មានករណីលួចជីករ៉ែត្បូងខុសច្បាប់ជាច្រើនកន្លែងនៅស្រុកបរកែវ

0
148

ដោយៈ យក្សឡោម
រតនគិរី: ក្រុមថៅកែរកស៊ីត្បូង បានខ្ចីដៃឱ្យកម្មករជីកយករ៉ែត្បូងដោយខុសច្បាប់ជាច្រើនកន្លែង ដើម្បីយកមកលក់ឱ្យខ្លួន ស្ថិតនៅ ស្រុកបរកែវ ខែត្ររតនគិរី ដែលគេសង្ស័យថា សមត្ថកិច្ចជំនាញ និងអាជ្ញាធរដែនដីបើកភ្លើងខៀវឱ្យទើបពួកគេហ៊ានធ្វើយ៉ាងដូច្នេះ។ វាមិនខុសនឹងពាក្យខ្មែរលើកឡើងថា « ខ្មោចស្រុកឱ្យដៃទើបខ្មោចព្រៃវាហ៊ាន »។

មន្ត្រីមូលដ្ឋានម្នាក់បានឲ្យដឹងថា មានក្រុមកុងសែជាច្រើននាក់បានប្រកបរបរជីករ៉ែត្បូងធ្វើអាជីវកម្មបែបអនាធិបតេយ្យដោយខ្ចីដៃប្រជាពលរដ្ឋឲ្យជីកកកាយដីយករ៉ែត្បូងក្នុងរណ្ដៅជ្រៅៗជាច្រើនម៉ែត្រ ដែលវាប្រថុយនឹងគ្រោះថ្នាក់បំផុតដល់អាយុជីវិតដើម្បីរកត្បូងលក់ឲ្យពួកគេ។

ថ្មីៗនេះគេសង្កេតឃើញនៅក្នុងបរិវេណដីចម្ការកៅស៊ូឈ្មោះ ប្រុស ស្ថិតក្នុង ភូមិត្រុំ ឃុំឡាម៉ិញ ស្រុកបរកែវ មានកម្មករជាច្រើននាក់បានបោះតង់ធ្វើសកម្មភាពជីករណ្ដៅដីរករ៉ែត្បូងដោយពួកគេសម្អាងថា ឈ្មោះម្ចាស់ចម្ការឲ្យជីករករ៉ែត្បូង ហើយបើបានត្បូងលក់ឲ្យពួកគេតែបើអត់បានទេថៅកែចេញថ្លៃបាយទឹកឱ្យ។

នៅទីតាំងមួយកន្លែងទៀតស្ថិតនៅ ភូមិ១ ឃុំឡាម៉ិញ នៅក្នុងចម្ការកៅស៊ូក៍មានកម្មករជាច្រើននាក់បានធ្វើសកម្មភាពជីករករ៉ែត្បូងដែរ មើលទៅហាក់បីដូចជាមិនខ្វល់រឿងខុសច្បាប់នោះឡើយ។ ពួកគេបានសម្អាងថា មានថៅកែឈ្នះ ថា ,ឈ្មោះ ផល និងឈ្មោះ សី ជាកុងសែត្បូង នឹងជាអ្នកជួយសម្រួលជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទៀតផង។

ជុំវិញការលើកឡើងនេះលោក កង សារឿន អភិបាល ស្រុកបរកែវ បានប្រាប់ឲ្យដឹងតាមប្រព័ន្ធ តេឡេក្រាម ថា សកម្មភាពជីករ៉ែត្បូងនៅទីតាំងខាងលើគឺជាការលួចធ្វើដោយខុសច្បាប់។ កន្លងមកនៅក្នុងអង្គប្រជុំ គណៈបញ្ជា ការឯកភាពស្រុក លោកតែងតែដាក់វិធានការយ៉ាងតឹងរឹងដែរ ដោយឲ្យសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យ និងអប់រំណែនាំកុំឲ្យប្រជាពលរដ្ឋប្រកបរបរជីកត្បូងទៀត។ ប៉ុន្ដែការឆ្លៀតឱកាសលួចលាក់នេះវានៅតែបន្ដកើតមានឡើងដដែល។

លោក សុង ហួរ ប្រធានមន្ទីររ៉ែ និងថាមពល ខែត្ររតនគិរី កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ មិនអាចសុំការពន្យល់បានទេជុំវិញការធ្វើអាជីវកម្មជីករ៉ែត្បូងខុសច្បាប់នៅ ស្រុកបរកែវ ព្រោះទូរស័ព្ទចូលពុំមានអ្នកទទួល៕