ទំនាស់រ៉ាំរ៉ៃលើដីសាធារណៈរបស់រដ្ឋមិនទាន់កាត់ឆ្វៀល តើខាងណាខុសខាងណាត្រូវ?

0
426

ដោយ បាយ៉ង់ថែមស៍

ខែត្រព្រះសីហនុ៖ ប្រជាពលរដ្ឋប្រមាណជិត៣០គ្រួសារ នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ បានប្រមូលផ្ដុំគ្នា កាលពីព្រឹកថ្ងៃទី០៦ មករា ២០២១ រួចលើកឡើងនិងអះអាងថា បក្ខពួកកូនចៅលោកស្រី ខៃ ណារិន ជីកប្រឡាយធ្វើរបងហ៊ុំព័ទ្ធយកដីនិងផ្ទះរបស់ពួកគាត់ទាំងកំរោល ។

ផ្ទុយពីការលើកឡើង និង អះអាងរបស់ប្រជាពលរដ្ឋខាងលើ លោកស្រី ខៃ ណារិន មេបញ្ជាការរងកងពល តូចលេខ៧០ ដែលគេស្គាល់ថាជាគូភាគីទំនាស់ជាមួយប្រជាពលរដ្ឋទាំងនេះ បានច្រានចោល បដិសេធ តាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនថាអ្វីៗវាមិនពិតដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋនោះឡើយ ។ លើសពីនេះលោកស្រី ធ្លាប់បានសរសេរលិខិតបំភ្លឺជាសាធារណៈ ដែលមានស្នាមផ្ដិតមេដៃកាលពីថ្ងៃទី១៨ ខែធ្នូ ២០២០ បដិសេធពីការចុះផ្សាយពត៌មានកន្លងមកថាមិនពិត និងមានភ្ជាប់ជាមួយនូវឯកសារផ្លូវការអំពីប្រ​វត្កិកាន់កាប់ដីទំនាស់នេះទៀតផង ។

យោងតាមទិដ្ឋភាពជាក់ស្ដែងនៅទីតាំងទំនាស់ គេឃើញមានផ្ទះសំបែងប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលមានដំណាំខ្លះៗអាយុប្រមាណបីបួប្រាំឆ្នាំ ត្រូវបានគេជីកប្រឡាយហ៊ុំព័ទ្ធ និង ធ្វើរបងបង្គោលថ្មបន្លាលួសបិទផ្លូវចេញចូលថ្មីៗ គឺកន្លែងដែលប្រជាពលរដ្ឋបានកំពុងផ្ដុំគ្នាផ្ដល់បទសម្ភាសន៍ឱ្យអ្នកសារពត៌មានមួយចំនួន និយាយរៀបរាប់ពីប្រវត្តិកាន់កាប់អាស្រ័យផលលើដីគម្របព្រៃឈើរបស់រដ្ឋ នៅព្រឹកថ្ងៃទី០៦ មករា ២០២១ ។ ការអះអាងនៃគូភាគីទាំងសងខាង ពុំមានបង្ហាញពីឯកសារកាត់ឆ្វៀលរបស់រាជរដ្ឋាភិបាលនៅឡើយទេ ។

លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ មានប្រសាសន៍ឱ្យដឹងថា កន្លងមកទីតាំងមានទំនាស់ជាមួយប្រជាជនទាំងអស់ហ្នឹង ត្រូវបានលោកស្រី ខៃ ណារិន ប្ដឹងមករដ្ឋបាលស្រុកស្ទឹងហាវម្ដង ថាមានប្រជាពលរដ្ឋអនាធិបតេយ្យ បានមកសាងសង់រោង ខ្ទម ឬផ្ទះលើដីរបស់គាត់ ពេលនោះរដ្ឋបាលស្រុក បានឱ្យក្រុមការងារចុះទៅឃាត់ ប៉ុន្ដែបងប្អូនប្រជាពលរដ្ឋយើងមិនស្ដាប់ទេ នៅតែបន្ដការសាងសង់រោង ខ្ទម ឬផ្ទះ រហូតដល់មានការប៉ះទង្គិចគ្នាបង្កឱ្យមានរបួស្នាមខាងភាគីលោកស្រី ខៃ ណារិន រួចបានរត់គេចខ្លួន តែក្រោយមកត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនជនបង្ក និងមធ្យោបាយធ្វើដំណើរ ។

លោកអភិបាលស្រុកបន្តថា ភាគីខាងប្រជាពលរដ្ឋ ដែលថាបានប្ដឹងមកអាជ្ញាធរស្រុកនោះ គឺមិនមានទេ ពួកគាត់បានប្ដឹងទៅប៉ូលីលអធិការស្រុកទេ ។ ប៉ុន្តែកន្លងមករដ្ឋបាលស្រុក ក៍ធ្លាប់បានទទួលទូរស័ព្ទ ដែលប្រជាពលរដ្ឋបានប្ដឹងមកដែរ ហើយរដ្ឋបាលស្រុកបានណែនាំឱ្យពួកគាត់ដាក់ពាក្យមក ដោយភ្ជាប់មកជាមួយនូវលិខិតស្នាម ពាក្យបណ្ដឹង ឬមានឯកសារអ្វី សូមដាក់មកជាមួយ ដើម្បីក្រុមការងារចម្រុះរបស់រដ្ឋបាលស្រុកចុះពិនិត្យ និងដោះស្រាយ ។

ទាក់ទិននឹងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ លោក ផេង មីន មេឃុំកែវផុស កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានបដិសេធការចោទប្រកាន់របស់ប្រជាពលរដ្ឋចំពោះអាជ្ញាធរមូលដ្ឋាននោះ ថាមិនពិតទេ ហើយលោកបានចាត់ទុកប្រជាពលរដ្ឋទាំងនោះជាក្រុមអនាធិបតេយ្យ ។ លោកថា តាមពិតពួកគាត់មិនមែនជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំនេះទេ  គឺពួកគាត់មកពីខាងក្រៅ រស់នៅលើដីគេទេ ដែលដីទាំងនោះភាគច្រើនសុទ្ធតែមានប័ណ្ណហើយ ។ កន្លងមកឃុំក៍បានទទួល ការប្ដឹងតវ៉ានេះដែរ ហើយឃុំបានប្រាប់គាត់ជាញយៗថា បើមានឯកសារអ្វីពាក់ព័ន្ធ សូមយកទៅដាក់នៅស្រុក ព្រោះរឿងនេះ វាហួសសមត្ថកិច្ចឃុំ ។

លោកមេឃុំសង្កត់ធ្ងន់ថា អាជ្ញាធរឃុំ ក៍បានចុះទៅផ្ទាល់ដល់ទីតាំងខាងលើនេះ ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្ដែងដែរ ប៉ុន្ដែក្រុមប្រជាពលរដ្ឋទាំងនោះ បានគម្រាមកំហែងលោក និងមិនព្រមស្ដាប់តាមការណែនាំអាជ្ញាធរឃុំនោះទេ ពួកគាត់ថែមទាំងនៅតែបន្ដសាងសង់រោង ខ្ទម ឬផ្ទះលើដីនេះទៀត រហូតដល់មានការប៉ះទង្គិចហិង្សាបង្ករបួសស្នាមជាមួយប្រជាពលរដ្ឋខាងភាគីលោកស្រី ខៃ ណារិន ។

រីឯលោកមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំកែវផុស មានប្រសាសន៍តាមប្រព័ន្ធទូរស័ព្ទកាលពីរសៀលថ្ងៃទី០៨ មករា ២០២១ ថាប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយលោកស្រី ខៃ ណារិន ខាងលើ ខ្លះមករស់នៅដែនរដ្ឋបាលលោកយូរមកហើយ និងខ្លះទៀតទើបមកតាំងទីលំនៅថ្មីៗដែរទេ ។  លោកបញ្ជាក់ថា ប្រជាពលរដ្ឋខាងលើធ្លាប់ទូរស័ព្ទមកប្ដឹងនឹងលោកដែរពេលមានទំនាស់ជាមួយលោកស្រី ខៃ ណារិន ប៉ុន្តែលោកបានចង្អុលបង្ហាញថាទាក់ទងនឹងទំនាស់ដីធ្លីសូមបងប្អូនទៅប្ដឹងឃុំនិងស្រុកទើបត្រូវ ។

ដោយឡែក ភាគីខាងប្រជាពលរដ្ឋជិត៣០គ្រួសារទាំងនេះ នៅតែអះអាងថា ពួកគាត់ជាជនរងគ្រោះ ព្រោះពួកគាត់បានមករស់នៅទីនេះយូរឆ្នាំមកហើយ ដោយបានទិញដីពីប្រជាពលរដ្ឋគ្នាឯង(ទិញតៗគ្នា)ក្នុងអំឡុងឆ្នាំ២០០០ប្លាយមក តែមិនមានអាជ្ញាធរដឹងឮទេ រួចបានធ្វើផ្ទះសំបែង មានដំណាំផ្សេងៗ ។ ស្រាប់តែនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ បក្ខពួកកូនចៅលោកស្រី ខៃ ណារិន បានដាក់គ្រឿងចក្រមកជីកប្រឡាយធ្វើរបងហ៊ុំព័ទ្ធយកដី និងផ្ទះ បំផ្លាញដំណាំរបស់ពួកគាត់ ។

ក្រុមប្រជាពលរដ្ឋនៅប្រកាន់ជំហរចោទប្រកាន់អាជ្ញាធរមូលដ្ឋាន និង កងកម្លាំងសមត្ថកិច្ចថា មិនអើពើជួយដោះស្រាយបញ្ហាឱ្យពួកគាត់ទេ ដូច្នេះពួកគាត់បន្ដស្នើសុំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង ប្រមុខរាជរដ្ឋាភិបាល ជួយរកយុត្ដិធម៌ឱ្យពួកគាត់ផង ។

គួររំឭកថា ទីតាំងដីមានទំនាស់ខាងលើគឺស្ថិតនៅជាដីគម្របព្រៃឈើនៅឡើយ ព្រោះពុំទាន់ឃើញមានឯកសារកាត់ឆ្វៀលចេញពីដីសាធារណៈរបស់រដ្ឋទេ ប៉ុន្តែភាគីខាងលោកស្រី ខៃ ណារិន មានលិខិតប្រមូលទិញដីទំហំ៥៨ហិកតា ព្រមជាមួយនឹងលិខិតបញ្ជាក់កាន់កាប់ និង ប្លង់ប៉េវេ(PV) តាំងពីឆ្នាំ២០០៥ ដោយឡែកគូភាគីខាងប្រជាពលរដ្ឋ មានតែឯកសារស្នើសុំទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដើម្បីសុំកាត់ឆ្វៀលចេញពីដីគម្របព្រៃឈើប៉ុណ្ណោះ ៕ សាមុត