ព្រះវិហារៈ បុរសម្នាក់បានបណ្ដើរឆ្កែក្នុងព្រៃតែឯងស្រាប់តែប្រទះឃើញពស់វែករនាមមួយក្បាលយ៉ាងធំមានប្រវែងជាង៣ម៉ែត្រ ទម្ងន់ជាង១០គីឡូក្រាម ក៍ស្ទុះទៅចាប់ដោយមិនខ្លាចញញើតឡើយតែជាអកុសលត្រូវពស់នោះបកមកខាំចំជើងឆ្វេងបណ្តាលឱ្យស្លាប់តាមផ្លូវ។ ករណីនេះកើតឡើងលើខ្នងភ្នំត្បែងស្ថិតក្នុង ភូមិសំឡាញ ឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែមិថុនា នេះថា ជនដែលពស់ចឹកស្លាប់មានឈ្មោះ យាម តាក់ អាយុ៣៧ឆ្នាំមុខរបរកសិកររស់នៅ ភូមិសំឡាញ់ ឃុំត្បែងមួយ ស្រុកសង្គមថ្មី។ បុរសនោះបានទៅបណ្តើរឆ្កែរកសត្វព្រៃហើយក៍ប្រទះឃើញពោះវែករនាមក៍បានហក់ទៅចាប់ក៍វាចឹកចំជើងឆ្វេងស្លាប់។
លោក ជួន មឿន អធិការដ្ឋាននគរបាល ស្រុកសង្គមថ្មី បានឱ្យដឹងថា មុនពេលស្លាប់បុរសរងគ្រោះបានដើរចូលព្រៃតែម្នាក់ឯងហើយប្រទះឃើញពស់វែករនាមមួយក្បាលមានទម្ងន់ជាង១០គីឡូក្រាមាប្រវែងជាង៣ម៉ែត្រ។ ពេលនោះជនរងគ្រោះបានស្ទុះទៅចាប់ពស់ដោយដៃទទេតែជាអកុសលក៍ត្រូវពស់នោះបកមកចឹកឬខាំវិញ។ ភ្លាមៗនោះបុរសនេះបានវាយពស់នោះងាប់ហើយក៍យកពស់ចេញពីព្រៃរួចត្រឡប់មកផ្ទះវិញដើម្បីឱ្យគេជួយសង្គ្រោះតែដោយសារតែពិសជ្រាបពេញខ្លួនទៅហើយក៍បានធ្វើឱ្យបុរសរងគ្រោះរូបនោះដាច់ខ្យល់ស្លាប់ នៅពាក់កណ្តាលផ្លូវដោយកាន់ពស់ងាប់ជាប់នឹងដៃទៀតផង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះពិនិត្យសពជនរងគ្រោះរួចរាល់ត្រូវបានពស់ចឹកចំកំភួនជើងខាងឆ្វេងស្លាប់មែនហើយក៍ប្រគល់សពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីខ្មែរ៕