ប៉ូលិសស្រុកអង្គស្នួលសងថវិកា១២០០ដុល្លារទៅម្ចាស់រថយន្តខណៈមានគេលួចដោះគ្រឿងឡានអស់ខ្ទេចខ្ទី

0
639

ដោយៈ បាយ៉ង់ថែមស៍
កណ្តាលៈ ប៉ូលិស ស្រុកអង្គស្នួល ខេត្តកណ្តាល បានទទួលស្គាល់កំហុសនិងព្រមសងប្រាក់ចំនួន១២០០ដុល្លារ ទៅម្ចាស់រថយន្តបាឡែនដែលមានគេលួចដោះគ្រឿងឡានជាវត្ថុតាងគ្រោះថ្នាក់ចរាចរមានរយៈពេលមួយឆ្នាំនោះ អស់ខ្ទេចខ្ទី។ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ភាគីប៉ូលិសបានប្រគល់នេះថវិកានេះទៅម្ចាស់ឡាន ដោយសារមានថតវីដេអូផុសក្នុងហ្វេកប៊ុកត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងក្លានាពេលថ្មីៗនេះ។

នៅក្នុងលិខិតសរសេរដោយដៃចុះថ្ងៃខែឆ្នាំខាងលើលោកអនុសេនីយ៍ឯក សុខ សំណាង នាយផ្នែកសណ្ដាប់ ធ្នាប់នៃអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ខេត្តកណ្តាល បានជួយថវិកាចំនួន១២០០ដុល្លារឱ្យទៅឈ្មោះ ហុក តាំងហុង ភេទប្រុសអាយុ៣៣ឆ្នាំមានទីលំនៅ ភូមិអម្ពិលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែល ត្រូវជាបងថ្លៃម្ចាស់រថយន្តឈ្មោះ នូ វិរៈ ជាម្ចាស់រថយន្តម៉ាកកាម៉ារីបាឡែនពណ៌សពាក់ ស្លាកលេខ ភ្នំពេញ ២AN.៥០៤៩ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ បានរក្សាទុកនៅ អធិការ ដ្ឋាននគរបាល ស្រុកអង្គស្នួល ខេត្តកណ្តាល បានបាត់បង់សម្ភាររថយន្តមួយចំនួន។ ក្រោយពីទទួលថវិការួច ហើយប៉ូលិសបានទាមទារភាគីរថយន្តម្ចាស់រថយន្តលុបវីដេអូដែលបានថតឡានផុសក្នុហ្វេសប៊ុកត្រូវគេលួច យកសម្ភារនោះចេញ។

យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ « Hok Tanghong» បានបង្ហោះសារអក្សរជាមួយវីដេអូ កាលពីព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នេះថា «នេះហើយឡានខ្ញុំដែលបានរក្សាទុកនៅក្នុង អធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយពេលមកគ្រឿងពេញ ដល់ពេលមកដកឡានវិញស៊ីគ្រឿងអស់ ! សុំខ្លាច ហើយលោកប៉ូលិសអើយធ្លាប់តែឮគេថា ​ឥឡូវជួបផ្ទាល់ខ្លួនឯងបានដឹង ! »។

មហាជនអ្នកលេងហ្វេសប៊ុកក៍ចង់ដឹងថា «តើអ្នកណាជាអ្នកលួចស៊ីគ្រឿងឡាននេះ ? ជាប៉ូលិស ឬចោរមកពី ខាងក្រៅ ? » ដែលពេលនេះប៉ូលិសមិនទាន់មានបកស្រាយទេក្រៅពីការសងសំណងប្រាក់១២០០ដុល្លារទៅ ម្ចាស់រថយន្ត។ អធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ក៍បានទទួលស្គាល់កំហុសលើកង្វះខាតនៃការគ្រប់គ្រង នេះរួចហើយដែរ។

ទោះជាយ៉ាងណាជុំវិញបញ្ហានេះនៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាល ស្រុកអង្គស្នួល បញ្ជាក់ថា ករណីនេះលោកកំពុងឱ្យគេធ្វើការស្រាវជ្រាវរកមុខសញ្ញាចោរ លួចតាមបទបញ្ជាពី ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល។ រថយន្តដែលត្រូវបានគេលួចគ្រឿងបន្លាស់អស់ជា ច្រើននោះប៉ូលិសបានយកទៅទុកក្នុងសាលា ស្រុកអង្គស្នួល ដែលនៅជាមួយគ្នានឹងប៉ូលិសស្រុក។

នៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ លោក ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល មិនបានឆ្លើយ តបអ្វីនោះទេ គឺបានរុញសំនួររបស់អ្នកកាសែតឱ្យទៅសួរអ្នកនាំពាក្យលោក ច័ន្ទ សាវឿន ស្នងការរងនគរបាល ខេត្តកណ្តាល។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបញ្ជាក់ថា ករណីធ្វេសប្រហែសនេះ គឺវាស្ថិតនៅក្នុង ដែនសមត្ថកិច្ចនគរបាលដដែល។ ដូច្នេះយើងកំពុងតែធ្វើការស្រាវជ្រាវបន្តទៀត បន្ទាប់ពីដោះស្រាយភាពជាក់ ស្តែងជូនប្រជាពលរដ្ឋរួចហើយ គឺនីតិវិធីផ្ទៃក្នុងនៅតែបន្តដដែល។

គួរបញ្ជាក់ថា ករណីលួចស៊ីគ្រឿងរថយន្ត ម៉ូតូ និងវត្ថុតាងផ្សេងៗទៀតនោះ គឺវាធ្លាប់កើតមានឡើងស្ទើរតែគ្រប់ រឿងទៅហើយ។ ក៍ប៉ុន្តែវាមានរឿងខ្លះម្ចាស់គេចេះតែអត់ឱនឱ្យឬមិនរករឿងអ្វី។ តែសម័យហ្វេសប៊ុកនេះវាបាន ធ្វើឱ្យជនខិលខូចមួយចំនួនដូចករណីខាងលើត្រូវអស់លក្ខណ៍។ ដូច្នេះបើឈប់បានគួរតែឈប់ទៅ លោកចោរ អើយ៕