊ុំ ចាន់ថុល ប្រធានតុលាការ និងជាចៅក្រមផង បានឱ្យគេបញ្ជូនអ្នកស្រីទៅដាក់គុកដើម្បីទាម ទារយកប្រាក់៥០លានរៀលដែលជាថ្នូរក្នុងការដោះលែងឱ្យនៅក្រៅឃុំ។ អំឡុងពេលនៅក្នុងគុកប្តីរបស់អ្នកស្រីបានពឹងពាក់មេធាវីឈ្មោះ អ៊ុំ ប៉ែនពិសិដ្ឋ ត្រូវជាប្អូនបង្កើត ប្រធានតុលាការ ខែត្រឧត្តរមានជ័យ។ ចំណែកប្រាក់៥០ លានរៀលប្តីអ្នកស្រីបានប្រគល់ឱ្យទៅមេធាវីដើម្បីយកទៅឱ្យតុលាការដែលជាថ្នូរក្នុងការដោះលែងនៅក្រៅឃុំ។

អ្នកស្រី ដុង ស្រីមុំ បានជាប់គុករយៈពេល១ខែទើបបានចេញវិញ រហូតមកដល់ថ្ងៃទី២០ ខែធ្នូ តុលាការបានកាត់ក្ដីកំបាំងមុខឱ្យចាញ់ក្តីទៀត។ បន្ទាប់មកគាត់ក៍បានដាក់ពាក្យប្តឹងកូនតុងទីនវិញកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៣ តែតុលាការពុំមានចំណាត់ការនោះទេ។

អ្នកស្រីបានអះអាងទៀតថា អង្គហេតុជាក់ស្តែងកូនតុងទីនដែលបានប្តឹងគាត់គឺបានបំភ្លៃអង្គហេតុទាំងពុំមានភស្តុតាងបញ្ជាក់ឡើយ។ នៅពេលកំពុងជាប់ក្នុងពន្ធនាគារ ប៉េង ម៉េងគ័រ ព្រះរាជអាជ្ញារង បានឱ្យបង់ប្រាក់ចំ នួន៥០,០០០,០០០រៀល (ហាសិបលានរៀល) ជាថ្នូរនៃការឱ្យនៅក្រៅឃុំនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោក អ៊ុំ ចាន់ថុល ,លោក ប៉េង ម៉េងគ័ង ក៍ដូចជាអ្នកនាំពាក្យសាលាដំ បូង ខែត្រឧត្តរមានជ័យ និងជាពិសេស អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ អង្គភាពយើងពុំអាចសុំការបំភ្លឺបានទេជុំវិញករណីខាងលើនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកស្រីបានទទួលសាលក្រមកាត់កំបាំងមុខលេខ ៥/២៥៥ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ របស់សាលាដំបូងខែត្រ ដោយសម្រេចផ្តន្ទាទោសកំណត់រយៈពេល២ឆ្នាំ និងសងសំណងទៅឱ្យដើមបណ្ដឹងចំនួន៩១,៥០០,០០០រៀល ពីបទឆបោក និងរំលោភលើទំនុកចិត្ត៕