មហាសង្ក្រាន្តៈទេវតាឆ្នាំថ្មីព្រះនាម គោរាគទេវី បុត្រីច្បងទី២សោយប្រេងល្ងឬប្រេងដូង គង់លើខ្នងខ្លាធំ

0
1423

ឆ្នាំជូត ទោស័ក
ពុទ្ធសករាជ ២៥៦៤ មហាសករាជ ១៩៤២ ចុល្លសករាជ ១៣៨២ គ្រិស្តសករាជ ២០២០
សុភមស្តុ ! វរមង្គលាជយាតិរេក

ព្រះពុទ្ធសករាជ ព្រះសាសនា អតិក្កន្តាកន្លងទៅហើយបាន ២៥៦៣ ព្រះវស្សាត្រឹមថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែពិសាខ លុះដល់ ថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ចូលព្រះពុទ្ធសករាជ ២៥៦៤ ព្រះវស្សាតទៅ។

នឹងគណនា ឆ្នាំជូត ទោស័ក ឥឡូវនេះសង្ក្រាន្តចូលមកនៅថ្ងៃ ចន្ទ ៦រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២០:៤៨នាទីយប់នោះ ព្រះអាទិត្យ ចរចេញពីមីនរាសី ទៅស្ថិតនៅឯមេសរាសី ដើរតាម គោវិថី គឺផ្លូវកណ្ដាល ទើបមានទេពធីតាមួយព្រះអង្គ ជាមគ្គនាយិកាព្រះនាម គោរាគទេវីគង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿងសៀតផ្កាអង្គាបុស្ស អាភរណៈកែវមុក្ដា ភក្សាហារ តេលំ (ប្រេងល្ង ឬ ប្រេងដូង) ព្រះហស្ដ ស្ដាំទ្រង់ព្រះខ័ន ព្រះហស្ដឆ្វេងទ្រង់ឈើច្រត់ គង់លើខ្នង ព្យគ្ឃ (សត្វខ្លាធំ) ជាពាហនៈ។ នាំអស់ពួកទេពនិករ បវរកញ្ញាទាំងមួយសែនកោដិហោះទៅកាន់គុហាកែវឈ្មោះ ធម្មមាលី នាទីភ្នំកៃលាស ខេត្ដហិមពាន្ដ ដែលប្រតិ ស្ធានទុក ព្រះសិរសា កបិលមហាព្រហ្ម តម្កល់នៅលើពានមាសនាំចេញមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជជុំ ចក្រវាឡ តាមផ្លូវព្រះអាទិត្យចរជាគម្រប់៦០នាទី ហើយដង្ហែចូលទៅតម្កល់ទុកដូចដើមវិញ ទើបប្រជុំទេវបុត្រ ទេវធីតា ទាំងមួយសែនកោដិចូលទៅស្រង់ទឹក អនោតត្ដមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ជាមាត់គោឧសភរាជទាំង៧ត្រជាក់ត្រជំ ក្សេមក្សាន្តព្រះហឫទ័យ ទើបនាំគ្នាចូលទៅសមាទានសីល ដោយ ព្រះទ័យសោមនស្សរីករាយគ្រប់ៗអង្គ ក្នុងភគវតីសភា ដែលវិស្សកម្មទេវបុត្រនិម្មិតថ្វាយ ហើយបន្ទោបង់នូវ អពមង្គល ឱ្យជ្រះស្រឡះចម្រើននូវសុភមង្គល សិរីសួស្ដី ជន្មាយុយឺនយូរតរៀងទៅ។

ថ្ងៃចន្ទ ៦រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២០:៤៨នាទីយប់ ជាថ្ងៃចូលឆ្នាំថ្មី។
ថ្ងៃអង្គារ ៧រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ជាថ្ងៃវ័នបត។
ថ្ងៃពុធ ៨រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ជាថ្ងៃវ័នបត។
ថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ជាថ្ងៃឡើងស័ក។
គម្រប់ជាសង្ក្រាន្ត ៤ថ្ងៃស្រេចបរិបូណ៌ ចូលជាសកល ឆ្នាំជូត ទោស័ក តរៀងទៅ។

ក្នុងឱកាសសង្ក្រាន្តទាំង៤ថ្ងៃនេះ សូមអស់ជនានុជនប្រុសស្រីទាំងឡាយរៀបចំគ្រឿងសក្ការបូជាមាន ទៀន ធូប ផ្កាភ្ញីថ្វាយ ព្រះរតនត្រ័យ និងនំចំណី ផ្លែឈើជាដើម ជូនមាតាបិតា អាណាព្យាបាល ជាបុព្វការីព្រមទាំងទទួល ស្វាគមន៍ ទេវតាឆ្នាំថ្មី ហើយខិតខំលះបង់នូវចិត្តអាក្រក់ ជាចិត្តប្រកបដោយអភិជ្ឈា ព្យាបាទ មិច្ឆាទិដ្ឋិ ឱ្យជ្រះ ស្រឡះចម្រើនឡើងវិញនូវចិត្តប្រកបបញ្ញា និងព្រហ្មវិហារធម៌ គឺមេត្ដា ករុណា មុទិតា ឧបេក្ខា ធ្វើបុណ្យសុន្ទរ៍ ទាន រក្សាសីល តាមប្រពៃណីឱ្យបានជាប់ជានិច្ចនោះ ទេព្ដា នឹងឱ្យពរសព្ទសាធុការលោកអ្នកនឹងមាន សិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការ ប្រកបការងារបានត្រជាក់ត្រជំ អាយុយឺនយូរតរៀទៅ។

ទំនាយប្រចាំឆ្នាំៈ កេណ្ឌព្រះពិរុណសាស្ត្រ ឆ្នាំនេះ ព្រះសុក្រជាអធិបតីមាននាគ២បង្អុរទឹកភ្លៀ៦០០មេ។ ភ្លៀធ្លាក់ នៅចក្រវាឡ ២៤០មេ ចែកទៅព្រៃហិមពាន្ត ១៨០មេ មហាសមុទ្រ១២០មេ ភ្លៀងធ្លាក់មកជម្ពូទ្វីបមនុស្សលោក ៦០មេ។ ឆ្នាំនេះភ្លៀងធ្លាក់ដើមឆ្នាំតិច កណ្ដាលឆ្នាំមធ្យម និងចុងឆ្នាំមានភ្លៀងច្រើន។

កេណ្ឌធារាទិគុណ និងធញ្ញាហារៈ ឆ្នាំនេះ អាកាសធាតុ មិនក្ដៅមិនត្រជាក់។ ទឹកទន្លេ ស្ទឹង បឹងបួរឡើងជា មធ្យម។ ស្រូវក្នុងស្រែ ចម្ការ បានផល៩ភាគ ខូច១ភាគ។ ប្រជានុរាស្ត្រនឹងមានសេចក្ដីសុខចម្រើន សិរីសួស្ដី ជាភិយ្យោភាព ធញ្ញាហារ មង្សាហារផលាហារ នឹងមានបរិបូណ៌ឧត្ដមណាស់៕