មណ្ឌលគិរីៈ ពលរដ្ឋជាច្រើនគ្រួសារមកពីឃុំចំនួនពីរនៃ ស្រុកអូររាំង និង ស្រុកពេជ្រាដា បាននាំគ្នាស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់អភិបាល ខេត្តមណ្ឌលគិរី នៅពេលដែលតុលាការត្រូវបានពួកគាត់អះអាងថា មិនអាច ជួយស្វែងរកយុត្តិធម៌បាន។
កិច្ចស្វែងរកកិច្ចអន្តរាគមន៍នេះបានសរសេរថា កាលពីថ្ងៃទី២២ ខែសីហា កន្លងទៅប្រជាពលរដ្ឋ នៃសហគមន៍ជនជាតិខ្មែរដើមភាគតិចមកពី ឃុំដាក់ដាំ ស្រុកអូររាំង និង ឃុំប៊ូស្រា ស្រុកពេជ្រាដា ចំនួន១១៩គ្រួសារស្មើនិងផ្ទៃដីប៉ះពាល់៣៣០៨ហិកតា។ សហគមន៍ដដែលបានប្តឹងសុំទៅអភិបាល ខេត្តមណ្ឌលគិរី គ្រាដែល ដីភូមិចាស់ ព្រៃដំណម ព្រៃកប់សព ព្រៃបម្រុងទុក ដីឃ្វាលគោក្របី ប្រភពទឹក រុក្ខជាតិកម្រ ចម្ការវិលជុំ ទីជម្រកសត្វ គ្រប់ប្រភេទកន្លែងរក ផលអនុផលបែបប្រពៃណីជនជាតិខ្មែរដើមត្រូវបាន ក្រុមហ៊ុនមេហ្គាហ្វើស ដែលទទួលបានសិទ្ធិសម្បទានសេដ្ឋកិច្ច តែប្រាំបួនពាន់ហិកតាធ្វើឱ្យប៉ះពាល់ដីខាងលើរហូតដល់៣៣០៨ហិកតាដែលពួកគេកំពុងតែអាស្រ័យផលនិងថែទាំរាល់ថ្ងៃ។
ក្នុងខ្លឹមសារនៃលិខិតបានបញ្ជាក់ទៀតថា ដីខាងលើ ក្រុមសហគមន៍ មកពីស្រុកចំនួនប្រាំក្នុងខេត្តបានប្រមូលផ្តុំគ្នាតវ៉ាក្នុងទីតាំង ក្រុមហ៊ុនមេហ្គាហ្វើស កាលពីអំឡុង ឆ្នាំ២០១៥ ហើយមុននោះក៍បានស្នើសុំទៅ ក្រសួងបរិ ស្ថាន សម្រាប់បង្កើតតំបន់សហគ្រប់គ្រងរួចជាស្រេច និងសំណូមពរដោះស្រាយតាមគោលការណ៍នៃ រាជរដ្ឋា ភិបាល ដែលមានស្រាប់ទៀតផង។
ប្រជាពលរដ្ឋសហគមន៍បានសង្កត់ធ្ងន់ថា ពួកគាត់បានប្តឹងទៅ តុលារការ ខេត្តមណ្ឌលគិរី ជាបន្តបន្ទាប់នៅតែគ្មានដំណោះស្រាយ។ ម្តងនេះមានតែអភិបាល ខេត្តមណ្ឌលគិរី ទេដែលអាចជួយដោះស្រាយនិងយកដីជាងបីពាន់ហិកតានោះពី ក្រុមហ៊ុនមេហ្គាហ្វើស មកវិញបាន។
រឿងដីធ្លីដដែលក្នុង ខេត្តមណ្ឌលគិរី គឺជា ដីព្រៃដំណម ក្បាលហុងទឹក ទីសក្ការបូជា ប្រមាណបីម៉ឺនម៉ែត្រការ៉េស្ថិតក្នុង សហគមន៍ ភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា លោក ភី ងូក ចៅសង្កាត់រមនា ឃុបឃិតគ្នាជាមួយក្រុមជនខិលខូចធ្វើប្លង់កាន់កាប់បង់ពន្ធប្រថាប់ត្រាលើដីភ្នំទាំងមូលលក់យកលុយចែកគ្នាអស់យ៉ាងរំភើយ។
ករណីខាងលើកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះគេបានប្រទះឃើញសកម្មភាពក្រុមឈ្មួញដាក់គ្រឿងចក្រចូលឈូសឆាយកាយចុងភ្នំផ្នែកខាងក្រោយអស់មួយផ្នែកធំទៅហើយ។
តំបន់ខាងលើត្រូវបានគេអះអាងថា ជាទីតាំង សែនព្រេន អ្នកតាភ្នំ កាប់ក្របី ជ្រូក មាន់ ទា ដើម្បីថ្វាយដល់ម្ចាស់ទឹកដីសុំសេចក្ដីសុខ និងផ្ដល់ប្រភពទឹកចេញឯងៗដើម្បីបានប្រជាពលរដ្ឋក្នុងសហគមន៍ប្រើប្រាស់រួមភូមិចំនួន៤៤៩គ្រួសារ និងសត្វពាហនៈទៀតផង។
ជុំវិញករណីនេះនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ គេពុំអាចសុំការបញ្ជាក់ពីចៅសង្កាត់លោក ភី ងូក បាននោះទេ។ ដោយគ្រាន់តែឮពាក្យល្ហៀងៗមកថា លុយលក់ដីបាននោះមានការបែងចែកទៅអ្នកឃុបឃិតគ្នាអស់រលីងទៅហើយ…៕