ដោយៈ គោកធ្លក
ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងថ្មីមួយទៀតនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នេះថា ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៩ ខែកញ្ញា ប្រទេសកម្ពុជាទទួលឥទ្ធិពលបាតុភូតធម្មជាតិចំនួ នបីព្រមៗគ្នាក្នុងនោះមាន ឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបដែលបាននិងកំពុងលាតសន្ធឹងអូសកាត់ប្រទេសថៃ ឡាវ និងវៀតណាម ឥទ្ធិពលព្យុះឈ្មោះ «កាហ្សីគី» (Kijiki) និងឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង។
ដោយសារតែមានឥទ្ធិពលទាំងនេះហើយទើបធ្វើឱ្យប្រទេសកម្ពុជារងនូវឥទ្ធិពលភ្លៀង និងផ្ទៃមេឃអាប់អួ ដែលមាន ពន្លឺថ្ងៃតិចតួចបំផុត។ យោងតាមសេចក្តីជូនដំណឹង នៃការតាមដាន អាកាសធាតុ ទន្ទឹមនឹង ការវិវត្ដយ៉ាង ឆាប់រហ័ស បានបង្ហាញឱ្យឃើញថា ជ្រលងសម្ពាធទាប ដែលបានអូសបន្លាយលើភាគខាង លើក្នុង ទឹកដីថៃ ឡាវ និង វៀតណាម នៅតែបន្តកើតមាន។ ព្យុះពីរទៀតបានកើតមានឡើងក្នុងនោះ ព្យុះទី១៣ឈ្មោះ «លីងលីង» ដែលស្ថិតនៅខាងកើត ភីលីពីន មានដំណើរទៅកាន់ប្រទេសកូរ៉េ។ ទន្ទឹមនឹងនោះមាន ព្យុះថ្មី ដែលទើបនឹងបំប្លែងខ្លួនពី វិសម្ពាធ ទៅជា ព្យុះទី១៤ឈ្មោះថា «កាហ្សីគី» ដែលកន្លងមកនៅក្នុងសមុទ្រ ចិនខាងត្បូងភ្ជាប់នឹងចុង នៃប្រព័ន្ធសម្ពាធទាប ដែលបង្កើតឥទ្ធិពល បន្ថែមមកលើតំបន់ដូចជា កម្ពុជាយើង និងងាកត្រឡប់ទៅកាន់កោះហៃណាំ រួចបន្តដំណើរឆ្ពោះទៅ ហុងកុង។
ដោយស្ថានភាពបែបនេះព្យុះខាងលើបានធ្វើឱ្យ ខែត្រក្រុង និងតំបន់មួយចំនួន នៃប្រទេសកម្ពុជាទៅជា ទី១.បណ្ដាខែត្រភាគពាយ័ព្យ ខែត្រជាប់ជួរភ្នំដងរែក និងខ្ពស់រាបភាគឦសានជាប់ប្រទេសវៀតណាម បន្តមានភ្លៀងធ្លាក់ នៅក្នុងកម្រិតបរិមាណ ពីមធ្យមទៅច្រើន ក្នុងនោះមានផ្នែកខ្លះ អាចមានភ្លៀងធ្លាក់ខ្លាំង។
ទី២.បណ្តាខែត្រនៅ តំបន់មាត់សមុទ្រ នៅក្នុងភូមិសាស្ត្រ ខែត្រកោះកុង និង ខែត្រព្រះសីហនុ បន្តមានភ្លៀង នៅក្នុងកម្រិតបរិមាណបង្គួរទៅច្រើន។ នៅលើផ្ទៃសមុទ្រអាចនឹងមានភ្លៀងខ្យល់ និងរលកបក់បោកខ្លាំង។ ទី៣.បណ្តាខែត្រប៉ែកខាងក្រោម អាចនឹងមានភ្លៀងពីតិចទៅមធ្យម។ ក្រសួងធនធាន់ទឹក ក៍បានសូមឱ្យ បងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ទឹកជំនន់ ភ្លៀង ខ្យល់ ផ្គរ រន្ទះ និងរលក សមុទ្របក់បោកខ្លាំង។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី៣ ខែកញ្ញា នេះថា ឥទ្ធិពលព្យុះទាំងពីរនេះវាមិនបានធ្វើឱ្យកម្ពុជាទទួលរងនូវគ្រោះថ្នាក់ ធ្ងន់ធ្ងរនោះទេ ព្រោះវាប្រយោល។ វាគ្រាន់តែធ្វើឱ្យមានផលប៉ះពាល់តិចតួចដូចជា ទទួលឥទ្ធិពលភ្លៀង និងខ្យល់បក់បោកតែប៉ុណ្ណោះ៕