តើអាងលោកហ្រ្វែងគ្លីនឬអាងអ្នកមានអំណាចនៅពីក្រោយទើបហ៊ានយកគ្រឿងចក្រឈូសឆាយដីរដ្ឋធ្វើការដ្ឋានបូមខ្សាច់ គ្មានច្បាប់អនុញ្ញាតដូច្នេះ ?

0
296

ដោយៈ បាយ៉ង់
ខែត្រកោះកុងៈ ក្រុមហ៊ុនបូមខ្សាច់​ បានយកគ្រឿងចក្រទៅឈួសឆាយដីរដ្ឋធ្វើការដ្ឋានបូមខ្សាច់ទាំងបំពានពុំទាន់មានច្បាប់អនុញ្ញាតធ្វើអាជីកម្ម ត្រង់ចំណុចក្បាលព្រែកស្រែអំបិល វត្តគងឆា ស្ថិតនៅ ឃុំដងពែង ស្រុកស្រែអំបិល ខែត្រកោះកុង ដោយបានចាប់ផ្ដើមដំណើរការតាំងពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ មកម្ល៉េះ។ នេះបើយោងតាមការឱ្យដឹងពី លោកមេឃុំដងពែង និងប្រជាសហគមន៍៣១៧។

ការធ្វើអាជីវកម្មបូមខ្សាច់ គ្មានច្បាប់អនុញ្ញាតខាងលើនេះផ្ទុះការតវ៉ាខណៈ ក្រុមហ៊ុនបូមខ្សាច់​ដឹកជញ្ជូនខ្សាច់ជាច្រើនឡានតាមផ្លូវ សហគមន៍៣១៧ ឆ្លងកាត់តាម ឃុំជីខលើ ទើបធ្វើឱ្យ ប្រជាសហគមន៍ ចេញមកឃាត់មិនឱ្យដឹកជញ្ជូនលើផ្លូវរបស់ពួកគាត់។ ពីព្រោះខ្លាចខូចបែកខ្ទេចខ្ទាំផ្លូវដែលពួកគាត់ទុកសម្រាប់ប្រើប្រាស់តែ៥០០គ្រួសារតែប៉ុណ្ណោះ។ នេះបើយោងតាមការលើកឡើងរបស់ ប្រជាសហគមន៍៣១៧​។

ពាក់ព័ន្ធនឹងអាជីវកម្មបូមខ្សាច់ គ្មានច្បាប់អនុញ្ញាតខាងលើលោក ហង្ស ប្រុស អភិបាលរង ស្រុកស្រែអំបិល មានប្រសាសន៍ឆ្លើយតបតាមប្រព័ន្ធទូស័ព្ទថា លោកបានឱ្យ ក្រុមការងារ ចុះទៅហាមឃាត់ផ្អាកសកម្មភាពហើយ។ ក្រុមហ៊ុនបូមខ្សាច់ គេកំពុងតែរត់ការសុំច្បាប់អនុញ្ញាត។

ចំណែកមេ ឃុំដងពែង លោក ទី យោង បានត្អូញត្អែរប្រាប់ អ្នកសារព័ត៌មាន ថា កន្លែងបូមខ្សាច់នោះមិនមានច្បាប់អនុញ្ញាតធ្វើអាជីវកម្មនោះទេ។ ក៍ប៉ុន្តែខៈណពេលអាជ្ញាធរឃុំ និងស្រុកចុះទៅហាមឃាត់គឺ ក្រុមហ៊ុននៅតែលួចបន្តបូមខ្សាច់ដដែល។

ប្រជាសហគមន៍៣១៧ បាននិយាយថា នៅពេលពួកគាត់ហាមឃាត់ឡានដឹកខ្សាច់ដែលរត់លើផ្លូវរបស់សហ គមន៍នោះម្ចាស់គ្រឿងចក្រដែលគ្មានសុជីវធម៌បានគំរាមកំហែងថា នឹងបើកឡានបុកសម្លាប់អ្នកណាដែលហ៊ានចេញមករារាំងឬហាមឃាត់ឡានដឹកខ្សាច់របស់ពួកគេ ហើយបង់លុយឱ្យត្រឹម២.០០០ (ពីរពាន់) ដុល្លារអាម៉េរិក។ ពាក្យសម្ដីម្ចាស់គ្រឿងចក្រនេះជាការប្រមាថអាយុជីវិតមនុស្សយ៉ាងធ្ងន់ធ្ងរពុំអាចទទួលយកបានឡើយ។

ទាក់ទងរឿងនេះ តំណាងក្រុមហ៊ុនបូមខ្សាច់ ដែលធ្វើអាជីវកម្មបូមខ្សាច់គ្មានច្បាប់អនុញ្ញាតគឺលោក វណ្ណ នី ពុំអាចសុំការឆ្លើយតបបញ្ជាក់បានទេតាមរយៈប្រព័ន្ធទូរស័ព្ធនៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ដោយហៅចូលតែពុំមានអ្នកទទួល។

គួររំឭកថា បើយោងតាមការឱ្យដឹងពី ប្រជាសហគមន៍៣១៧ ថា តំបន់ដែលគេកំពុងតែប្រតិបត្តិការបូម ខ្សាច់ដោយគ្មានច្បាប់អនុញ្ញាតធ្វើអាជីវកម្មនោះគឺជាទីកន្លែងដែល សត្វអណ្ដើកហ្លួង ធ្លាប់រស់នៅ និងឆ្លងកាត់ទៅមក។ ព្រោះបងប្អូនប្រជាសហគមន៍ធ្លាប់បានឃើញហ្វូងសត្វអណ្ដើកទាំងនោះជាញឹកញាប់។ ហេតុដូចនេះហើយសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធក្នុង ខែត្រកោះកុង ដែលមានសមត្ថកិច្ច អភិរក្សសត្វអណ្តើកហ្លួង ទាំងនោះជ្រាបជាព័ត៌មាន និងមានវិធានការទប់ស្កាត់ថែរក្សានិងការពារជាបន្ទាន់៕