ដោយៈ អធិបតី
ខែត្រកំពង់ឆ្នាំងៈ អតីតនាយក វិទ្យាល័យព្រះបាទសុរាម្រឹត ក្រុងកំពង់ឆ្នាំង ខែត្រកំពង់ឆ្នាំង គឺលោក អឿ ម៉េង ចុង នៅតែមានឈ្មោះក្នុងបញ្ជីបៀវត្សរ៍គ្រូបង្រៀនទទួលប្រាក់ខែអស់រយៈពេលជិតពីរឆ្នាំមកហើយ បន្ទាប់ពី អតីត នាយករូបនេះត្រូវបានគេដកបញ្ឈរជើង ឬផ្អាកភារកិច្ចតាំងពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ មកម្ល៉េះ។ រីឯ លោកស្រី លឿង បញ្ញាវុឌ្ឍ នាយិកាស្ដីទីនៃវិទ្យាល័យនេះសព្វថ្ងៃនៅតែមិនទាន់ត្រូវបានគេតែងតាំងជា នាយិកា ពេញសិទ្ធិ ឬក៍ដាក់លោកគ្រូអ្នកគ្រូណាផ្សេងដែលមានសមត្ថភាព និងមានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ស័ក្ដិ សមជាថ្នាក់ដឹកនាំនៅឡើយ។
ពិសេសលើសពីនេះទៅទៀតលោក អឿ ម៉េងចុង អតីតនាយកវិទ្យាល័យ ព្រះបាទសុរាម្រឹត បានដើរអួតក្អេង ក្អាងប្រាប់គេឯងថា លោកនឹងត្រូវបានថ្នាក់ដឹកនាំតែងតាំងឱ្យធ្វើជា នាកវិទ្យាល័យ ព្រះបាទសុរាម្រឹត វិញឆាប់ៗ ខាងមុខ។ សក្ខីកម្មជាក់ស្ដែងនេះ បន្ទាប់ពីត្រូវបានគេដកបញ្ឈរជើងហើយលោក អឿ ម៉េងចុង នៅតែអាចចេញ ធ្វើជា គណៈកម្មការមេប្រយោគប្រឡងបាក់ឌុប ជារៀងរាល់ឆ្នាំ ឋានៈជា អនុប្រធានមណ្ឌល ខណៈលោកគ្រូ អ្នកគ្រូខ្លះខិតខំបំពេញការងារត្រឹមត្រូវយ៉ាងសកម្មគឺពុំបានចេញធ្វើជា គណៈកម្មការប្រឡង នឹងគេឡើយ។ នេះ បើយោងតាមការលើកឡើងរបស់លោកគ្រូអ្នកគ្រូ និងអតីតសិស្សានុសិស្ស នៃវិទ្យាល័យ ព្រះបាទសុរាម្រឹត និង លិខិតបង្គាប់ការរបស់ មន្ទីរអប់រំយុវជន និងកីឡា ខែត្រកំពង់ឆ្នាំ លេខ៤៤៧ អយកខ បល ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។
លោកគ្រូអ្នកគ្រូ នៃវិទ្យាល័យ ព្រះបាទសុរាម្រឹត ភាគច្រើនបានទោមនស្សយ៉ាងខ្លាំងបន្ទាប់ពីកើតមានរឿងអា ស្រូវដ៏ចម្រូងចម្រាស់នៅក្នុងវិទ្យាល័យរបស់ពួកគាត់ខាងលើរួច និងលោក អឿ ម៉េងចុង ដែលជា អតីតនាយក វិទ្យាល័យ ព្រះបាទសុរាម្រឹត ត្រូវបានគេដកបញ្ឈរជើងអស់រយៈពេលជិតពីរឆ្នាំមកហើយនោះលោកនៅតែមាន ប្រាក់ខែដេកហូបរហូតមកធ្វើព្រងើយហាក់បីដូចជាគ្មានរឿងអ្វីកើតឡើង។
តួអង្គរូបនេះជាបុគ្គលម្នាក់ ដែលចូលចិត្តប្រព្រឹត្តតែអំពើ «អបាយមុខ» ដូចជា ល្បែងស៊ីសង ផឹកស៊ី ស្រា ស្រី ជាដើម។ល។ ដើម្បីបំពេញតណ្ហារបស់ខ្លួន ហើយអំពើកខ្វក់រំលោភបំពានច្បាប់បែបណាក៍ លោកអតីតនាយក រូបនេះ ហ៊ានធ្វើដែរដូចជា កិបកេងលុយសាលារាល់ចំណូលទាំងអស់មានជាអាទិ៍ កិបកេងថវិកាដែល សម្ដេច តេជោ បានឧបត្ថម្ភដល់សិស្សានុសិស្ស កិបលុយអគារធនធាន លុយបរិស្ថាន លុយភាស៊ីកង់ម៉ូតូ និងព្រមទាំង ស៊ីលុយពីសប្បុរសជននានា ផងដែរ។ រឿងអាស្រូវចុងក្រោយរបស់លោក ម៉េងចុង គាត់បានអនុវត្តការងារ
ផ្ទុយឬបញ្រ្ចាស់ពីគោលនយោបាយរបស់ រាជរដ្ឋាភិបាល គឺលោកបើកថ្នាក់បំប៉នសិស្សចាប់តាំងពីថ្នាក់ទី៧ ទី៨ ទី១០ និងទី១១ ដោយតម្រូវឱ្យសិស្សក្រីក្រដែលបានចូលរៀនថ្នាក់បំប៉នទាំងនោះចំនួន៥០០នាក់ ត្រូវបង់លុយ ក្នុងម្នាក់ៗ២០ដុល្លារ អំឡុងពេល ជំងឺកូវីដ-១៩ កំពុងតែរាតត្បាតពេញបន្ទុកគឺក្នុង ឆ្នាំ២០២១។
តើបញ្ហាខាងលើមានអាថ៌កំបាំងអ្វីនៅពីក្រោយខ្នងនេះមែនទេ បានជាក្រសួងសាមី មន្ទីរជំនាញ និងសាលា ខែត្រកំពង់ឆ្នាំង ហាក់មិនអើពើដោះស្រាយឱ្យជ្រះស្រឡះ ? ហេតុអ្វីថ្នាក់ដឹកនាំមិនព្រមតែងតាំង នាយិកាស្ដីទី ឱ្យពេញសិទ្ធិ ?
ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាល នៃគណៈអភិបាល ខែត្រកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ មានប្រសាសន៍បកស្រាយយ៉ាងដូច្នេះថា នៅវិទ្យាល័យ ព្រះបាទសុរាម្រឹត បើតាមការពិនិត្យកន្លងមកមានការ ពាក់ព័ន្ធនឹងទំនាស់គ្នាពី បក្សមួយទៅបក្សមួយ។ អីចឹងតម្រូវឱ្យក្រុមការងារចុះសិក្សា វិនិច្ឆ័យ ឱ្យបានច្បាស់ លាស់ត្រឹមត្រូវមុនឈានដល់ការតែងតាំងថ្នាក់ដឹកនាំថ្មី។
ឯកឧត្តមមានប្រសាសន៍បន្ថែមថា យើងក៍បានប្រជុំជាមួយមន្ទីរក្រសួងកន្លងមក និងយើងកំពុងតែធ្វើការស ម្របសម្រួលដោះស្រាយ។ ដូច្នេះ ទើបមិនទាន់មានការតែងតាំង នាយិកា ឬនាយកថ្មីនៅឡើយទេ។ ប៉ុន្មានថ្ងៃ មុននេះក្រសួងក៍បានចុះមកធ្វើការសម្របសម្រួលរកយន្តការមួយដែរ។ ឥឡូវខាងជំនាញរបស់សាលាខែត្រ និងខាង ក្រសួងអប់រំ កំពុងតែធ្វើការជាមួយគ្នា។
ចំណែកលោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខែត្រកំពង់ឆ្នាំ បានប្រាប់ «បាយ៉ង់ថាមស៍» ឱ្យដឹង នៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ថា ឥឡូវនេះខ្ញុំស្នើសុំគោលការទៅខែត្ររួចហើយ ប៉ុន្តែមិនទាន់ដឹងថា ការសម្រេចយ៉ាងណានោះទេ។ ការតែងតាំង នាយិកាថ្មីគឺដើម្បីបន្តនិរន្តរភាពនៅពេលក្រុមការងារចុះធ្វើការ ស្រាវជ្រាវកន្លងមក។ ដោយសារ នាយកចាស់ មិនមានកំហុសណាធំដុំទើប លោកប្រធានមន្ទីរអប់រំខែត្រ រៀប ចំសុំគោលការទៅ រដ្ឋបាលខែត្រ តែរឿងសម្រេចមិនសម្រេចគឺស្ថិតនៅលើ អភិបាល ខែត្រកំពង់ឆ្នាំង។
ផ្ទុយទៅវិញ លោកគ្រូម្នាក់បង្រៀននៅ វិទ្យាល័យ ព្រះបាទសុរាម្រឹត សុំមិនបញ្ចេញអត្តសញ្ញាណ បានរៀបរាប់ ពីដំណើររឿងអាស្រូវ និងប្រវត្តិនៃការដឹកនាំរបស់លោក អឿ ម៉េងចុង អតីតនាយករបស់ខ្លួនថា គាត់ត្រូវបានគេ ដកបញ្ឈរជើងតាំពី ខែមីនា ឆ្នាំ២០២១ មកដល់បច្ចុប្បន្នជាងពីរឆ្នាំហើយ សព្វថ្ងៃគាត់ដើរអួតក្អេងក្អាងប្រាប់គេ ឯងថា គាត់នឹងមកធ្វើ នាយក នៃវិទ្យាល័យ ព្រះបាទសុរាម្រឹត វិញ។ ចុះហេតុអ្វីអ្នកល្មើសនឹងបទបញ្ជាពីរនាក់ តែមានវាសនាខុសគ្នាឆ្ងាយម៉្លេះ ?
លោកគ្រូរៀបរាប់បន្តថា ប្រមុខ រាជរដ្ឋាភិបាល យល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងរបត់ កូវីដ-១៩ បានដាក់ បទបញ្ជាយ៉ាងម៉ឺងម៉ាត់មិនឱ្យគ្រប់សាលារៀនយកលុយពីសិស្សទេទោះជាក្នុងទម្រង់ណាក៍ដោយ។ ផ្សព្វផ្សាយ តាមបណ្តាញព័ត៌មានជាតិនានាបើមានជនណាល្មើស លោកមិនលើកលែងឱ្យទេ និងរដ្ឋមន្ត្រី ក្រសួងអប់រំយុវ ជន និងកីឡា ក៍បានថ្លែងបន្តខ្លឹមសារនេះក្នុងសារពេលបើកបវេសនកាលទៀតក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ក៍ប៉ុន្តែជាអកុសលមានបុគ្គលពីរនាក់ថ្លើមធំពាសមេឃហ៊ានប្រព្រឹត្តល្មើស។ ទី១.អ្នកគ្រូម្នាក់បង្រៀននៅ សាលា
បឋមសិក្សាសន្ធរម៉ុក បានយកលុយសិស្ស៦០.០០០ (ប្រាំមួយម៉ឺនរៀល) ត្រូវគេដកចេញពី សាលាសន្ធរម៉ុក ឱ្យទៅធ្វើការនៅសាលាជាយក្រុង។ ទី២.លោក អឿ ម៉េងចុង យកលុយសិស្សជាង២២លានរៀលត្រូវដក បញ្ឈរជើងបណ្ដោះអាសន្នជាង២ឆ្នាំហើយឥឡូវឮសូរថារត់ការបានចូល អង្គភាពដើមវិញ។ បើដូច្នោះមែនតើ ហេតុអ្វីបានជាវាសនាអ្នកទាំងពីរខុសគ្នាឆ្ងាយម្ល៉េះ ? លោក ម៉េងចុង ចេះវិជ្ជាបន្ទន់ចិត្តថ្នាក់ដឹកនាំគ្រប់លំដាប់ ថ្នាក់មែនឬ ?
លោកគ្រូសង្កត់ធ្ងន់ថា លោកមិនគាំទ្រឱ្យលោក អឿ ម៉េងចុង អតីតនាយកវិទ្យាល័យ ព្រះបាទសុរាម្រឹត មកធ្វើ ជាថ្នាក់ដឹកនាំវិញជាដាច់ខាត។ ព្រោះលោក ម៉េងចុង ជាបុគ្គល «អបាយមុខ» ប្រើប្រាស់តែមនុស្សខូចៗដូចជា មេខ្យល់ជំនាញខាងដើរប្រមូលស្នាមមេដៃញុះញង់បង្កព្យុះភ្លៀងបំបែកបំបាក់ផ្ទៃក្នុងអង្គភាពជាហូរហែ ហើយ ចុងក្រោយហ៊ានដាក់បញ្ជប្រមូលលុយពីសិស្សក្នុងរបត់ កូវីដ-១៩ ដោយមិនខ្វល់ពីប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អ្វីបន្តិចសោះឡើយ។
នៅក្នុងរឿងដ៏ចម្រូងចម្រាស់វែងអន្លាយអស់រយៈពេលជាងពីរឆ្នាំត្រូវគេដកបញ្ឈរជើងហើយលោក អឿ ម៉េងចុង នៅតែទទួលបានប្រាក់ខែហូបជាធម្មតា។ លោក ខេន ផល្លី ប្រធានមន្ទីរមុខងារសាធារណៈ ខែត្រកំពង់ឆ្នាំង មានប្រសាសន៍បកស្រាយតាមនីតិវិធីច្បាប់ការងារកាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ថា ផ្អែកលើលិ ខិតបង្គាប់ការរបស់ មន្ទីរអប់រំយុវជន និងកីឡា ខែត្រកំពង់ឆ្នាំង លេខ៤៤៧ អយកខ បល ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ចែងថា លោក អឿ ម៉េងចុង ត្រូវផ្អាកភារកិច្ចបណ្ដោះអាសន្នដើម្បីដោះស្រាយបញ្ហា។ ក្នុងន័យនេះ ប្រាក់បៀវត្សរ៍របស់លោក អឿ ម៉េងចុង មិនមានការប្រែប្រួលនោះទេគឺនៅមានប្រាក់ខែធម្មតាដដែលលុះត្រាតែ គេចែងថា លោក អឿ ម៉េងចុង ត្រូវគេបញ្ចប់ភារកិច្ចមុខងារទើបប្រាក់ខែរបស់គាត់ត្រូវបានគេកាត់ផ្ដាច់។
តួអង្គលោក អឿ ម៉េងចុង បានលើកឡើងជាមួយនឹងសម្ដីទន់ភន់បាទៗ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ថា ខ្ញុំមិនបានតាមដាននោះទេ ប៉ុន្តែដល់ដាច់ខែខ្ញុំទៅបើកៗ…។ លោកបន្ថែមថា ខ្ញុំមិនបានដឹងពីរឿងដែលខ្ញុំ ត្រូវមកធ្វើជា «នាយកសាលា» នេះម្ដងទៀតនោះទេ។ ចំណែកការចោទប្រកាន់ រឿងកិបកេងស៊ីដាច់លុយកាក់ កន្លងមកលោកចាត់ទុកថា ជារឿងចោទប្រកាន់។ ចំពោះ គណៈកម្មការ របស់ ក្រសួងអប់រំ ចុះអង្គេតរឿងបាត់ លុយកន្លងមកលោកមិនដែលបានឃើញរបាយការណ៍នោះទេ។
ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើ លោកគ្រូអ្នកគ្រូ អតីតសិស្សានុសិស្ស នៃវិទ្យាល័យ ព្រះបាទសុរាម្រឹត និងតំណាង សហគមន៍ទ្រទ្រង់សាលាបានលើកឡើងពីសារបាននៃបញ្ហា និងបញ្ចេញមតិដូចខាងក្រោម និងដើម្បីសុវត្ថិភាព ផ្ទាល់ខ្លួនពួកគាត់ភាគច្រើនសុំមិនបញ្ចេញអត្តសញ្ញាណ។
អនុប្រធានសហគមន៍ទ្រទ្រង់សាលានៃវិទ្យាល័យព្រះបាទសុរាម្រឹត លោកពូ ឡេង ឡេ បានឱ្យ «បាយ៉ង់ថាម ស៍» ឱ្យដឹងតាមប្រព័ន្ធទូរស័ព្ទកាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ថា លោកពូពុំបានដឹងពីការដឹកនាំ គ្រប់គ្រងរបស់ អតីតនាយកសាលានេះ ឡើយ។ ពីព្រោះលោកពូទើបមកកាន់ការងារជា អនុប្រធានសហគមន៍ នៅក្នុង ឆ្នាំ២០២២ បន្ទាប់ពីគេដកបញ្ឈរជើង នាយកចាស់ ទៅហើយ…។ លោកពូបញ្ជាក់ថា នាយិកាស្ដីទីសព្វ ថ្ងៃបានសហការគ្នាល្អ ធ្វើការមានតម្លាភាព សាលាមានការរីកចម្រើនរីឯការបង់ទឹកភ្លើងមិនដែល មានបញ្ហាអ្វី ឡើយ។ លើសពីនេះរឿងពីមុនមកលោកពុំបានដឹងទេ។
លោកគ្រូ អ្នកគ្រូភាគច្រើនមានប្រសាសន៍ស្រដៀងៗគ្នា និងបញ្ចេញមតិដូចៗគ្នានៅរសៀលថ្ងៃទី៣១ ខែមីនា ថា លោក អឿ ម៉េងចុង ពិតជាបានរៃលុយពីសិស្សពិតប្រាកដមែនដោយបានដាក់គំនាប សិស្សតាមរយៈបង្ខំ គ្រូៗប្រាប់ទៅសិស្សថា ត្រូវតែបង់លុយរៀនបំប៉ន។ ពួកគាត់បន្តទៀតថា សម្រាប់ខ្ញុំមិនគាំទ្រឱ្យគាត់គឺលោក ម៉េងចុង មកធ្វើជា នាយកសាលា នេះវិញទេ។ ខ្ញុំសុំតែម្យ៉ាងឱ្យមានការតែងតាំងអ្នកថ្មីដែលធ្វើការជាមួយសហ គមន៍ ដើម្បីអភិវឌ្ឍន៍សាលាបានល្អ។ បើសិនជាគាត់មកវិញមែនវានឹងកើតរឿងឡើងបន្តទៀតឥតឈប់ឈរ។
ចំណែកយុវជនម្នាក់ អតីតសិស្ស នៃវិទ្យាល័យព្រះបាទសុរាម្រឹត សព្វថ្ងៃជានិស្សិតមហាវិទ្យាល័យមួយ លើក ឡើងថា លោក អឿ ម៉េងចុង ធ្លាប់បានរៃលុយពីសិស្សពិតប្រាកដមែនដើម្បីយកទៅបំប៉ន សិស្សណាដែលរៀន ខ្សោយ។ ក៍ប៉ុន្តែដំបូងត្រូវធ្វើតេស្ដលើកទី១ធ្លាក់ ហើយធ្វើលើកទី២ត្រូវតែបង់លុយទើបជាប់ បើសិនជានរណា មួយមិនបង់លុយនោះទេនឹងរៀនត្រួតថ្នាក់។ ដោយសារការភ័យរបស់សិស្ស ក៍ដូចជាឪពុកម្ដាយពួកគាត់ក៍បង់ លុយតាមការចង់បានរបស់លោក អឿ ម៉េងចុង។ ការរៃលុយបានពីសិស្សក្រីក្រទាំងអស់ដែលសិស្សធ្លាក់មធ្យម ភាគរួច ហើយចុងក្រោយពួកគេមិនបានរៀនបំប៉នជាដដែល។
អតីតសិស្សរូបនេះបន្តទៀតថា សកម្មភាព លោកនាយកសាលា ខាងលើគ្រូៗជាច្រើននាក់ មិនយល់ព្រមនោះ ទេ។ ព្រោះការគ្រប់គ្រងរបស់គាត់វិញគឺមិនល្អទេដូចជា ធ្វើការគាបសង្កាត់នូវការផាតពិន័យយក លុយសិស្ស ក្រីក្រ។ រីឯការអភិវឌ្ឍន៍សាលារបស់ នាយកចាស់ ក៍មិនល្អដូន នាយិកាស្ដីទី ថ្មីនោះដែរ និយាយរួមគាត់ជា មនុស្សរកលុយពីសិស្សតែម្ដង។
គួររំលឹកថា ក្នុងគ្រួសារមួយបើប្ដីប្រពន្ធឈ្លោះប្រកែកគ្នាតើអ្នកណាជាជនរងគ្រោះ ? វាប្រាកដជាកូនៗចុះនៅក្នុង សាលារៀន បើថ្នាក់ដឹកនាំគណៈគ្រប់គ្រងគុំគួនបង្កទំនាស់នឹងលោកគ្រូអ្នកគ្រូធ្វើបាបគាបសង្កត់សិស្សានុសិស្ស តើនរណាជាជនរងគ្រោះ ? ចម្លើយនេះស្រេចតែលើឆន្ទានុសិទ្ធិរបស់ គណៈអភិបាល ខែត្រកំពង់ឆ្នាំង ជាអ្នកស ម្រេចចិត្តថា តែងតាំងអ្នកណាជា នាយក ឬ នាយិកា នៃវិទ្យាល័យ ព្រះបាទសុរាម្រឹត៕