ព្រះពុទ្ធរូបកម្ពស់១០៨ម៉ែត្រដែលខ្ពស់ជាងគេបង្អស់នៅតំបន់អាស៊ីអគ្លេយ៍នឹងផុសទ្បើងលើកំពូលភ្នំបូកគោ

0
274

ដោយៈ បាយ៉ង់
ខែត្រកំពតៈ ក្រុមវិស្វករជំនាញបានចាប់ផ្ដើមរៀបគ្រឹះក្រោមរួចរាល់ជាង៣០ភាគរយដើម្បីសាងសង់ ព្រះពុទ្ធបដិមា ដ៏ធំខ្ពស់ស្កឹមស្កៃកម្ពស់១០៨ម៉ែត្រ ស្ថិតនៅលើកំពូលភ្នំបូកគោ ខែត្រកំពត ដែលគ្រោងនឹងចំណាយថវិកានៃសាងសង់ ព្រះពុទ្ធប្បដិមានេះអស់ចំនួនរហូតដល់ទៅ៦០លានដុល្លារអាម៉េរិក។

ភ្នំបូកគោ ជាភ្នំមួយខ្ពស់ជាងគេនៅក្នុងទឹកដី ខែត្រកំពត ដែលមានកម្ពស់១.០៧៥ (មួយពាន់ចិតសិបប្រាំ) ម៉ែត្រ និងនៅពេលឆាប់ៗខាងមុខ ព្រះពុទ្ធរូប ដ៏ធំមហិមាខ្ពស់ជាងគេបង្អស់នៅតំបន់អាស៊ីអគ្នេយ៍នឹងផុសត្រដែតឡើងលើខ្នងភ្នំបូកគោ។ នេះបើយោងតាមការបញ្ជាក់ពី ក្រុមវិស្វករជំនាញសាងសង់ ព្រះពុទ្ធបដិមា ខាងលើ។

អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល ជាអ្នកផ្តួចផ្តើមគំនិតសាងសង់ ព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ម៉ែត្រមានប្រសាសន៍ថា រូបសំណាកដ៏ធំខ្ពស់ស្កឹមស្កៃដែលសាងសង់នៅលើ ខ្នងភ្នំបូកគោ នេះគឺស្ថាបនាឡើងដើម្បីរំលឹកគុណូបការដល់ព្រះសម្មាសម្ពុទ្ធ ជាព្រះបរមគ្រូនៃយើងដែលព្រះអង្គបានត្រាស់ដឹងចម្លងសត្វលោកឱ្យរួចផុតចាកទុក្ខ។

អ្នកឧកញ៉ា សង្កត់ធ្ងន់ថា ដើម្បីរក្សានូវអត្តសញ្ញាណវប្បធម៌សាសនាជាតិខ្មែរ សម្រាប់ជាទីគោរពសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តមរបស់បងប្អូនពុទ្ធសាសនិកជនទាំងអស់គ្នាគោរពប្រណិប័តន៍ ហើយ ព្រះពុទ្ធបដិមា ដ៏ស្កឹមស្កៃនេះនឹងគង់ជាសម្បត្តិវប្បធម៌សាសនាជាតិខ្មែររហូតតរៀងទៅ។

អ្នកឧកញ៉ា បន្ថែបទៀតថា ដើម្បីផ្តល់ឱកាសដល់ពុទ្ធសាសនិកទាំងក្នុង និងក្រៅប្រទេសដែលមានបំណងចង់ភ្ជាប់និស្ស័យជាមួយការកសាង ព្រះពុទ្ធបដិមា នេះដោយសទ្ធាជ្រះថ្លា អាជ្ញាធរ ព្រះសង្ឃ និងពុទ្ធបរិស័ទ ក៍បានមូលមតិគ្នាផ្តើមធ្វើបុណ្យមហាផ្កាប្រាក់សាមគ្គី ដែលនឹងត្រូវប្រារព្ធធ្វើទ្បើងរយៈពេល៣ថ្ងៃគឺ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាសៀមរាប។ ហេតុដូច្នេះ ពុទ្ធសាសនិកទាំងក្នុង និងក្រៅប្រទេសដែលមានសទ្ធាជ្រះថ្លាចង់ភ្ជាប់និស្ស័យនឹងព្រះពុទ្ធសាសនា សំខាន់ចង់ភ្ជាប់និស្ស័យនឹងការកសាង ព្រះពុទ្ធប្បដិមា ដ៏ធំលើកំពូល ភ្នំបូកគោ នោះអាចអញ្ជើញចូលរួមក្នុង ពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី ខាង លើដោយក្តីសោមនស្សរីករាយ។

ទន្ទឹមនឹងនោះដែរក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី ក្រុមហ៊ុនសុខាអូតែល ក៍មានរៀបចំស្តង់លក់ទំនិញអាហារ ភេសជ្ជៈ និងមានកម្មវិធីសម្តែងល្ខោនស្បែកតូច ល្ខោនស្បែកធំ ដែលជា បេតិកភណ្ឌពិភពលោក ចូលរួមសម្តែងដោយក្រុមសិល្បៈ វត្តរាជបូណ៌ ខែត្រសៀមរាប។

ជាងនេះទៅទៀត ក្រុមហ៊ុនសុខាអូតែល នឹងមានការរៀបចំតម្លៃពិសេសសម្រាប់បន្ទប់ស្នាក់នៅក្នុង សណ្ឋា គារសុខាលំដាប់ផ្កាយ៥ដើម្បីផ្តល់ឱកាសដល់ ពុទ្ធបរិស័ទ ដែលចូលរួមក្នុង ពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី រួមទាំងភ្ញៀវទេសចរបានស្នាក់នៅផងដែរ។

ដោយផ្តើមចេញពីនោះក៍សូមអំពាវនាវដល់ ពុទ្ធបរិស័ទ ភ្ញៀវទេសចរទាំងអស់ អញ្ជើញទៅទស្សនា អង្គរវត្ត ខែត្រសៀមរាបនិងចូលរួមពិធី បុណ្យមហាផ្កាប្រាក់សាមគ្គី ដើម្បីទទួលយកនូវផលានិសង្សតាមសទ្ធាជ្រះថ្លារៀងៗខ្លួន៕