ដោយ តិល សាមុត
ខែត្រព្រះសីហនុ៖ ក្រុមយុវជនរត់ម៉ារ៉ាតុងឆ្លងកាត់២៣ខែត្រក្រុង ចម្ងាយ២,៦៨៥គីឡូម៉ែត្រដើម្បីមនុស្សសធម៌ ក្នុងគោលបំណងរៃអង្គាសប្រាក់ជួយដល់ មន្ទីរពេទ្យកុមារអង្គរ ខែត្រសៀមរាម បានមកដល់ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៨ តុលា និងនៅរសៀលថ្ងៃទី១៩ តុលា ២០២០ បានបង្ហាញវត្តមានពួកគេនៅសាលាខែត្រព្រះសីហនុ និងចូលជួបអភិបាលខែត្រព្រះសីហនុ ។
បន្ទាប់មកនៅថ្ងៃទី២១ តុលា ២០២០ ពួកគេនឹងចាកចេញទៅក្រុងខេរភូមិន្ទខែត្រកោះកុង ។ នេះបើយោងតាមការដកស្រង់ពត៌មានពីក្នុងសៀវភៅតូចស្ដើង ដែលកំណត់ត្រាការរត់របស់ សាយ ។
ក្រុមយុវជនរត់ម៉ារ៉ាតុងនេះ មានគ្នា៩នាក់ អ្នករត់មួយនាក់ជាតារាចម្រៀង អ្នកទំនាក់ទំនងបើកផ្លូវពីរនាក់ អ្នកពត៌មានពីរនាក់ អ្នករៀបចំម្ហូបអាហារ និងកន្លែងស្នាក់ពីរនាក់ គ្រូពេទ្យម្នាក់ និង អ្នកបើកបរមួយនាក់ ។ ការរត់ក្នុងមួយថ្ងៃមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ពួកគេដល់កន្លែងណាមានភូមិ ពួកគេអាចនឹងស្នាក់ជាមួយប្រជាពលរដ្ឋ តែបើពួកគេដល់តំបន់ណាដែលមិនមានភូមិដ្ឋានទេ ពួកគេនឹងបោះតង់ស្នាក់ ។
អ្នកនាំពាក្យសាលាខែត្រព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍តាមប្រព័ន្ធតេឡេក្រាមកាលពីព្រឹកថ្ងៃទី១៩ តុលា ២០២០ ថាឯកឧត្តម អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឲ្យក្រុមយុវជនរត់ម៉ារ៉ាតុងនេះ ចូលជួបសំដែងការគួរសមដូចការគ្រោងទុក នៅរសៀលម៉ោង៣ ។ ចំពោះសាលាខែត្រព្រះសីហនុ ឧបត្ថម្ភថាវិកាដល់ក្រុមយុវជនរត់ម៉ារ៉ាតុងចំនួនប៉ុន្មាននោះ បាយ់ង់ថែមស៍ ពុំទាន់ទទួលបានលម្អិតច្បាស់នៅឡើយទេ តួលេខត្រឹមត្រូវ នឹងផ្ដល់ជូនពេលភ្នាក់ងារពត៌មានទទួលបាន ៕