ប្រាសាទអ្នកបួសឬប្រាសាទច័ន្ទគិរីមានសិលាចារឹកប្រាំបួនផ្ទាំងនៅស្រុកជាំក្សាន្តខែត្រព្រះវិហារ

0
507

ដោយៈ បាយ៉ង់ថាមស៍
ព្រះវិហារៈ ប្រាសាទអ្នកបួស ដែលស្ថិតនៅលើកូនភ្នំមួយដើមឡើយមានឈ្មោះថា ច័ន្ទគិរី ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ តាមពិតទៅគឺជា ក្រុមប្រាសាទ ដែលត្រូវបានកាន់កាប់កសាង និងគ្រប់គ្រងពី សតវត្សរ៍ទី៧ ដល់ សតវត្សរ៍ទី១១ នៃគ្រិស្កសករាជ (គ.ស)។ ប្រាសាទនេះត្រូវបានសិក្សាដោយលោក ប៉ាម៉ង់ ទីយេ ,លោក ឡាហ្សង់ គីយ្យា ,លោក អៃ ម៉ូនីញ៉េ និងលោក បាក ជិតមួយសតវត្សរ៍មកហើយចុងក្រោយបំផុត សិលាចារឹក ដ៏សំខាន់ៗទាំងនោះ ដែលមានចំនួនរហូតដល់ទៅ ប្រាំបួនផ្ទាំង ត្រូវបានបកប្រែជាបន្តបន្ទាប់ជាពិសេស សិលា ចារឹក K-៣៤១ និងបកប្រែដោយលោក ហ្ស័ក សឺដេស នៅក្នុង ឆ្នាំ១៩៥៤ ដែលគ្រូរបស់លោកស្រីបណ្ឌិត ពៅ សៅរស។

ចេញពីផ្លូវក្រួសក្រហម ទៅអានសេះ មានផ្លូវបំបែកមួយឆ្ពោះទៅកាន់ផ្លូវ ប្រាសាទអ្នកបួស ឬ ប្រាសាទច័ន្ទគិរី ជាផ្លូវលំមួយមានចម្ងាយប្រមាណពីបីគីឡូម៉ែត្រទៅបួនគីឡូម៉ែត្រ។ ក៍ប៉ុន្តែនៅជម្រេលភ្នំមានស្រះសង់ ឬបា រាយណ៍ទឹកបុរាណ នៅជើងភ្នំខាងក្រោមប្រាសាទដ៏ធំល្វឹងល្វើយ។ មានទឹកថ្លាយង់សម្រាប់ពិធីកម្មព្រាហ្មសាស នានិងការបង្ហូរទឹកស្រោចស្របស្រូវប្រាំង និងចម្ការកសិករ នៃសហគមន៍ខ្មែរនៅទីនោះតាំងពីសម័យបុរាណ កាលរហូតដល់សព្វថ្ងៃនេះ។

ប្រាសាទអ្នកបួស ឬ ប្រាសាទច័ន្ទគិរី មានជណ្តើរបែរមុខទៅទិសខាងត្បូង មានកាំជណ្តើរ១១កាំ ទំហំ១១ម៉ែត្រ ផ្នែកជាន់ទីមួយ និងជាន់ទីពីរមានទំហំតូចជាងបន្តិចដោយពុំអាចវាស់វែងបានពីព្រោះ ព្រៃក្រាស់ពេកបាក់បែក ជាខ្លាំង។ នៅកាំជណ្តើរទីពីរនៃគោបុរៈបាក់បែកស្ទើរអស់ទៅហើយ។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀម និងថ្មភក់ព័ទ្ធជុំវិញចំនួនបីជាន់។ នៅក្នុងបរិវេណនេះមានប្រាង្គធំនៅចំកណ្តាលបែរមុខទៅខាងត្បូង ក្បាច់ផ្តែរ បានបាក់បែកពាក់កណ្តាលធ្លាក់ចុះមកដល់ដីដោយជនពាលបំផ្លាញតាមរយៈដាក់រំសេវបំផ្ទុះយកវត្ថុបុរាណ (ក្បាលអ្នកតា) ទៅលក់ឱ្យថៃ។

នៅក្បែរនោះដែរមានប្រាសាទសំខាន់ៗជាច្រើនទៀត។ នៅខាងក្រៅកំពែងក៍មានក្រុមប្រាសាទតូចធំទាំងអស់ យ៉ាងតិចចំនួនប្រាំបួនទៀតផងដែរ។ ទំហំទីធ្លាកំពែងប្រាសាទព័ទ្ធជុំវិញទទឹងជាង១០០ម៉ែត្រ និងបណ្តោយប្រ មាណជាង៣០០ម៉ែត្រ។ ទាំងនៅក្នុងបរិវេណ និងនៅក្រៅប្រាសាទមានព្រៃដុះជុំជិតធំតូច និងមានស្រះតូចៗ ជាច្រើនទៀត ហើយមានធ្វើការរដ្ឋានថ្មពីសម័យបុរាណ នៅខាងលិចប្រាសាទនោះផងដែរ។

នៅក្នុងបរិវេណ ប្រាសាទច័ន្ទគិរី មានការជីកគាស់កកាយរុករកវត្ថុបុរាណធ្វើឱ្យបំណែកផ្ទាំងថ្មតូចធំរបើកឡើង រាយប៉ាយខូចខាតស្ទើរតែ៩០ភាគរយ។ ចំណែកក្បាច់ផ្តែរ ប្រាង្គប្រាសាទអ្នកបួស ដ៏ធំជាងគេត្រូវបានបំផ្លាញ ពីការដាក់រំសេវបំផ្ទុះនៅក្នុង ទសវត្សរ៍៩០។ វាជាការសោកស្តាយរកអ្វីប្រៀបផ្ទឹមពុំបានឡើយពីការបំផ្លាញដ៏ប្រ ល័យដល់ឫសគល់នេះដោយរួមទាំងមិនទាន់បានសង្គ្រោះវានៅឡើយទេ។

មានក្បាច់ផ្តែរ សសរពេជ្រ មួយចំនួនព្រមទាំងតួប្រាសាទខ្លះៗផងដែរបានបាក់បែកធ្លាក់ចុះមកដី។ ចំណែកតួ ប្រាសាទប្រាង្គធំមួយកំណាត់ក្រោមកសាងអំពីថ្មបាយក្រៀម ខាងលើឥដ្ឋមួយកំណាត់នោះ បានធ្លុះធ្លាយដំ បូលពីខាងលើ ហើយផ្នែកខាងក្នុងប្រាសាទ ត្រូវគេជីកកកាយបំផ្លាញគឺរុករកវុត្ថុបុរាណដែលមានការបំផុស ឱ្យបំផ្លិចបំផ្លាញវប្បធម៌មរតកដូនតាខ្មែរឱ្យវិនាសហិនហោច។

សិលាចារឹកនៃប្រាសាទទាំងនោះនៅសល់ប្រាំបីផ្ទាំង ហើយមានមួយផ្ទាំងត្រូវបានគេដឹកយកមករក្សាទុកនៅ សារមន្ទីរជាតិភ្នំពេញ។ ប្រាសាទទាំងនោះកសាងឡើងដោយអតីតព្រះមហាក្សត្រខ្មែរ (ស្តេច) បួនសម័យ កាល។ តំបន់ដែលមានប្រាសាទបុរាណដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះវាជាសញ្ញាមួយបញ្ជាក់ឱ្យឃើញថាមាន សហគមន៍ខ្មែររស់នៅទីនោះយ៉ាងច្រើនកុះករ ដែលបានមកគោរពបូជា ព្រះអាទិទេព ព្រះឥសូរ នៅជើងភ្នំដង រែកដ៏ស័ក្តិសិទ្ធបំផុតនេះ។

ជាលទ្ធផលនៃក្រុមការងារ ខេមរវិទ្យា ឯករាជ្យមានលោកបណ្ឌិត មីសែល ត្រាណេ ,លោក ស៊ឹម នីឡា និង ភរិយា លោក ជា សុជាតិ អ្នកឯកទេសផ្តិតសិលាចារឹកខ្មែរ នៃសារមន្ទីរជាតិភ្នំពេញ លោក តិល ពិសិដ្ឋ កាសែត រស្មីកម្ពុជា លោក ហូរ លីម និងលោក ធិន ប៊ុនថន កងអន្តរាគមន៍ព្រំដែនមុំបីវរ៣៩៥ជាំក្សាន្ត ខេត្តព្រះវិហារ សម្រេចបានផ្លែផ្កាផ្តិតយកអក្សរសិលាចារឹកចំនួនបីផ្ទាំងយកមករក្សាតម្កល់ទុកនៅ សារមន្ទីរជាតិភ្នំពេញសម្រា ប់ជាប្រយោជន៍នៃសង្គមខ្មែរតទៅ។

នៅតំបន់នេះអាជ្ញាធរបានមើលរំលងអំពីសក្តានុពល ផ្នែកទេសចរណ៍វប្បធម៌ និងធម្មជាតិ។ បើសិនជារាជរដ្ឋា ភិបាល រៀបចំផ្លូវបានល្អវាប្រាកដណាស់មានភ្ញៀវទេសចរទៅកម្សាន្តនៅទីនោះ។ ដូច្នេះប្រាក់ចំណូលវានឹង ហូរចូលរដ្ឋមួយផ្នែក ហើយមួយផ្នែកទៀតវានឹងធ្លាក់ចូលទៅដល់ដៃពលរដ្ឋរស់នៅតំបន់នោះដោយផ្ទាល់។ វាជា ការកាត់បន្ថយភាពក្រីក្រពលរដ្ឋរស់នៅតំបន់នោះមួយកម្រិតតាមរយៈភ្ញៀវទេសចរចំណាយលុយពីការស្នាក់នៅ ហូបចុក និងទិញវត្ថុអនុស្សាវរីយ៍ផ្សេងៗ។ល។

នៅមានកក្តាធម្មជាតិក៍បានបំផ្លាញប្រាសាទផងដែរមានដូចជា រុក្ខជាតិដុះទន្ទ្រានលើតួប្រាសាទ គឺអាយុកាល របស់ថ្មដែលត្រូវសឹករិចរឹលដោយធម្មជាតិមានទឹកភ្លៀង មេរោគ កម្តៅថ្ងៃ។ល។ កក្តាមនុស្សខ្វះចំណេះដឹងមិន យល់ពី វប្បធម៌ខ្មែរ ធ្វើឱ្យគ្រោះថ្នាក់ជាងគេបំផុត គឺមនុស្សជីកគាស់កកាយរុករកវត្ថុបុរាណជួញដូរធ្ងន់ធ្ងរជាង អ្វីៗទាំងអស់។ ពីព្រោះគ្រប់ប្រាសាទទាំងអស់គឺត្រូវបានជីកកកាយឱ្យរលុះរលួយស្ទើរគ្មានសល់ដែលជាការ បំផ្លាញដ៏មហន្តរាយបំផុត។

ជាបឋមសូមជម្រាប់ថា ប្រាសាទអ្នកបួស គឺជាក្រុមប្រាសាទ ដែលតាមប្លង់ដើមត្រូវមានប្រាសាទចំនួនប្រាំបី ប្រាង្គប្រធានមួយ និងប្រាង្គឧបសម្ព័ន្ធសាងសង់អំពីឥដ្ឋ និងថ្មបាយក្រៀម។ មានសិលាចារឹកនៅក្រុម ប្រាសាទ អ្នកបួស មានចំនួនទាំងអស់ប្រាំបួនផ្ទាំង។ នេះបើតាមប្រសាសន៍របស់លោក ប៉ាក់ ម៉ង់ទីយេ អ្នកប្រាជ្ញជាតិ
បារាំងបានស្រាវជ្រាវ។ ការអានផ្ទាំងសិលាចារឹកទាំងនោះឡើងវិញដោយលោក ហ្ស័ក សឺដេស និងការផ្ទៀង ផ្ទាត់ឡើងវិញដោយលោកបណ្ឌិត មីសែល ត្រណេ ក្នុងដំណាក់កាលទីមួយ នៃការស្រាវជ្រាវកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ បានឱ្យដឹងថា បូជនីយដ្ឋានដ៏សំខាន់នេះ ត្រូវបានទទួលនូវការអភិវឌ្ឍន៍ដោយនិរន្តរភាព
តាមសម័យកាលនីមួយៗ នៃប្រវត្តិសាស្ត្រខ្មែរ ពោលគឺពី សម័យបុរេអង្គរ រហូតដល់ សម័យអង្គរ។

បើយើងពិនិត្យក្រុមប្រាសាទខាងលើនេះដោយសម្អាងលើខ្លឹមសារ នៃសិលាចារឹកយើងអាចស្គាល់កាលបរិច្ឆេទ ជាបន្តបន្ទាប់ដូចខាងក្រោមនេះ ៖

នាសម័សបុរេអង្គរ យើងសង្គេតឃើញថា មានសិលាចារឹក K.៣៤១ (ប្រាង្គ L) ដែលត្រូវបានចារឡើងនៅ សម័យបុរេអង្គរ មួយផ្ទាំងនៅលើស៊ុមទ្វារប្រាសាទខាងត្បូង និងមួយផ្ទាំងទៀតនៅស៊ុមទ្វារប្រាសាទខាងជើង។

សិលាចារឹកនេះនៅស៊ុមទ្វារខាងត្បូងមានកាលបរិច្ឆេទ ស.ក ៥៩៦ ត្រូវនឹង គ.ស ឆ្នាំ៦៧៣។ រីឯកាលបរិច្ឆេទ នៃស៊ុមទ្វារខាងជើងវិញគឺ ស.ក ៦២២ ដែលត្រូវ និង គ.ស ឆ្នាំ៦៩៩។

យើងសូមឯកភាពចំពោះកាលបរិច្ឆេទខាងលើនេះទាំងស្រុងក្រោយពីសិក្សា សិលាចារឹកទាំងពីរផ្ទាំងនេះដែល ត្រូវបានផ្តិត ឬផ្តាម ដោយលោក ជា សុជាតិ អ្នកបច្ឆេកទេសបុរាណវិទ្យា នៅសារមន្ទីរជាតិភ្នំពេញ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥។ ព្រោះថា កាលបរិច្ឆេទនេះ សមស្របទាំងស្រុងទៅនឹងលក្ខណៈ នៃក្បាច់ផ្តែរដែលស្ថិត ក្នុង «រចនាបថកំពង់ព្រះ» យ៉ាងប្រាកដដែលអ្នកប្រវត្តិវិទូមិនបានចាប់អារម្មណ៍កន្លងមក។

សារសំខាន់ចម្លង នៃសិលាចារឹក K.៣៤១ នេះគឺស្ថិតនៅត្រង់ចំណុចមួយគឺថា នៅលើទីតាំង នៃក្រុមប្រាសាទ អ្នកបួស នាស.វទី១០ មានវត្តមានរបស់ ប្រាង្គប្រាសាទនាសម័យបុរេអង្គរ រួចនៅហើយ។ មួយវិញទៀតប្រាង្គ (L) ខាងលើនេះដែលបែរមុខទៅទិសខាងលិចនោះគឺជាសំណង់ ប្រាសាទថ្មី ដែលសាងសង់ដោយ ព្រះបាទ
រាជេន្ទ្រវម៌ (វរ្ម័ន) ក៍មែនពិតតែប្រាសាទនេះបានសាងសង់នៅលើទីតាំងនៃប្រាសាទចាស់ដោយយក ក្បាច់ផ្តែរ និងប្រអប់ទ្វារទាំងពីរ នៃប្រាសាទបុរេអង្គរ មកប្រើប្រាស់ឡើងវិញ។

ចំណុចសំខាន់មួយទៀត គឺតាមរយៈ នៃសិលាចារឹកបុរេអង្គរ ខាងលើនេះដែលសរសេរជា អក្សរសំស្ក្រឹត និងជា ភាសាខ្មែរ យើងដឹងថា នៅទីនេះហើយគឺជាទីតាំងនៃប្រាសាទអ្នកបួស ឬនាគបួស មានការបូក ព្រះសិវបាទ (បូព៌ា) ព្រះសិវលិង្គមាស និងព្រះនារាយណ៍ (វិស្ណុ) នៅលើទីតាំង នៃប្រាសាទអ្នកបួស បច្ចុប្បន្នដែលដើម ឡើយឈ្មោះថា ច័ន្ទនគិរី ឬ ភ្នំរបស់ «ព្រះអាទិទេពច័ន្ទ» ដែលជារហ័សនាមរបស់ ព្រះគណេស គឺជាបុត្រ ព្រះឥសូរ។ ចំពោះប្រភពឈ្មោះដើម នៃប្រាសាទអ្នកតាបួស លោក ហ្ស័ក សឺដេស បានពឹងផ្អែកខ្លឹមសារ នៃសិលាចារឹកនៅប្រាង្គ (K) នៃក្រុមប្រាសាទអ្នកបួស ខាងលើ។

នាដើម សម័យអង្គរ បន្តិចពោលគឺក្នុងរាជរបស់ ព្រះបាទយសោវម៌ទី១ (គ.ស ៨៨៩ -៩០០) គេបានរកឃើញ នូវសិលាចារឹកមួយរបស់ទ្រង់គឺ K.៣៤៦ នៅត្រង់ចំណុចត្រូវជ្រុងកែង នៃប្រាសាទខាងត្បូងឆៀងខាងលិច។

ជាការពិតណាស់ ក្រុមប្រាសាទអ្នកបួស មានប្រាង្គប្រាសាទទាំងអស់ចំនួនប្រាំបី។ សព្វថ្ងៃបាក់បែកស្ថិតព័ទ្ធ ជុំវិញ ប្រាង្គធំមួយ គឺប្រាង្គកណ្តាល សាងសង់ឡើង នាសម័យអង្គរ។ ក្រុមប្រាសាទនេះ ស្ថិតក្នុង រាជរបស់ ព្រះបាទ ស្រីរាជេន្ទ្រវម៌ (គ.ស ៩៤៤-៩៦៩) ហើយបានគ្របដណ្តប់លើផ្ទៃដីនៃជម្រេលជើងភ្នំដងរែក។ ក៍ប៉ុន្តែ
បូជនីយដ្ឋានទាំងនោះពុំទាន់ទទួលនូវការអភិរក្សនៅឡើយទេដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍វប្បធម៌និងធម្មជាតិ។ ម្យ៉ាងវិញទៀតសោតកម្រណាស់ដែលមានមនុស្សទៅកាន់ទីនោះ ពីព្រោះវាមានចម្ងាយឆ្ងាយហើយផ្លូវពិ បាកធ្វើដំណើរយ៉ាងខ្លាំង។

បើយោងតាមខ្លឹមសារ នៃសិលាចារឹក K.៥៨០ នាស.វទី១០ ដែលសព្វថ្ងៃតម្កល់នៅ សារមន្ទីរជាតិភ្នំពេញ យើង អាចដឹងថា ព្រះបាទ ស្រីរាជេន្ទ្រវម៌ទេវៈ ទ្រង់បានត្រាស់បង្គាប់ ព្រះរាជគ្រូរបស់ព្រះអង្គបញ្ជាមន្ត្រីម្នាក់ ឱ្យស្ថាប នា ព្រះអស្តមម៌ូតិ (ភាគទាំងប្រាំបី នៃព្រះសិវ) ដែលជា «អាទិទេព» ដ៏កំពូលនៅទីនោះ។ ទន្ទឹមនឹងនេះដែរក៍ មានការស្ថាបនាឡើងនូវ ព្រះសិវលិង្គ ដោយមានអំណោយជា ខ្ញុំបម្រើ គ្រឿងឧបភោគ ផ្កាភ្លង់ ស្រូវអង្ករជាដើម អមជាមួយផងដែរជានិមិត្តសញ្ញា នៃព្រះសិវ។

តាមការប៉ានស្មានរបស់ ក្រុមការងារយើង ជាដំណាក់កាលដំបូង តំបន់នេះមានប្រជាពលរដ្ឋរស់នៅ យ៉ាងច្រើន កុះករ សហគមន៍ទាំងនោះហើយត្រូវបានគូសបញ្ជាក់តាមរយៈអត្រា នៃប្រាសាទ ដែលមានចំនួនយ៉ាងច្រើន និងស្ថាននាមដូចជា ស្រុកស្វយម្ភុ័បុរៈ ជ័យបុរៈ ជាដើម និង វិរិន្ទ្របុរៈ ចន្ទ្របុរៈ និងយោធាបុរី ជាដើមដែលមាន ចារក្នុង សិលាចារឹក។

ម្យ៉ាងវិញទៀតគេគួរគប្បីជ្រាបថា គេក៍បានរកឃើញនូវ សិលាចារឹក ដែលត្រូវបានចារឡើងនៅ ប្រអប់ស៊ុមទ្វារ ប្រាសាទខាងត្បូង ក្នុងរាជរបស់ ព្រះបាទជ័យវម៌ទី៥ គ.ស ៩៦៩-១០០១ នៅលើស៊ុមទ្វារ នៃប្រាសាទ (H) គឺ K.៣៤៣ ចារនៅ ៨៩៦ ស.ក ដែលត្រូវ និង គ.ស ឆ្នាំ៩៧៤។

តាមរយៈនៃផ្ទាំងសិលាចារឹក K.៣៤៣ យើងក៍អាចដឹងបានថា ព្រះបាទជ័យវម៌ទេវៈទី៥ ទ្រង់ក៍បានត្រាស់បង្គាប់ ឱ្យ ព្រះគ្រូរបស់ព្រះអង្គ និងកំស្តែង ស្រីវីរេន្ទ្រវម៌ (វរ្ម័ន) ឱ្យដំគោលល័ក្ខ ដែលកំណត់ដោយ «ព្រះរាជអាជ្ញា» ដើម្បីថ្វាយចំពោះ «ព្រះសិវបាទ»។

នៅលើប្រអប់ស៊ុមទ្វារខាងត្បូង នៃប្រាង្គ (K) ដែលមាន សិលាចារឹក K.៣៤៤ ដែលត្រូវបានចារឡើងនៅ ស.ក ៩០៧ យើងក៍ដឹងអំពីក្តីក្តាំដីធ្លីពាក់ព័ន្ធទៅនឹង ប្រាសាទសិវបាទ ដែលត្រូវបានទិញដូរ។

បន្ទាប់មកទៀត គេក៍បានជួបប្រទះនូវ សិលាចារឹក K.៣៤២ ចារនៅស៊ុមទ្វារខាងស្តាំ នៃគោបុរៈ នៅមុខប្រាង្គ កណ្តាល ដែលធំជាងគេអស់។ នៅលើស៊ុមទ្វារ នៃគោបុរៈខាងលិច សិលាចារឹក ត្រូវបានចារឡើងជា ភាសា ខ្មែរ នៅ ឆ្នាំ៩០៣ស.ក ដែលត្រូវ និង ឆ្នាំ១០០៨ នៃគ.ស។ រីឯនៅស៊ុមទ្វារខាងកើតវិញ ត្រូវបានចារឡើងនៅ
ឆ្នាំ៩៣៧ស.ក ត្រូវនិង ឆ្នាំ១០១៥ នៃគ.ស។

តាមរយៈសិលាចារឹកនេះយើងបានដឹងថា ព្រះបាទសុរិយាវម៌ទី១ បានធ្វើព្រះរាជអំណោយទៅ ក្រុមប្រាសាទ អ្នកបួស ដោយត្រាស់បង្គាប់ឱ្យចារនូវផ្ទាំងសិលាចារឹកនេះក្នុងខណៈពេលដែលព្រះអង្គបានយាងធ្វើ ធម្មយាត្រ ក្រុមប្រាសាទអ្នកបួស នេះ សិវបាទ (ទិសខាងបូព៌ា) និងតំបន់វត្តភូ (លិង្គបុរី) ដែលស្ថិតក្នុង ខេត្តចម្ប៉ាស័ក្តិ ក្នុងប្រទេសលាវ ឬឡាវសព្វថ្ងៃនេះ។

ក្នុងសិលាចារឹកដ៏សំខាន់ទាំងពីរនេះក៍មានភារ ដាក់ពាក្យបណ្តាសារ ចំពោះជនអាក្រក់ ដែលបានមកលួច ប្លន់ ឬបំផ្លាញប្រាសាទ និងទ្រព្យសម្បត្តិព្រះនៅទីនោះ។ ប៉ុន្តែក៍មានពរជ័យសម្រាប់មនុស្សល្អផងដែរ។ អ្នកដែល ធ្វើអាក្រក់ត្រូវ ធ្លាក់ចុះក្នុងនរក ហើយត្រូវសោយទុក្ខគ្មានទីបញ្ចប់។ ចំណែកជនដែលប្រតិបត្តិអំពើល្អគឺទំនុក
បម្រុងធ្វើអំណោយទានដោយទឹកចិត្តជ្រះថ្លាជននោះនឹងទទួលបាននូវសម្បត្តិសួគ៌ា។

សរុបសេចក្តីមករាល់ទិន្នន័យទាំងឡាយដែលបានរៀបរាប់ខាងលើដែលគ្រាន់តែជាព័ត៌មានដំបូងបង្អស់។ ព្រោះ ស្ថិតក្នុងដំណាក់កាលដំបូង នៃការស្រាវជ្រាវ ហើយដែលជាជំនួយស្មារតីដល់ការស្រាវជ្រាវនៅ ពេលអនាគត ទៀតវាបានបង្ហាញឱ្យដឹងថា តំបន់នេះសព្វថ្ងៃ គឺជាតំបន់ព្រៃភ្នំដាច់ស្រយ៉ាល។ តែនាសម័យដើមស្ថានភាព ទូទៅពុំដូច្នោះឡើយ។ តំបន់នេះគឺជា «ជង្រុកវប្បធម៌» ដោយមានសហគមន៍មនុស្សខ្មែររស់នៅយ៉ាងច្រើនកុះ ករ មានបារាយណ៍ ស្រះទឹក ត្រពាំង ផ្លូវគមនាគមន៍ខ្វាត់ខ្វែងតភ្ជាប់ពី ខែត្រព្រះវិហារ ទៅនឹង ខែត្រសុរិន្ទ (ថៃ) និង វត្តភូ នៅប្រទេសលាវ សព្វថ្ងៃ។

មានព្រះរាជាខ្មែរជាច្រើនអង្គ រមែងតែងតែយាងមកបន់ស្រន់ដើម្បីសិរីសួស្តី នៃព្រះរាជនគរតាមរយៈការសាង សង់នូវមូលនិធិសាសនាសង្គមតូចធំទាំងឡាយមុនឱនភាពនៃសម័យក្រោយអង្គរ។ ទោះបីជាសំណង់ស្ថាបត្យ កម្មតូចធំទាំងនោះត្រូវបានបំផ្លាញខ្ទេចខ្ទាំក្តី។ ក៍ប៉ុន្តែស្លាកស្នាមវប្បធម៌បុរាណទាំងនោះកាលបើក្រុមអភិរក្ស ធ្វើទៅបានវានឹងអាចជាផ្នែកមួយ នៃការអភិវឌ្ឍន៍ជាតិ តាមរយៈ វិស័យទេសចរវប្បធម៌ និងទេសចរធម្មជាតិ ដ៏ស្រស់បំព្រង នៃភ្នំដងរែក។

គួរបញ្ជាក់ផងដែរថា ចំណុចជាវិជ្ជាមានមួយទៀតដែលយើងគប្បីត្រូវកត់ត្រាទុក គឺវត្តមានរបស់ ប្រាង្គប្រាសាទ បុរេអង្គរ ក្នុងតំបន់ដែលក្នុងសម័យកាលនោះគឺស្ថិតក្នុង សម័យចេនឡា។តំបន់នេះទើបតែបានទទួលនូវការអភិ វឌ្ឍន៍ជាលើកដំបូងអង្អស់ដោយការជ្រួតជ្រាបនូវ «វប្បធម៌ចេនឡា» ដែលអាចមានប្រភពចេញពី ឦសានបុរៈ ឬ លិង្គបុរៈ ដែលជា មជ្ឈមណ្ឌលវប្បធម៌ យ៉ាងសំខាន់ជាងគេ។ ក្នុងបរិបទនេះហើយដែលនាម និងស្ថាននាម ដូចជា វាលឦសានសិវ លិង្គបុរៈ ត្រូវបានកត់ត្រាជាប្រយោលនៅលើ ផ្ទាំងសិលាចារឹកទាំងនោះ។ ដោយហេតុ ថា វាជាភស្តុតាងនៃទំនាក់ទំនង ផ្នែកវប្បធម៌ ក៍ដូចផ្នែកភូមិសាស្ត្ររវាង ភូមិភាគទាំងពីរ នៃចក្រភពអង្គរ ដែលបានបន្តវេណពី សម័យបុរេអង្គរ គឺ សម័យមុនអង្គរ (សម័យចេនឡា)៕