បើកទំព័រប្រវត្តិសាស្ត្រ«ព្រែកជីកហ្វូណនតេជោ»ដែលមានទឹកប្រាក់ប្រមាណ១៧០០លានដុល្លារអាម៉េរិក

0
137

ដោយៈ អធិបតី
ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បាន បើកទំព័រប្រវត្តិសាស្ត្រខ្មែរ «ព្រែកជីកហ្វូណនតេជោ» ដ៏ធំមហិមាមានលក្ខណៈជាយុទ្ធសាស្រ្តពិសេសសាងសង់ឡើងក្នុងគោលដៅលើកកម្ពស់សកម្មភាព ដឹកជញ្ជូនទំនិញ កសិផល ភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាពការដឹកជញ្ជូនផ្លូវទឹកកម្ពុជាឱ្យកាន់តែប្រសើរឡើង។

នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលមានការអបអរសាទរពីគ្រប់មជ្ឈដ្ឋានតាំងពីថ្នាក់ដឹកនាំរហូតដល់ប្រជាពលរដ្ឋទូទៅ និងព្រះសង្ឃ បានចាប់ផ្ដើមដំណើរការបើកការដ្ឋានសាងសង់ហើយ។ «ព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ ត្រូវចំណាយថវិកាវិនិយោគប្រមាណ១៧០០លានដុល្លារ និងប្រើរយៈពេលសាងសង់៤ឆ្នាំ។ ព្រែកនេះមានទទឹងខាងលើទំហំ១០០ម៉ែត្រទទឹងខាងក្រោមទំហំ៨០ម៉ែត្រ និងជម្រៅ៥,៤ម៉ែត្រ។

«ព្រែកជីកហ្វូណនតេជោ» ចាប់ផ្តើមជីកពី ព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯក នៃទន្លេបាសាក់ ចូលតាម ព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ ខែត្រកណ្ដាល ហើយបន្តរហូតដល់សមុទ្រ ខែត្រ កែប។ ព្រែកនេះឆ្លងកាត់ខែត្រចំនួន៤ដូចជា ខែត្រកណ្តាល តាកែវ កំពត និងកែប មានប្រជាជនសរុបប្រ មាណ១.៦លាននាក់ដែលរស់នៅអមសងខាងផ្លូវទឹកនេះ។

នៅក្នុង នីតិកាលទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានកំណត់ចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅ ឆ្នាំ២០៥០។ ការលើកកម្ពស់ ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាព នៃវិស័យដឹកជញ្ជូននិងភស្តុភារកម្ម ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធផ្លូវទឹក និងគម្រោងផ្លូវនាវាចរណ៍ ត្រូវបានចាត់ទុកជា អាទិភាពគន្លឹះសំខាន់មួយក្នុងចំណោមវិស័យសំខាន់ៗជាច្រើនទៀត នៃយុទ្ធសាស្ត្របញ្ចកោណ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានវាយតម្លៃពីផលប៉ះពាល់ឃើញថា មានលំនៅឋាន ប្រមាណ១.៥៨៥ ខ្នងផ្ទះ ស្ពានចំនួន៣ រោងចក្រចំនួន១ ផ្លូវជាតិចំនួន១៨ (៤គីឡូម៉ែត្រ) ផ្លូវលំចំនួន៧០ (៤៥.៥ គ.ម) ១៥ទំនប់ទឹកចំនួន២ខ្សែប្រវែង៣៨៧ម៉ែត្របឹងចំនួន១៥មានប្រវែង១៣.៦ហិកតា និងដីស្រែចម្ការចំនួន២៩០០ហិកតា ព្រមទាំងដីលំនៅដ្ឋានចំនួន១៤៩.៥ហិកតា៕