ប្រធានសាខាក.ប.បខែត្រកណ្ដាលកំពុងតែជាប់ការស៊ើបអង្គេតរបស់ACU

0
179

ដោយៈ អធិបតី
កណ្ដាលៈ ដោយអត់ទ្រាំការរំលោភបំពានជិះជាន់ឥតឈប់ឈរមិនបាននោះ ម្ចាស់ដេប៉ូប្រេងឥន្ធនៈប្រមាណ ៤២នាក់ បានដាក់ពាក្យប្ដឹងលោក តូច ចៅកុយ ដែលមានតួនាទីជា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និងការបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខែត្រកណ្ដាល ទៅអង្គភាពប្រឆាំងអំពើពុករលួយ របស់ លោក ឱម យ៉ិនទៀង ក្នុងករណីចុះអនុវត្តការងារមិនប្រក្រតី និងគាបសង្កត់ពិន័យប្រាក់ទៅលើម្ចាស់ដេប៉ូប្រេង ដោយគ្មានវិក័យបត្រ ព្រមទាំងពេលខ្លះចេញវិក័យបត្រសរសេរទឹកប្រាក់តិចជាងទឹកប្រាក់ដែលបានទាមទារ
ជាក់ស្ដែងពីម្ចាស់ដេប៉ូនីមួយៗ។ នេះបើយោងតាមពាក្យបណ្ដឹងមានស្នាមផ្តិតមេដៃច្បាស់លាស់កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។

អេស៊ីយូ (ACU) បើសិនជាមានពាក្យបណ្ដឹងដាក់ចូលទៅមាន ចុះថ្ងៃខែឆ្នាំច្បាស់លាស់ មានស្នាមមេដៃឬចុះ ហត្ថលេខា មានទីតាំងស្ថានីយ៍ប្រេង និងមានលេខទូរស័ព្ទ ពីដើមបណ្ដឹងអីចឹងនឹងចាត់វិធានការភ្លាមតែម្ដង។ ដូច្នេះលោក តូច ចៅកុយ អាចជាប់ផុងរបស់ក្រុមម្ចាស់ដេប៉ូប្រេងឥន្ធនៈហើយ ពីព្រោះ អេស៊ីយូ កំពុងតែស៊ើប អង្គេតបានជាងកន្លះខែមកហើយ។

នៅក្នុងបណ្ដឹងនោះ ក្រុមម្ចាស់ដេប៉ូប្រេង បានសរសេររៀបរាប់អំពីល្បិចកលរកលុយ នៃពួកក.ប.ប ថា កន្លង មកមន្ត្រី ក.ប.ប មិនដឹងចុះមកត្រួតពិនិត្យអ្វីឲ្យពិតប្រាកដនោះទេធ្វើការដោយគ្មានបង្ហាញច្បាប់ គឺប្រើច្បាប់ និងពិន័យ តាមតែមាត់របស់ពួកគាត់។ ជារៀងរាល់ឆ្នាំសាលាខែត្រតែងតែជូនដំណឹងឲ្យម្ចាស់ដេប៉ូប្រេងទាំង អស់មកដាក់ពាក្យស្នើសុំពិនិត្យដៃបាញ់ប្រេង និងវាស់ប្រេង រួចហើយ មន្រ្តីមាត្រាសាស្រ្តតែងតែចុះមកពិនិត្យ និងវាស់មិនដែលអាក់ខានទេ។ ផ្ទុយទៅវិញពេលមន្រ្តី ក.ប.ប ចុះមកដល់គ្រាន់តែសួរនាំបន្តិចបន្តូច និងអនុ
វត្តការងារដោយបង្ខំតែម្ដងរួចប្រាប់ថា «សាំងមិនគ្រប់លីត្រ និងបាត់គុណភាព» ហើយបានធ្វើការសម្លុតគំរាម ទារប្រាក់រាប់លានរៀលគ្មានការញញើតមាត់ និងហួសសមត្ថភាពម្ចាស់ដេប៉ូ ហើយបានទាមទារប្រាក់មិនដូចអ្វី ដែលបានសរសេរក្នុងវិក័យបត្រ ឬជួនកាលពិន័យដោយមិនចេញវិក័យបត្រថែមទៀតផង។

ពាក្យបណ្ដឹងដដែលបានឲ្យដឹងទៀតថា ប្រសិនបើម្ចាស់ដេប៉ូមិនព្រមទៅបង់ប្រាក់តាមការទាមទារនោះទេ ពួក គាត់លើកហេតុផលផ្សេងៗ និងនិយាយតែ រឿងគុកច្រវាក់ គំរាមបិទដេប៉ូ ចុះកាសែត និងកសាងសំណុំរឿង ទៅកាន់តុលាការតែម្ដងដោយគ្មានធ្វើកិច្ចសន្យា ឬអប់រំណែនាំអ្វីឡើយ ដែលជាហេតុធ្វើឲ្យម្ចាស់ដេប៉ូទាំងអស់ នៅ ខែត្រកណ្ដាល ក្ដៅក្រហាយ និងរងការភ័យខ្លាចខ្លះក៍ត្រូវខ្ចីលុយគេមកឱ្យ។ រីឯខ្លះទៀតត្រូវធ្វើការបង់រំលស់ ជាមួយក្រុមពួកគាត់ដូចជា ការបង់រំលស់ឡាន ឬជំពាក់លុយធនាគារអីចឹងទើបពួកគាត់សម្រេចចិត្តដាក់ពាក្យ បណ្ដឹងទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ តែម្ដង។

លោក តូច ចៅកុយ មន្រ្តីក.ប.ប ខែត្រកណ្ដាល បានប្រាប់ឲ្យដឹងថា លោកមិនបានប្រព្រឹត្តអ្វីដូចការចោទប្រ កាន់នោះទេ។ លោកអនុវត្តការងារមាន ព្រះរាជអាជ្ញា និងមន្រ្តីកូនចៅត្រឹមត្រូវ និងបានធ្វើរបាយការណ៍។ ករណីនេះគឺជារឿងប្រឌិតឡើងដោយពួកខិលខូចមួយចំនួនដែលរកស៊ីកិបកេងលីត្រប្រជាពលរដ្ឋរួចមានការ ខឹងសម្បារដល់រូបលោកចុះចាប់ផ្ទាល់។

លោកបានបន្ថែមទៀតថា ករណីនេះលោកក៍បានដឹងដែរឃើញមានការចុះផ្សាយតាមរយៈទូរទស្សន៍ ហង្ស មាស ហើយលោកពុំបានដឹងពួកគាត់បានប្ដឹងចំពោះរូបលោកទៅ អង្គភាពប្រឆាំងអំពើពុករលួយ ពិតមែនឬ ក៍អត់នោះទេ។

យោងតាមប្រភពក្រៅផ្លូវការមួយបានបង្ហើបប្រាប់នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នេះថា អង្គភាពប្រឆាំង អំពើពុករលួយ កំពុងតែធ្វើការស៊ើបអង្គេតករណីខាងលើនេះបានជាងកន្លះខែមកហើយ។ ដោយលោក តូច ចៅកុយ អាចជាប់ចោទពីបទពុករលួយ ហើយបើយោងតាមភស្ដុតាងពាក់ព័ន្ធនានា។ លោក ចៅកុយ ហាក់បី ដូចជាពុំបានដឹងខ្លួនថា អេស៊ីយូ ចុះធ្វើស៊ើបអង្គេតរូបគាត់ឡើយនៅពេលសន្ទនាជាមួយអ្នកកាសែត។

ក្រុមម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន៤២នាក់បានធ្វើលិខិតសំណូមពរទៅលោក គង់ សោភ័ណ្ឌ អភិបាល ខែត្រ កណ្ដាល ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នោះថា « សូមឱ្យមានការជួបគ្នារវាងមន្ត្រី ក.ប.ប និងមន្ត្រីរង្វាស់ រង្វាល់របស់ខែត្រ រួមទាំងអាជីវករទូទាំង ខែត្រកណ្ដាល ក្រោមអធិបតីភាពរបស់ ឯកឧត្តមអភិបាលខែត្រដើម្បី ស្វែងរកចំណុចរួមមួយថា តើការអនុគ្រោះទៅលើការហួតហើររបស់ប្រេងសាំងមានកម្រិតណាឱ្យប្រាកដ ប៉ុន្មាន ភាគរយឱ្យច្បាស់លាស់ ហើយរវាងមន្ត្រី ក.ប.ប និងមន្ត្រីរង្វាស់រង្វាល់ខែត្រដែលតែងតែចុះវាស់រាល់ឆ្នាំ តើក្រុម មួយណាវាស់សាំងឱ្យពិតប្រាកដ ចៀសវាងក្រុមពីរចុះធ្វើការម្នាក់ម្ដង ហើយឆ្លើយដាក់គ្នា ជាហេតុធ្វើឱ្យប៉ះពាល់ ខ្លាំងដល់ផលប្រយោជន៍ និងសតិអារម្មណ៍របស់អាជីវករ ដែលជាម្ចាស់សំឡេងឆ្នោត»។

នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក គង់ សោភ័ណ្ឌ អភិបាល ខែត្រកណ្តាល បានលើកឡើងថា លោកពុំបានដឹងរឿងទាំងនេះទេ។ ក៍ប៉ុន្តែបើសិនជាបានឃើញលិខិតនោះលោកនឹងឱ្យគេចាត់ការហើយ។ ចំពោះរឿងនេះបើ ACU បានធ្វើការទៅហើយគឺទុកឱ្យគាត់ធ្វើសរសៃបន្តិចទៅចុះ…។

ចំណែកលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងការបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ដើម្បីសុំការបំភ្លឺបានទេជុំវិញការ ចោទប្រកាន់របស់ ម្ចាស់ដេប៉ូ ទាំងនោះ។ សម្រាប់អ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្មវិញក៍ពុំអាចសុំការបកស្រា យបានដែរនៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នេះ។

គួររំលឹកថា កន្លងមកក៍ធ្លាប់មានអាជីវករមួយចំនួនបានដាក់ពាក្យបណ្ដឹង មន្ត្រីក.ប.ប ជារឿយៗទៅកាន់ អង្គ ភាពប្រឆាំងអំពើពុករលួយដើម្បីធ្វើកាស៊ើបអង្កេត និងជួយរកយុត្តិធម៌។ ជាក់ស្ដែងករណីពលរដ្ឋលក់ចាប់ ហួយនៅ ខែត្របន្ទាយមានជ័យ ប្ដឹងប្រធានសាខា ក.ប.ប ខែត្របន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទពាក់ ព័ន្ធករណីប្រព្រឹត្តអំពើពុករលួយចូលទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ កាលពី ខែកញ្ញា ឆ្នាំ២០២២១ កន្លងទៅ៕