ភ្នំពេញៈ អ្នកនាំពាក្យសាលាដំបូង រាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី ជំនួញឥទ្ធិពលសកម្ម និងជំនួញឥទ្ធិពលអកម្ម នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្ដុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្នលើជនត្រូវចោទឈ្មោះ អ៊ុត ធី អាយុ៦៦ឆ្នាំ និងឈ្មោះ មួង ឃីម អាយុ៦១ឆ្នាំ ជាផ្លូវការ។
សំណុំរឿងលោក លី សាម៉េត ហៅ គ្រូមា មកដល់ពេលនេះជនជាប់ចោទត្រូវបានឃាត់ខ្លួនមានចំនួន៦នាក់ក្នុងនោះ តុលាការ បានចេញដីកាឃុំខ្លួនចំនួន៤នាក់ជាផ្លូវការ ហើយ អេស៊ីយូ ទើបនឹងចាប់ខ្លួនបានបន្ថែមទៀតនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំនួន២នាក់គឺលោក ឡាយ វិសិដ្ឋ អភិបាលរង ខែត្រពោធិសាត់ និងលោក កន សុខកាយ អតីតអភិបាល ស្រុកល្វាឯម ខែត្រកណ្ដាល។
នៅក្នុង សេចក្ដីប្រកាសព័ត៌មាន លេខ៥៩៨ សបព/២៤ អ្នកនាំពាក្យសាលាដំបូង រាជធានីភ្នំពេញ បានបញ្ជាក់ថា « នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណី ជំនួញឥទ្ធិពលសកម្ម ,ជំនួញឥទ្ធិពលអកម្ម និងសមគំនិតក្នុងបទ ជំនួញឥទ្ធិពលអកម្ម ដែលមានជនត្រូវចោទមានខ្លួនចំនួន២នាក់គឺ ១.ឈ្មោះ អ៊ុត ធី ភេទប្រុសអាយុ ៦៦ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលសកម្ម និង ២.ឈ្មោះ មួង ឃីម ភេទប្រុសអាយុ៦១ឆ្នាំ ត្រូវបាន ចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលអកម្ម ព្រមទាំងមានជនត្រូវចោទចំនួន២នាក់ទៀតគឺ១.ឈ្មោះ ដួង តារា ភេទប្រុស អាយុ៥៦ឆ្នាំ (កំពុងឃុំខ្លួននៅពន្ធនាគារ) ត្រូវបានចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលអកម្ម និង២.ឈ្មោះ លី សាម៉េត ភេទប្រុស អាយុ៧១ឆ្នាំ (កំពុងឃុំខ្លួននៅពន្ធនាគារ) ត្រូវបានចោទប្រកាន់ពីបទ សមគំនិតក្នុងបទ ជំនួញឥទ្ធិពលអកម្ម ប្រព្រឹត្តនៅ រាជធានីភ្នំពេញ និង ខែត្រកំពង់ឆ្នាំង កាលពីអំឡុង ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្ដន្ទាទោសតាម មាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ មាត្រា ៦០៦ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣២ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ »។
លោក លី សាម៉េត ហៅ គ្រូមា បុរសពូកែឡូឡា,លោក ដួង តារា បុរសប្រិមប្រិយ និងលោក មួង ឃីម បុរសព្រេចខ្ញាំ ត្រូវបានតុលាការ យកមាត្រា ៥៩៥ និងមាត្រា ៥៩៦ មកចោទគឺពួកគាត់ត្រូវមានទោសជាប់គុកក្នុងម្នាក់ៗ ចាប់ពី៥ឆ្នាំ ទៅ១០ឆ្នាំ។ ចំណែកលោកឧកញ៉ា អ៊ុត ធី វិញតុលាការបានយក មាត្រា ៦០៦ មកចោទត្រូវមានទោសជាប់គុក ពី២ឆ្នាំ ទៅ៥ឆ្នាំ។
គួរបញ្ជាក់ថា ទាក់ទិននឹងសំណុំរឿងលោក លី សាម៉េត ហៅ គ្រូមា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរង ខែត្រពោធិសាត់ ដែលបានយកលុយចំនួន៥៧ម៉ឺនដុល្លារ និងលោក កន សុខកាយ អតីតអភិបាល ស្រុកល្វាឯម ខែត្រកណ្ដាល ដែលបានយកលុយចំនួន៣០ម៉ឺនដុល្លារអាម៉េរិក ក្នុងករណីរត់ការចង់បានតំណែងថ្មីតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង មេបោកកម្រិត វីអាយភី កំពូលល្បិចកំពុងតែរត់គេចខ្លួន៕