នាំគ្នាព័ទ្ធចាប់ខ្លួនអ្នកគ្រងស្បង់ចីពរ​រួមទាំងក្មេងស្ទាវៗ​ជាបរិវា​ប្រមា​ណ៧នាក់​

0
153

កំពង់ស្ពឺៈ ពួកអបាយមុខបន្លំខ្លួនជាសង្ឃគ្រងស្បង់ចីពរបីនាក់​រួមទាំងក្មេង​ស្ទាវៗជាបរិវា​ប្រមាណ៤នាក់ទៀតត្រូវបានពលរដ្ឋ និង សមត្ថកិច្ចសហការគ្នាឡោមព័ទ្ធចាប់ខ្លួនបានបន្ទាប់ពីពួកគេផឹកស្រា និងស៊ីសាច់ឆ្កែ ចាក់ភ្លេងឮៗក្នុងពេលរាត្រី។ ករណីនេះធ្វើឡើងនៅយប់រំលងអធ្រាត្រ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០២៤​ ស្ថិតនៅក្នុង​ព្រៃពនរ​ ឃុំភ្នំតូច​ ស្រុ​ក​សាមគ្គី​មុនីជ័យ​ ខែត្រកំពង់ស្ពឺ​។

លោកវរសេ​នីយ៍ឯក​ ខឹម​ សាម៉ុន​ អធិការនគរបា​ល ​ស្រុក​សាមគ្គី​មុនីជ័យ​ ឱ្យដឹងថា ពលរដ្ឋបានរាយការណ៍មកកាន់ អធិការដ្ឋាន ពីការជួបជុំគ្នារវាងមនុស្សគ្រងស្បង់ចីពរសង្ឃ និងក្មេងៗនៅក្នុងព្រៃមួយកន្លែងខាងលើនាំគ្នាផឹកស្រានិងហូបសាច់រួមទាំងចាក់ភ្លេងឮខ្លាំងៗក្នុងរាត្រីកម្សាន្តសប្បាយ។ ក្រោយទទួលបានព័ត៌មានកម្លាំង នៃអធិការដ្ឋាន និងពលរដ្ឋ ក៏បានចុះទៅដល់កន្លែងកើតហេតុហើយពិនិត្យឃើញថា ពិតជាមានសង្ឃ និងក្មេងស្ទាវៗ និងកំពុងផឹកស៊ីយ៉ាងសប្បាយពិតប្រាកដមែន។

ប្រភពបញ្ជាក់ទៀតថា ដោយទទួលបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាល ខែត្រកំពង់ស្ពឺ កម្លាំងប្រតិបត្តិការក៏បានឡោម​ព័ទ្ធ និងឃាត់ខ្លួនមនុស្ស៧នាក់ដើម្បីយកសាកសួរ និងអប់រំ។ សមត្ថ កិច្ចក៏បានដកហូត​ម៉ូតូ៣គ្រឿងទូរស័ព្ទដៃ៧គ្រឿង power ba​nk ៣គ្រឿង​ កាបូបលុយ២ លុយ៥ម៉ឺន​រៀ​ល​ បារី​២កញ្ចប់ ដែកកេះ៣​ បៀ​១ហ៊ូ កម្រាល​១​ និងធុងទឹកក១​។ សមត្ថកិច្ចបានបញ្ជូនខ្លួនសង្ឃ និងបក្ខពួកទៅកាន់ ធម្មការស្រុក ដើម្បីបន្តនីតិវិធីតាមផ្លូវពុទ្ធសាសនា។

ស្នងការដ្ឋាននគរបាល ខែត្រកំពង់ស្ពឺ ក៏បានអំពាវនាវទៅដល់បងប្អូនពលរដ្ឋជា ពុទ្ធសាសនិក កុំដាក់បន្ទុករួមដល់ ព្រះសង្ឃទូទៅ។ ព្រោះថានេះជាការប្រព្រឹត្តិរបស់បុគ្គលតែប៉ុណ្ណោះ៕