ពលរដ្ឋសំណូមពរដល់អាជ្ញាធរខេត្តព្រះវិហារសូមចាត់វិធានការបុគ្គលឈ្មោះ ព្រំ ធី ហៅ ធី ម្រេច ឈ្មួញឈើដុះស្លែនៅព្រះវិហារ

0
111

ដោយៈ ម្លូព្រៃ
ព្រះវិហារៈ ឈ្មួញឈើដុះស្លែឈ្មោះ ព្រុំ ធី ហៅ ធី ម្រេច ដែលល្បីល្បាញយូរឆ្នាំមកហើយខាងគំរាមកំហែងនិង បុកឡានអ្នកសារព័ត៌មាននៅពេលដែលហ៊ានចុះផ្តិតយករូបនៃសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់របស់គាត់ ចេញពីតំបន់អភិរក្សព្រៃឡង់ដោយឆ្លងកាត់ ស្រុកជ័យសែន ស្រុករវៀង ខេត្តព្រះវិហារ តាមដងផ្លូវជាតិលេខ៦២ ឆ្ពោះទៅកាន់ ខេត្តកំពង់ធំ។

ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋបានរិះគន់ចំពោះអាជ្ញាធរស្រុកថា អសមត្ថភាពក្នុងការបង្រា្កប និងទប់ស្កាត់ បទល្មើសព្រៃឈើដោយបើកដៃឩ្យឈ្មួញខាងលើធ្វើព្យុះភ្លៀងតាមតែអំពើចិត្ត។ ជាក់ស្ដែងបុគ្គលឈ្មោះ ព្រុំ ធី ហៅ ធី ម្រេច ជាឈ្មួញរកស៊ីអសីលធម៌គឺតែងតែអួតអាងខ្លួនថា មានកូនបម្រើការងារនៅ អង្គភាពប្រឆាំងអំពើ ពុករលួយរបស់លោក ឱម យ៉ិនទៀង។ បុគ្គលរូបនេះរៀងរាល់យប់និងថ្ងៃធ្វើការដឹកជញ្ជូនឈើឆ្លងកាត់ ខេត្តព្រះ វិហារ ចូលទៅកាន់ ខេត្តកំពង់ធំ យ៉ាងរលូនតាមរយៈរថយន្តសាំយ៉ុងកែច្នៃជាច្រើនគ្រឿង និងពុំមានសមត្ថកិច្ច ណាមួយហ៊ានប៉ះពាល់ឈ្មួញរកស៊ីឈើដ៏ក្រអីតក្រទមរូបនេះឡើយ។

បើតាមការបង្ហើបប្រាប់ពីមន្ត្រីរាជការនៃ មន្ទីរកសិកម្ម ខេត្តព្រះវិហារ មួយចំនួនបានឲ្យដឹងថា បើគ្មានការឃុប ឃិតបើកដៃពីសំណាក់អាជ្ញាធរស្រុកទេនោះគឺមេឈ្មួញឈ្មោះ ព្រុំ ធី ហៅ ធីម្រេច មិនអាចដឹកជញ្ជូនឈើ បានតាមអំពើចិត្តឡើយ។ ដូចពាក្យចាស់មួយពោលថា បើខ្មោចស្រុកមិនឲ្យដៃខ្មោចព្រៃក៍មិនហ៊ានចូលដែរ។

ពាក់ព័ន្ធបញ្ហាខាងលើនេះប្រជាពលរដ្ឋ ខេត្តព្រះវិហារ បានធ្វើការសំណូមពរទៅលោក ប្រាក់ សុវណ្ណ អភិបាល ខេត្តព្រះវិហារ សូមចាត់វិធានការ និងទប់ស្កាត់ឲ្យខាងតែបាន ចំពោះបុគ្គលរកស៊ីទុច្ចរិតដឹកជញ្ជូនអនុផលព្រៃ ឈើខុសច្បាប់ជាយូរឆ្នាំមកហើយនេះផងទាន៕