ធ្លាយរឿងអំពើពុករលួយរបស់លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ ខែត្របន្ទាយមានជ័យ

0
941

ដោយៈ បាយ៉ង់ថាមស៍

ភ្នំពេញៈ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខែត្របន្ទាយមានជ័យ គ្រាន់តែស្ថាបនាផ្លូវក្រាលកៅស៊ូ ឌីប៊ីអេសធី (DBST) ប្រវែងជាងបួនគីឡូម៉ែត្រសោះតែចំណាយថវិកាជាតិអស់ជាងមួយលានដុល្លារអាម៉េរិក។ សកម្មភាពនៃការសាងសង់ផ្លូវជាក់ស្តែងគឺសាច់ប្រាក់ធ្លាក់លើទៅថ្នល់ពិតប្រាកដមានប្រមាណ២០ភាគរយតែប៉ុណ្ណោះ រីឯជាង៨០ភាគរយទៀតធ្លាក់ទៅលើដៃមន្ត្រីយកលុយរដ្ឋចែកគ្នាចាយយ៉ាងសប្បាយឡូយថូយ ហើយវាធ្វើឱ្យផ្លូវសាធារណៈចាប់ផ្តើមខូចបណ្ដើរៗដោយសារតែពុករលួយកិបកេងថវិការដ្ឋ។

ផ្លូវកៅស៊ូ ឌីប៊ីអេសធី (DBST. Double Bituminous Surface Treatment) ដែលមានប្រវែងចំនួន៤,០២៥ម៉ែត្រ (ស្មើនឹង៤គីឡូម៉ែត្រជាង) ដែលមានទទឹង៨ម៉ែត្រ មានស្ថាបនាលូប្រអប់ និងគំនូសសញ្ញាចរាចរផ្សេងៗជាច្រើនមុខទៀត ស្ថិតនៅជុំវិញតំបន់ច្រកស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខែត្របន្ទាយមានជ័យ។ អំពើពុករលួយនៃការធ្វើផ្លូវនេះដែលមានរយៈពេលប្រហែលតែ១០០ថ្ងៃសោះក៍ចាប់ផ្តើមខូចផ្លូវបណ្ដើរៗទៅហើយដោយសារ «ចាក់ស្ដើងស៊ីក្រាស់»។ វាមិនខុសអ្វីដែលប្រជាពលរដ្ឋខ្មែរតែងតែនិយាយលេងថា ផ្លូវស្រុកខ្មែរធ្វើជាប់…ជាប្រចាំ គឺធ្វើខាងមុខខូចខាងក្រោយ ធ្វើខាងក្រោយខូចខាងមុខ។

រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ធ្លាប់មានប្រសាសន៍ថា លោកមិនចង់ឮពាក្យថា «ចាក់ស្ដើងស៊ីគ្រាស់ ចាក់ស៊ីស្ដើង និង ធ្វើខាងមុខខូចខាងក្រោយ ធ្វើខាងក្រោយខូចខាងមុខ នោះទេ» ។ ប៉ុន្តែពេលនេះនៅតែមានកើតឡើងបាន ។ តើវាបានកើតឡើងដោយរបៀបណា ?

យោងតាមប្រភពពីមន្ត្រីជំនាញ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ «បាយ៉ង់ថាមស៍» នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានយល់ព្រមតាមសំណើរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការប្រគល់កិច្ចសន្យាជូនមន្ទីរសាធារណការនិងដឹកជញ្ជូន ខែត្របន្ទាយមានជ័យ ដើម្បីធ្វើការងារស្ថាបនាផ្លូវដោយក្រាលកៅស៊ូ ឌីប៊ីអេសធី (DBST) ប្រវែង៤.០២៥ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថាបនាលូប្រអប់មុខមួយ ទំហំមុខកាត់២,៥ម៉ែត្រ គុណនឹង១,៥ម៉ែត្រ ប្រវែង១២ម៉ែត្រ ចំនួន៨កន្លែង គូសគំនូសសញ្ញាចរាចរចំនួន១,៤០២ម៉ែត្រការ៉េ ស្ថាបនាស្លាកសញ្ញាចរាចរចំនួន៣៨ស្លាក និងដាំបង្គោល

នាំផ្លូវចំនួន៨៤ដើម ចន្លោះគ.ម00+000 ដល់គ.ម ០៤+០៧៥ ស្ថិតនៅជុំវិញតំបន់ច្រកស្ទឹងបត់ក្នុង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខែត្របន្ទាយមានជ័យ ក្នុងតម្លៃចំនួន៤.៣០១.០០០.០០០រៀល (បួនពាន់បីរយមួយលានរៀលគត់) ជាតម្លៃកិច្ចសន្យា។

ដោយមើលឃើញការសាងសង់ផ្លូវគ្មានគុណភាព ដែលមានកម្រាស់ស្តើងដូចស្លឹកស្រូវ ហើយបាន ខូចខាតនៅខាងមុខហាងសាំងមួយកន្លែងនោះត្រូវខាងមន្ទីរចុះទៅធ្វើការជួសជុលពេលយប់ស្ងាត់ៗ។

ប្រភពដដែលបន្តទៀតថា ការសាងសង់ផ្លូវថ្នល់គ្មានគុណភាពនេះលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹក

ជញ្ជូន ខែត្របន្ទាយមានជ័យ ធ្វើផ្លូវថ្នល់មិនត្រឹមត្រូវតាមស្តង់ដារ នៃកិច្ចសន្យារបស់ក្រសួងសាធារណការ និងដឹកជញ្ជូនឡើយ ជាពិសេសកិបកេងបន្លំគុណភាព និងបច្ចេកទេស ព្រមទាំងសម្ភារផ្សេងៗទៀត។ នៅពេលគណៈកម្មការអន្តរក្រសួងពាក់ព័ន្ធចុះទៅពិនិត្យផ្លូវខាងលើនេះម្ដងៗ លោកប្រធានមន្ទីរ តែងតែណាត់ជួបស្ងាត់ៗយកដុល្លារបិទមាត់ក្រុមការងារទាំងនោះឱ្យសរសេររបាយការណ៍ល្អៗដាក់ជូនរដ្ឋមន្ត្រីរបស់ខ្លួនដើម្បីត្រួតពិនិត្យ និងសម្រេច។

លោក អ៊ុំ រាត្រី អភិបាលខែត្រ បន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៦ សីហា ២០២១ បានបង្វែរសំណួរឱ្យសួរខាងសាលាក្រុងប៉ោយប៉ែតវិញ ពេលអង្គភាពយើង សួរថា«តើផ្លូវ៤គីឡូម៉ែត្រជាងស្ថិតនៅជុំវិញតំបន់ច្រកស្ទឹងបត់ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខែត្របន្ទាយមានជ័យ ក្នុងតម្លៃចំនួន៤.៣០១.០០០.០០០រៀល សាងសង់ដោយរដ្ឋ ឬក្រុមហ៊ុន ?» ។

ចំណែក លោក កែវ តារារស្មី អភិបាលក្រុង ប៉ោយប៉ែត មានប្រសាសន៍តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅរសៀលថ្ងៃខែឆ្នាំដដែលថា ការស្ថាបនាផ្លូវខាងលើ នៅតំបន់ស្ទឹងបត់ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក្រសួងសាធារណការ និង ដឹកជញ្ជូន ជាម្ចាស់គំរោង រីឯរដ្ឋបាលសាលាខេត្ត និង ក្រុងគ្រាន់ជាអ្នកសហការ ។

មន្ត្រីជំនាញរបស់ ក្រសួងសាធារណការ ក៍ដូចប្រជាពលរដ្ឋរស់នៅ ខែត្របន្ទាយមានជ័យ ព្រមទាំងអង្គការសង្គមស៊ីវិល ក៍បានទទូចស្នើសុំ ក្រុមអធិការកិច្ចអន្តរក្រសួងដូចជា ក្រសួងសាធារណការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេស អង្គភាពប្រឆាំងអំពើពុករលួយ (ACU) របស់លោក ឳម យ៉ិនទៀត ចុះធ្វើការស៊ើបអង្គេតស្រាវជ្រាវនៃការធ្វើផ្លូវថ្នល់ដែលគ្មានគុណភាពនេះផងគឺ ធ្វើខាងមុខខូចខាងក្រោយ ធ្វើខាងក្រោយខូចខាងមុខ។

ទាក់ទងករណីខាងលើនេះនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខែត្របន្ទាយមានជ័យ គឺមិនលើកទូរស័ព្ទដើម្បីសុំការស្រាយបំភ្លឺបានឡើយ។ ចំណែកអ្នកនាំពាក្យសាលាខែត្រវិញក៍ពុំអាចទាក់ទងបានដូចគ្នានោះដែរ៕

 

ផ្លូវខូចដែលមិនទាន់បានជួសជុល