ពលរដ្ឋរងគ្រោះប្ដឹងមេប៉ុស្តិ៍សង្កាត់លេខ៣ទៅតុលាការខណៈចាប់គាត់វាយដំបណ្ដាលឱ្យជាំថ្លើមនិងជាំសួត

0
344

ដោយៈ បាយ៉ង់
ព្រះសីហនុៈ ដោយអាងអំណាចជាមន្រ្តីកងកម្លាំងប្រដាប់អាវុធ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់លេខ៣ និងបក្ខពួកបួននាក់បាននាំគ្នាចាប់ពលរដ្ឋស្លូតត្រង់វាយខ្នោះបង្ខាំងទុកវាយដំធ្វើទារុណកម្មទាត់ធាក់រហូតប ណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរជាំថ្លើម និងជាំសួតខណៈទាស់ពាក្យសម្ដីគ្នាបន្តិចបន្ទួច។ ដើម្បីបំភាន់ស្ថានការណ៍មេប៉ុស្តិ៍រូបនេះ បានបញ្ជូនជនរងគ្រោះទៅកាន់ អធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ ហើយក្រោយមកទំនងជារកធាតុផ្សំនៃបទល្មើសពុំឃើញ អធិការដ្ឋាន ក៍ដោះលែងជននោះវិញនៅព្រឹកថ្ងៃបន្ទាប់ ដោយស្នើសុំកុំឱ្យជនរងគ្រោះប្ដឹងផ្ដល់ថែមទៀតផង។

ហេតុការណ៍ខាងលើនេះកើតឡើងនៅក្នុង សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ កាលយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ នេះបើយោងតាមពាក្យបណ្ដឹងជនរងគ្រោះបានដាក់ពាក្យប្ដឹងទៅកាន់ អយ្យការអមសាលាដំបូង ខែត្រព្រះសីហនុ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីគាត់ចេញពី មន្ទីរពេទ្យបង្អែក ខែត្រព្រះ សីហនុ។

នៅក្នុងពាក្យបណ្ដឹងដែលបានប្ដឹង លោកមេប៉ុស្តិ៍ និងបក្ខពួក៤នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសគំរាមកំហែងថានឹងសម្លាប់ជេរប្រមាថជាសាធារណៈនិងពីបទចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់។ ជនរងគ្រោះឈ្មោះ រ័ត្ន គន្ធី ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានធ្វើការសំណូមពរសូមឱ្យ អយ្យការអមសាលាដំបូង ខែត្រព្រះសីហនុ ផ្ដន្ទាទោស លោកមេប៉ុស្តិ៍ និងបក្ខពួកដាក់ពន្ធ នាគារទៅតាមច្បាប់ ព្រមទាំងទាមទារសំណងជំងឺចិត្ត និងថ្លៃព្យាបាលរបួសចំនួន២០០.០០០ (ម្ភៃម៉ឺន) ដុល្លារអាម៉េរិក។

ទោះជាយ៉ាងណា លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់លេខ៣ ឈ្មោះ អ៊ុក ផាន់ណារ៉េត បានធ្វើការបដិសេធប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកពុំបានប្រព្រឹត្តដូចការចោទប្រកាន់របស់ជនរងគ្រោះខាងលើនោះទេ។

ចំណែកក្រុមគ្រួសារជនរងគ្រោះមានឪពុកម្ដាយ និងជីដូនមានប្រសាសន៍ដូចៗគ្នាថា លោកមេប៉ុស្តិ៍ បានធ្វើទារុណកម្មលើជនរងគ្រោះយ៉ាងសាហាវឃោរឃៅព្រៃផ្សៃណាស់។ ដូច្នេះពួកគាត់ស្នើឱ្យ ប្រព័ន្ធតុលាការ មេត្តាផ្ដន្ទាទោសជនបង្កទៅតាមច្បាប់កុំលើកលែងឱ្យសោះ។

គួររំឭកថា យោងតាមក្រមព្រហ្មទណ្ឌ ការចាប់ឃាត់ខ្លួនជនណាម្នាក់លុះត្រាតែមានធាតុផ្សំបីគឺ ទីមួយ គេនិយាយ ពីច្បាប់ ថា តើជននោះប្រព្រឹត្តខុសច្បាប់ទេ ? ទីពីរ គេនិយាយពីអង្គហេតុ ថា តើជននោះបានប្រព្រឹត្តមែនទេ ? ទីបី គេនិយាយពីផ្លូវចិត្ត ថា តើជននោះមានចេតនាប្រព្រឹត្ត ឬ អចេតនា ? ដូច្នេះបើជនរងគ្រោះខាងលើមាន បទល្មើសជាមួយធាតុផ្សំទាំងបីមែន តើហេតុអ្វី អធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ ដោះលែងជនរងគ្រោះនោះមកវិញ? ហើយបើមិនមានធាតុផ្សំបទល្មើសទាំងបីទេចុះហេតុអ្វី លោកមេប៉ុស្តិ៍ សង្កាត់លេខ៣ ចាប់ពលរដ្ឋស្លូតត្រង់វាយខ្នោះធ្វើទារុណកម្មសាហាវឃោរឃៅព្រៃផ្សៃយ៉ាងដូច្នេះ ? ៕