ប្រធានមន្ទីរកសិកម្មខែត្ររតនគិរីថាផ្លូវនិងស្ពានដែលក្រុមហ៊ុនហងអញកាយផ្ដាច់ដុតចោលនោះពុំមែនផ្លូវយុទ្ធសាស្ត្រអ្វីទេ

0
142

ដោយៈ យក្សឡោម
រតនគីរី: លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខែត្ររតនគិរី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះទៅពិនិត្យផ្លូវ និងស្ពានឈើមួយកន្លែងស្ថិតនៅ ភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ដែល ក្រុមហ៊ុនចម្ការចេកវៀតណាម បានកាយផ្ដាច់ និងដុតស្ពានចោលនៅពេលថ្មីៗកន្លងទៅ​ ។

តាមដំណើរដើមទងផ្លូវដែល ក្រុមហ៊ុនចម្ការ​ចេក​វៀតណាម​ កាយផ្ដាច់​ និង​ដុតស្ពានឈើចោល​មិនឲ្យប្រជាពលរដ្ឋខ្មែរឆ្លងកាត់ខាងលើហ្នឹង​ដើមឡើយវាជាផ្លូវរទេះគោ​រទេះក្របី​ដែលប្រជាពលរដ្ឋនៅតំបន់នោះ​ប្រើប្រាស់​ដឹកកសិ ផលទៅលក់នៅទីផ្សារតរៀងរហូត​មក​។ នៅ ឆ្នាំ២០១៥​ ក្រុមហ៊ុនវៀតណាម​ ទទួលបានសិទ្ធិវិនិយោគ​ក៏បានចាក់ក្រួស​ក្រហមស្ថាបនាឡើងវិញជាផ្លូវលំ​ និង​ប្រជាពលរដ្ឋ​ក៏បានប្រើជាធម្មតារហូតមកសព្វថ្ងៃ​។ ស្រាប់តែថ្មីៗកន្លងទៅ​ក្រុមហ៊ុន បានកាយផ្ដាច់​ផ្លូវដោយមិនបានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន​ ឬពលរដ្ឋម្ចាស់ស្រុកឡើយ​។

ប្រធានមន្ទីរកសិកម្ម បានប្រាប់ អ្នកយកព័ត៌មាន តាមទូរស័ព្ទថា ខាង ក្រុមហ៊ុនចម្ការចេកវៀតណាម ពិតជាបានកាយផ្ដាច់ផ្លូវ និងដុតស្ពានឈើនោះមែន។ ព្រោះមិនចង់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ឆ្លងកាត់ពាក់ព័ន្ធជាមួយដីព្រៃរបស់ បរិស្ថាន ទេតែខាងក្រុមហ៊ុនបានធ្វើផ្លូវថ្មីមួយខ្សែនៅទីតាំងផ្សេងគឺឆ្ងាយពីទីនោះចម្ងាយជាង២គីឡូ ម៉ែត្រ។

លោក សយ សូណា បានឲ្យតំណាង ក្រុមហ៊ុនចម្ការចេក ធ្វើស្ពានឡើងវិញដើម្បីឲ្យប្រជាពលរដ្ឋនៅទីនោះបានប្រើប្រាស់ជាបណ្ដោះអាសន្ន ព្រោះមិនមែនជាផ្លូវយុទ្ធសាស្ត្រអ្វីនោះទេ។

លោក នូ មីង មេឃុំសិរីមង្គល បានប្រាប់តាមទូរស័ព្ទថា ករណី ក្រុមហ៊ុនវៀតណាម កាយផ្ដាច់ផ្លូវនៅខាងលើគឺក្រុមហ៊ុនធ្វើពុំបានជូនដំណឹងប្រាប់មកលោក ឬអាជ្ញាធរស្រុកឲ្យបានដឹងមុនឡើយ គឺនៅថ្ងៃទី៥ ខែវិច្ឆិកា ក្រុមហ៊ុនចម្ការចេកវៀតណាម ក៍បានកាយផ្ដាចផ្លូវតែម្ដង ធ្វើឲ្យប្រជាពលរដ្ឋ៩៧គ្រួសារដែលរស់នៅ និងអាស្រ័យផលនៅក្នុងបរិវេណដីក្រុមហ៊ុនពុំមានផ្លូវសម្រាប់ដឹក ស្រូវ ដំឡូងមី សណ្ដែក ល្ង ចេញមកកាន់ទីផ្សារនោះទេ។

មកដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ផន សុភាព អភិបាលរង ស្រុកកូនមុំ បានដឹកនាំក្រុមការងារចុះទៅពិនិត្យផ្លូវដែល ក្រុមហ៊ុនចម្ការចេកវៀតណាម (ហងអញ) បានកាយផ្ដាច់ផ្លូវនោះតែលទ្ធផលហាក់ពុំទាន់មានដំណោះស្រាយសមរម្យណាមួយឡើយធ្វើឲ្យបងប្អូនកសិករបង្ខំចិត្តប្រើប្រាស់ផ្លូវវាងចម្ងាយប្រមាណជាង២គីឡូម៉ែត្រ។

តំណាងពលរដ្ឋ៩៧គ្រួសារលោក ផាត់ សាវុធ ប្រាប់ឲ្យដឹងថា ផ្លូវខាងលើគឺពួកគាត់បានប្រើប្រាស់តាំងពី ឆ្នាំ១៩៩៥ មកម្ល៉េះ។ រីឯក្រុមហ៊ុនទើបតែចូលមកនៅ ឆ្នាំ២០១៥ នេះទេ។ ពួកគាត់បានទទូចស្នើសុំទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមមេត្តាជួយអន្ដរាគមន៍ឲ្យក្រុមហ៊ុនធ្វើការដាក់លូលុបរណ្ដៅដីធ្វើផ្លូវ និងស្ពានឡើងវិញដើម្បីឲ្យពួកគាត់បានដឹកផលកសិកម្មដូចជា ស្រូវ ដំឡូងមី ពោត សណ្ដែក និង ល្ង​ ទៅកាន់ទីផ្សារ។ល។

គួររំលឹកថា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុនចម្ការចេកវៀតណាម (ហងអញ) បានយកអេស្កាវទ័រកាយផ្ដាច់ផ្លូវលំបីកន្លែងផ្សេងគ្នា គឺត្រង់ចំណុច ទួលអូរតាដែប និងអូរតាំងរាំង គឺកាយផ្ដាច់ទទឹងផ្លូវជាង១ម៉ែត្រ និងជម្រៅដល់ទៅ២ម៉ែត្រ។ មិនតែប៉ុណ្ណោះកាលពី ឆ្នាំ២០២៣ ខាងក្រុមហ៊ុនក៏បានដុតស្ពានឈើមួយកន្លែងដែរគឺនៅក្បែរអូរតាំងរាំងនោះ ដោយមិនចង់ឲ្យបងប្អូនកសិករ៩៧គ្រួសារបន្ដធ្វើដំណើរចេញចូល ឬដឹកកសិផល នៅលើផ្លូវនោះដូចមុនទៀតទេ៕