ពលរដ្ឋក្រីក្ររងគ្រោះ១១គ្រួសារត្រូវមន្ត្រីបរិស្ថានផ្គាប់ចិត្តក្រុមឈ្មួញមានលុយមានអំណាចរំលោភយកដីពួកគាត់

0
250

ដោយៈ សុខ សុភ័ណ្ឌ
កំពង់ស្ពឺៈ ពលរដ្ឋចំនួន១១គ្រួសារផ្ទុះការតវ៉ានៅពេលដែល ក្រុមមន្ត្រីបរិស្ថាន ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដឹកនាំ ដោយលោក ថន ចាន់ ប្រធានស្នាក់ការទេទឹកពុះ បញ្ជាឱ្យគ្រឿងចក្រឈូសឆាយរបងរបស់ពួកគាត់ហើយប្រុង បោះបង្គោលថ្មថ្មីជំនួសវិញ។ទង្វើព្រៃផ្សៃខាងលើនេះគេធ្វើដើម្បីផ្គាប់ចិត្តក្រុមឈ្មួញមានលុយមានអំណាចទើប ធ្វើការលួចលាក់ទាំងបំពានច្បាប់យ៉ាងដូច្នេះ។

ប្រជាពលរដ្ឋម្ចាស់ដីឈ្មោះ ម៉ូត នឿន ភេទស្រីអាយុ៥២ឆ្នាំជាសិកររស់នៅ ភូមិក្បាលដំរី ឃុំត្រពាំងជោ ស្រុក ឱរ៉ាល់ តំណាងឱ្យពលរដ្ឋទាំង១១គ្រួសារនិយាយក្នុងមុខអស់សង្ឃឹមនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នេះថា ពួកគាត់ក៍ដូចជាពលរដ្ឋផ្សេៗទៀតដែលរស់នៅក្បែរៗគ្នាក្នុងនោះមានឈ្មោះ សឿន រិម ភេទស្រី៣១ឆ្នាំ។ ឈ្មោះ ហេម ហ៊ីម ភេទស្រីអាយុ២៥ឆ្នាំ។ ឈ្មោះ ហាំង សឿន ភេទប្រុសអាយុ៥២ឆ្នាំ។ ឈ្មោះ សុត វិបុត្រ ភេទប្រុសអាយុ៣១ឆ្នាំ។ ឈ្មោះ សុត សំបូរ ភេទប្រុសអាយុ២៧ឆ្នាំ។ ឈ្មោះ សៀង សុវណ្ណា ភេទស្រីអាយុជាង ៥០ឆ្នាំ និងឈ្មោះ ឃឹម ស្រីពៅ អាយុ៣០ឆ្នាំ បាននាំគ្នាកាប់ឆ្កា និងអាស្រ័យផលលើដីព្រៃនឹង កាំបិត ពូថៅ ចបជីក ចបកាប់ រហូតធ្វើស្រែបង្កបង្កើនផលតាំងពីអំឡុង ឆ្នាំ១៩៩៧ មិនទាន់ចប់សង្គ្រាមមកម្ល៉េះ។

ប្រភពបន្តទៀតថា លុះមកដល់ ឆ្នាំ២០១២ មានក្រុមនិស្សិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា ចុះធ្វើការវាស់វែងលក្ខណៈជាប្រព័ន្ធ ឬហៅថា ប័ណ្ណប្លង់រឹង០១ ក្រុមប្រជាពលរដ្ឋទាំងអស់មានការ សប្បាយចិត្តជាខ្លាំងដោយបានកាន់កាប់ដីស្របច្បាប់ ធ្វើស្រែ ចម្ការ អាស្រ័យផលលើដីរៀងៗខ្លួនស្របច្បាប់។ នៅពេលនេះក្រុមគ្រួសារនីមួយៗមានកូនចៅកាន់តែច្រើនឡើងៗក៍កាប់រានបន្តដីកន្ទុយគ្នាដើម្បីកាន់កាប់បន្តទៀត ដោយមាន អាជ្ញាធរ ភូមិក្បាលដំរី ឃុំត្រពាំងជោ ទទួលស្គាល់ដឹងឮ។

ក្រុមពលរដ្ឋរងគ្រោះរៀបរាប់ទៀតថា រហូតមកដល់ពាក់កណ្តាល ឆ្នាំ២០២០ ក្រុមពលរដ្ឋជាច្រើនគ្រួសារដែល កាន់កាប់អាស្រ័យផលលើដីទាំងនោះបានចុះបញ្ជីកាន់កាប់ស្របច្បាប់ ប៉ុន្តែមិនទាន់ធ្វើការវាស់វែងបន្ថែមទៀត ឡើយ។ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្រាប់តែមានក្រុមជនខិលខូចនាំគ្នាយកបង្គោលមកបោះចំពាក់ កណ្តាលដីប្លង់ (០១) របស់ពួកគាត់ដែលក្រុមនិស្សិតវាស់វែងរួចហើយនោះ។ មិនតែប៉ុណ្ណោះនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នេះស្រាប់តែលេចមុខក្រុមមន្ត្រី បរិស្ថានដែនជម្រកសត្វ ព្រៃភ្នំឱរ៉ាល់ ជាច្រើនអ្នកមាន គ្រឿងចក្រដឹកនាំដោយលោក ថន ចាន់ ប្រធានស្នាក់ការរងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ទេទឹកពុះដើម្បីធ្វើការ ឈូសឆាយបំផ្លិចបំផ្លាញរបងលួសរបស់ពលរដ្ឋហ៊ុំព័ទ្ធជាយូរឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះមានមនុស្សចាំបោះ បង្គោលថ្ម ក្រោយពីឈូសឆាយរបងពលរដ្ឋនោះរលំកប់ដីអស់ហើយត្រូវបានបែករឿងដឹងដល់ក្រុមអ្នកសារព័ត៌ មានចុះទៅផ្តិតយករូបភាព។

ក្រុមពលរដ្ឋរងគ្រោះម្ចាស់ដីបន្ថែមថា កន្លងមកដីរបស់ពួកគាត់មានឈ្មួញចរចាសុំទិញដែលមានឈ្មោះ យិន ជាមន្ត្រីធ្វើការនៅសាលា ឃុំត្រពាំងជោ និងឈ្មោះ ធី ជាអ្នកគួកជេដីល្បីឈ្មោះប្រចាំតំបន់ស្ពានដែក។ ទង្វើ របស់មន្ត្រីបរិស្ថាននេះគឺចង់បានដីរបស់ពួកគាត់ទាំង១១គ្រួសារផ្គាប់ចិត្តក្រុមគួកជេដីនិងអ្នកមានលុយមាន អំណាច មកធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់។ ការចុះរុះរើនេះមានស្ពាយកាំភ្លើងច្រង៉េងច្រង៉ាងមកគំរាមកំហែង ពលរដ្ឋស្លូតត្រង់គ្មានអ្វីក្នុងដៃទាល់តែសោះគឺហាក់បីដូចជាទៅធ្វើសឹកសង្គ្រាមច្បាំងជាមួយខ្មាំងសត្រូវជាតិ សាសន៍ដដៃអីចឹង។ អ្វីដែលហួសចិត្តនោះគឺឈូសរបងលួសហើយជញ្ជូនយកទៅប្រុងដាក់បោះ បង្គោលថ្មី ទៅវិញ។

ប្រជាពលរដ្ឋទាំង១១គ្រួសារបានធ្វើការសំណូមពរដល់ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិ យោដីខេត្ត លោកអភិបាលខេត្តនិងជាពិសេសលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងរៀប ចំដែនដី និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមមេត្តាជួយពួកគាត់ក្រីក្ររងគ្រោះផង។

មន្ត្រីបរិស្ថានដែនជម្រក ដែលចុះទៅកាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ និយាយថា ពួកគេចុះមកអនុវត្តរុះរើ នេះតាមបញ្ជារបស់មេថ្នាក់លើរបស់ពួកគេ។ បើចង់បានព័ត៌មានច្បាស់លាស់សូម អ្នកសារព័ត៌មាន សួរទៅ លោកប្រធានការិយាល័យដែន ទៅ…។ គ្រាន់តែនិយាយរួច ក្រុមមន្ត្រីដែនជម្រកសត្វព្រៃ ដឹកយកបង្គោលរបង ដែលឈួសលុបមិនជិតរបស់ប្រជាពលរដ្ឋ ដឹកតាមគោយន្តកន្ត្រៃយកទៅរក្សាទុក។

ពាក់ព័ន្ធនឹងក្រុមមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចុះរុះរើរបងពលរដ្ឋ ផ្ទុះការតវ៉ាគឺលោក ហ៊ុល ម៉ារ៉ា អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ សុំការបំភ្លឺដែរតែមិនអាចទំនាក់ទំនងបានទេ។ ចំណែក លោក អោម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្ត ទូរស័ព្ទចូលជាច្រើនដងតែមិនមានអ្នកទទួល។ សម្រាប់អ្នក ទទួលខុសត្រូវខ្ពស់ក្នុងរង្វង់ដែនដីខ្លួនគឺលោក វ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ ក៍មិនអាចសុំការទំនាក់ទំនង បានដែរនៅល្ងាចថ្ងៃ៧ ខែមករា ឆ្នាំ២០២១ នេះ៕