កណ្តាលៈ បឹងសំណាបជាកូនទន្លេសាបទីពីរដែល អ្នកស្រុកហៅថា កោះខ្ចៅ ជាជម្រកត្រីពងកូន នៃសម្បត្តិធម្ម ជាតិជីវចម្រុះមានទំហំធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែកជាកន្លែងដោះទឹកទន្លេមេគង្គដ៏សំខាន់នារដូវវស្សាកុំឱ្យ ជន់លិច រាជធានីភ្នំពេញ នឹងប្រែក្លាយទៅជា «បុរីប៉េងហួត» នាពេលខាងមុខពីព្រោះក្រុមហ៊ុននេះកំពុងតែ លើកទំបន់ជាដំណាក់ៗដើម្បីបូមខ្សាច់ចាក់លុបបឹងធម្មជាតិដ៏កម្ររួចសាងសង់ផ្ទះល្វែងនិងវីឡាលក់ដែលមានតម្លៃរាប់លានដុល្លារ។ សកម្មភាពដ៏មហន្តរាយនេះស្ថិតនៅ ស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
ជាក់ស្ដែងពេលនេះក្រុមហ៊ុនបានដាក់គ្រឿងចក្រជាច្រើនគ្រឿងនៅចំកណ្តាលបឹងសំណាបកំពុងសំងំឈូសឆាយកាយលុបបឹងធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនស្ថិតនៅភូមិចំនួន២គឺ ភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង និង ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។ ដីបឹងនេះមានទំហំប្រមាណជាង៧គីឡូម៉ែត្របួនជ្រុង ជាប្រភេទដី បឹងរបស់រដ្ឋដែលរដ្ឋអំណាចសម័យរដ្ឋកម្ពុជាបានបែងចែកឲ្យប្រជាពលរដ្ឋធ្វើរបរកសិកម្មបង្កបង្កើនផលតាំងពី ឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន។
ក្រុមហ៊ុនបុរីប៉េងហួតបានដាក់គ្រឿងចក្រឈូសឆាយរំលោភយកដីរដ្ឋជាបន្តបន្ទាប់ធ្វើជាដីកម្មសិទ្ធិឯកជនស្ទើរគ្មានសល់នៅក្នុង បឹងសំណាប ក្រោមហេតុផលការអភិវឌ្ឍន៍គួបផ្សំ និងអំណាចចុងប៉ិចអាជ្ញាធរតាមរយៈ ឈ្មួញកណ្តាលដើរប្រមូលទិញដីពីកសិករដូចជា ដីឡូត៍នេសាទ ដីការពារដោយអនុក្រឹត្យ ដីរបបក្រុមដី របបក្រុមប្រឹក្សាឃុំស្រុក ដីមេទឹក ទំនប់អាងស្តុកទឹក ជាដើម។ល។ ក្នុងនោះដែររដ្ឋបែងចែកជាច្រើនក្រុម សម្រាប់អាស្រ័យផល ប៉ុន្តែពុំមានសិទ្ធិលក់ដូរនោះទេដោយតាំងពីនោះមកកសិករបាននាំគ្នាដាំឈូក ធ្វើស្រែ ចម្ការ តកូនតចៅ។
រាល់ការទិញលក់ដីបឹងទាំងនោះខ្លះមានចុះហត្ថលេខាទទួលស្គាល់បញ្ជាក់ត្រឹម អាជ្ញាធរដែនដី ខ្លះទិញលក់ រវាងពលរដ្ឋ និងឈ្មួញហុចលុយផ្ទាល់ដៃ និងខ្លះទៀតទិញលក់បន្តគ្នាពីមួយទៅមួយជាន់គ្នាបីបួនត្រួតក៍មាន ដែរគឺក្រោមការគ្រប់គ្រងរបស់លោក ម៉ៅ ភិរុណ អតីតអភិបាល ខេត្តកណ្ដាល។
បើគេធ្វើដំណើរតាមផ្លូវលំមួយខ្សែទល់មុខ អនុវិទ្យាល័យស្វាយអណ្ដែត ចុះទៅបឹងសំណាប គឺនៅសងខាងផ្លូវ មានដាំបង្គោលសម្គាល់ព្រំដីព្រៃលិចទឹកចម្រុះពណ៌រហូតដល់កណ្តាលបឹងនឹងមានជំរុំស្នាក់នៅនៃក្រុមកម្មករបម្រើការងារឱ្យ បុរីប៉េងហួត។ តែប្រសិនបើគេធ្វើដំណើរចេញពី អនុវិទ្យល័យស្វាយ អណ្ដែតតាមផ្លូវលំកៅស៊ូ ស្របមាត់ទន្លេមេគង្គឆ្ពោះទៅដល់ ឃុំកោះរះ ស្រុកល្វាឯម នឹងឃើញផ្លូវលំក្រួសក្រហមមួយខ្សែចុះទៅជើង ត្រង់មានទំនប់ដ៏ខ្ពស់សាងសង់ដោយ ក្រុមហ៊ុនបុរីប៉េងហួត លើកដីក្រវាត់ព័ន្ធដីដើម្បីបូមខ្សាច់ចាក់លុប បឹង សំណាប។
ពលរដ្ឋរស់នៅភូមិឃុំខាងលើបញ្ជាក់នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នេះថា ពីដំបូងឡើយនៅក្នុង ឆ្នាំ ២០០៦ និង ឆ្នាំ២០០៧ ដីបឹងសំណាប ហៅកោះខ្ចៅត្រូវបានក្រុមឈ្មួញដើរប្រមូលទិញដីទាំងប្រថុយប្រថាន ក្នុងតម្លៃទាបៗចាប់ពី១៥០ដុល្លារ ទៅ៣៥០ដុល្លារប៉ុណ្ណោះក្នុងមួយហិកតា ដោយឈ្មួញគិតថា បើមានរឿង អ្វីកើតឡើងនឹងប្រគល់ជូនរដ្ឋវិញ តែប្រសិនបើមិនមានរឿងអ្វីទេគឺយករហូតហើយ កាលទិញលក់ នោះពលរដ្ឋ ទទួលបានប្រាក់ចាប់ពី៥០ដុល្លារដល់១៥០ដុល្លារក្នុងមួយគ្រួសារ។ លុះដីបានថ្លៃខ្ពស់ឈ្មួញលក់បន្តឲ្យក្រុម ហ៊ុនខណៈបច្ចុប្បន្នតម្លៃដីបឹងទាំងនោះឡើងដល់ជាង១០ម៉ឺនដុល្លារក្នុងមួយហិកតា។
ពួកគាត់បន្តទៀតថា លុះដល់ពេលឥឡូវនេះដីបឹងសំណាបត្រូវ ក្រុមហ៊ុនប៉េងហួត ដាក់គ្រឿងចក្រ ជាច្រើន គ្រឿងបាននិងកំពុងឈូសឆាយលើកក្រវាត់ទំនប់កម្ពស់៧ម៉ែត្រទទឹង៣០ម៉ែត្រ ចម្ងាយ៧គីឡូម៉ែត្រ៤ជ្រុង គិតជាផ្ទៃក្រឡាជាច្រើនហិកតាគឺក្នុងគោលបំណងបូមខ្សាច់ចាក់ដាក់ដើម្បីសាងសង់ផ្ទះល្វែងលក់ជាហេតុនាំ ឲ្យប្រជានេសាទត្រីកំពុងខ្វាយខ្វល់អំពីការបាត់បង់កន្លែងនេសាទត្រីដ៏សម្បូរណ៍ទៅដោយជីវចម្រុះដ៏សំខាន់សម្រាប់ពួកគាត់ធ្វើការនេសាទត្រីជាលក្ខណៈគ្រួសារប្រចាំថ្ងៃ។
យោងតាមប្រភពពីមន្ត្រីជំនាញលើកពី មហានិភ័យគ្រោះទឹកជំនន់ ទៅថ្ងៃអនាគតថា បឹងសំណាប វាជាកន្លែង ស្រូបយកទឹកជំនន់ ទន្លេមេគង្គលើក មេគង្គក្រោម មួយចំនួនធំ។ វាក៍បានដើរតួនាទីស្រូបយកទឹកភ្លៀងនៅ ជុំវិញ និងរក្សាលំនឹងជម្រកជីវចម្រុះបន្ទាប់មកវាហូរ ឬដោះទឹកចេញនៅផ្នែកខាងក្រោម ស្រុកល្វាឯម។ ប្រភព បន្តទៀតថា បើសិនជាមានការប៉ះពាល់អភិវឌ្ឍន៍នៅបឹងសំណាបនោះមែនវានឹងធ្វើឱ្យប៉ះពាល់ល្បឿន នៃធារ ទឹកហូរតូចចង្អៀត។ ដូច្នេះវានឹងធ្វើឱ្យលិចលង់ផ្នែកខាងលិច (ភ្នំពេញ) និងខាងកើតទន្លេមេគង្គ។ តាមច្បាប់នៃ ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ស្ទឹង បឹង បួរ អាង ទន្លេស្តុកទឹក ទន្លេ ព្រែក ខ្ពប…ជាសម្បត្ដិ របស់រដ្ឋ។
ឆ្លើយតបនិងការលើកឡើងខាងលើលោក អ៊ុល ឡុក មេឃុំសារិកាកែវ បានឱ្យដឹងថា រឿងលុបដីនោះនៅ ឃុំពាមឧកញ៉ាអ៊ុង ទេហើយអាជ្ញាធរឃាត់គេមិនបានឡើយ។ ពីព្រោះខាងក្រុមហ៊ុនបានសុំច្បាប់ទៅលើ។ ចំណែកលោក អ៊ំ ឌុល មេឃុំឧកញ៉ាអ៊ុង បានឲ្យដឹងថា គ្រឿងចក្រទាំងនោះជារបស់ ក្រុមហ៊ុនប៉េងហួត។ ប៉ុន្តែគេមិនទាន់លុបបឹងទេគឺធ្វើក្រវាត់ទំនប់តែប៉ុណ្ណោះ។
បើតាមការឱ្យដឹងពីលោក គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្តាល លើកឡើងកាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញា ថា ដីបឹងជាសម្បត្តិរបស់រដ្ឋ គឺប្រើប្រាស់ចាត់ចែងដោយរដ្ឋ។ រីឯដីអនុក្រឹត្យហាមប៉ះពាល់។ តែរឿងនេះលោកគិតថា ក្រសួងស្ថាប័នជំនាញរបស់រដ្ឋបានគិតគូរពីភាពចំណេញ និងផលប៉ះពាល់ភាពវែងឆ្ងាយរួចអស់ហើយ។ តំបន់ នេះកាលពីមុនជាឡូត៍នេសាទស្ទើរតែទាំងអស់។ លោកអភិបាលខេត្តបានបន្តទៀតថា ខ្ញុំនឹងឱ្យគេចុះទៅត្រួត ពិនិត្យពីការចាក់ដីទាំងនោះខ្លាចក្រែងមានផលប៉ះពាល់លើដីអនុក្រឹត្យរបស់ រាជរដ្ឋាភិបាល។
ទាក់ទងករណីខាងលើលោក កន សុខកាយ អភិបាល ស្រុកល្វាឯម បានលើកឡើងនៅល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នេះថា ដីដែលត្រូវអភិវឌ្ឍនៅក្នុងបឹងសំណាប គឺជាដីរបស់ប្អូនប្រុសលោក ប៉េង ហួត ដែលមាន ឈ្មោះថា លីម។ ដីបឹងសំណាប នេះមានប្លងរឹងកម្មសិទ្ធិនិងមានអនុក្រឹត្យត្រឹមត្រូវ។
ទាក់ទងករណីខាងលើនេះភាគី ក្រុមហ៊ុនបុរីប៉េងហួត គេពុំអាចសុំការបំភ្លឺបានទេនៅល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២០។
គួរបញ្ជាក់ថា អាជ្ញាធរដែនដី និងមន្ត្រីជំនាញកំពុងប្រឆាំងនឹង សជណ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០១៥ ស្ដីអំពីការទប់ស្កាប់ ដីបឹង ព្រែក ទន្លេ ប្រឡាយ អូរ ស្ទឹង ទំនប់អាងស្តុកទឹក ដោយតម្រូវ ឲ្យអាជ្ញាធរ និងមន្ត្រីជំនាញទប់ស្កាត់ថែរក្សាដីសារពើភ័ណ្ឌរដ្ឋទាំងនោះឱ្យបានគង់វង្ស។ ថែមទាំងកំណត់រក្សា ទុកចំណីខាងលើតាមចំនួនកំណត់នៅក្នុង សជណ ទៀតផង៕