នគរបាលបានបង្ហាញខ្លួនជនសង្ស័យពីរនាក់ជាមួយគ្រឿងញៀនជាង៥៤គីឡូក្រាម

0
179

ដោយៈ អធិបតី
ភ្នំពេញៈ នគរបាល ក្រសួងមហាផ្ទៃ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ហាញមុខជនសង្ស័យចំនួនពីរនាក់ដែល ជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង៥៤គីឡូក្រាមមុននឹងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

ប្រភពពីមន្ត្រីប៉ូលិស បានលើកឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា នេះថា កាលពីកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោងជាង១៤សមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន.ក៥ ដឹកនាំដោយ លោកឧត្ដម សេនីយ៍ទោ សាន សុទ្ធី លោកឧត្តមសេនីយ៍ត្រី គឹម តូ នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ហាស់ សំអូន នាយរងការិយាល័យ.ក៥ ដែលមានការចូលរួមសហការពី ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងសម្រ បសម្រួលពីលោក ស៊ិវង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូង រាជធានីភ្នំពេញ បានចុះ ស្រាវជ្រាវរហូតឈានទៅបង្ក្រាបករណីជួញដូរសារធាតុញៀនមាន៤គោលដៅផ្សេងៗគ្នា។

ប្រភពដដែលបានលើកយកចំណុចគោលទាំងនោះមកបញ្ជាក់ថា គោលដៅទីមួយ ស្ថិតនៅចំណុចភ្លើងស្តុប កោសដូង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀន ហេរ៉ូអ៊ីន៧គីឡូក្រាម និង២៦.២ក្រាម។ គោលដៅទីពីរ ស្ថិតនៅចំណុចផ្លូវលេខ៣៤៥ ភូមិទំនប់ទី១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឃាត់រថយន្ត FORD RANGER ១គ្រឿង ជនសង្ស័យកម្នាក់ និងថ្នាំញៀនមេតំហ្វេតាមីន (ICE) ចំនួន៣២ គីឡូក្រាម និង៩៦៣.៧ក្រាម, កេតាមីន១៣គីឡូក្រាម និង៨ក្រាម។ គោលដៅទីបី កម្លាំងចម្រុះបានឆែកឆេរផ្ទះ ជួលមួយកន្លែង T ១០៧.៣. ស្ថិតនៅចំណុចផ្លូវលេខ២ បុរីកាំកូស៊ីធី សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រកឃើញ វត្ថុតាង មេតំហ្វេតាមីន (ICE) ៦៨៨.៨៦ក្រាម។ គោលដៅទីបួន ឆែកឆេរបន្ទប់ជួល លេខ១៨២៥ អាផាតមែន ប៉ាវលី ស្ថិតនៅផ្លូវលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រកឃើញវត្ថុតាង មេតំហ្វេតាមីន (ICE) ចំនួន ៤១៧.៣៥ក្រាម. ថ្នាំគ្រាប់មេតំហ្វេតាមីន១៦៤.២១ក្រាម, ម្សៅកេតាមីន ២១២.៨៥ក្រាម និងម្សៅមិនច្បាស់ ១៩៣ក្រាម។ សរុបលទ្ធផលឃាត់ខ្លួនជនសង្ស័យបានពីរនាក់គឺ ទី១.ឈ្មោះ ប៉ាវ ជាំង ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិចិន និងទី២.ឈ្មោះ ត្រាវ រិទ្ធារ៉ា ភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរ។

ប្រភពខាងលើបានសរុបគ្រឿងញៀទាំងអស់ថា កម្លាំងចម្រុះចាប់បាន ថ្នាំឆ្កួតចំនួន៥៤គីឡូក្រាម ៤៨១.១៧ ក្រាម និងសារធាតុមិនច្បាស់១៩៣ក្រាម ហេរ៉ូអ៊ិន (HEROIN) ទម្ងន់៧គីឡូក្រាម ២៦.២ក្រាម មេតំហ្វេតាមីន (ICE) ទម្ងន់៣៤គីឡូក្រាម ២៣៤.១២ក្រាម កេតាមីន (KETAMINE) ទម្ងន់១៣គីឡូក្រាម ២២០.៨៥ក្រាម សារធាតុមិនច្បាស់ទម្ងន់១៩៣ក្រាម៕